រុស្ស៊ី​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​លើ​តំបន់ Odesa​

ក្រុង​សង្រ្គោះ​បន្ទាន់​ពន្លត់​ភ្លើង​នៅ​អគារ​មួយ​បន្ទាប់ពី​រុស្ស៊ីបានវាយប្រហារ​ក្រុង Odesa អ៊ុយក្រែន​កាលពីថ្ងៃទី​២០​ កក្កដា ឆ្នាំ២០២៣។

ក្រុម​មន្ត្រី​អ៊ុយក្រែននិយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កងកម្លាំង​រុស្ស៊ី បានវាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់លើ​តំបន់​ Odesa​ ភាគ​ខាង​ត្បូង​អ៊ុយក្រែន​កាល​ពី​យប់​មិញ​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​ម្នាក់​ដែរ។​ ​

អភិបាល​តំបន់ ​Odesa លោក ​Oleh Kiper​ បាន​និយាយ​ថា​ ​ការ​វាយប្រហារ​នោះ​ បាន​ធ្វើ​ឱ្យ​ខូចខាតអគារ​សន្តិសុខតូច​មួយ ខូច​ឧបករណ៍​មួយ​ចំនួន​នៅ​ស្ថានីយ៍​ផ្ទុក​ទំនិញ​ ​និង​ខូច​ឡាន​២​គ្រឿង។​ ​

លោក ​Kiper​ បន្តទៀត​ថា​ ការ​វាយប្រហារ​នោះ​ មាន​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​បាញ់​ចេញ​ពី​នាវាមុជ​ទឹកមួយ​គ្រឿងក្នុង​សមុទ្រ​ខ្មៅ។​ ​

កងកម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែននិយាយ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់គ្រាប់​មីស៊ីល​មួយ​ ក្នុង​ចំណោមគ្រាប់មីស៊ីល​២​គ្រាប់​ ដែល​រុស្ស៊ី​បាន​បាញ់​សំដៅ​តំបន់ ​Odesa ស្រប​ពេល​ដែល​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន ក៏​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន​៨​គ្រឿង​ ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​កាល​ពី​យប់​ផង​ដែរ។​ ​

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ ​Volodymyr Zelenskyy បាននិយាយ​លើ​បណ្តាញ​សង្គម​ថា​ លោក​បាន​ទៅពិនិត្យ​មើល​ទីក្រុង​ Dnipro ភាគ​អាគ្នេយ៍​អ៊ុយក្រែន​ ​ដើម្បី​ជួប​ប្រជុំ​ជា​មួយ​ក្រុម​មេបញ្ជា​ការ និងពិភាក្សា​ពីបញ្ហា​ផ្តល់​គ្រឿង​ផ្គត់ផ្គង់​ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាសផង​ដែរ។​

ការ​ទម្លាក់​គ្រាប់បែករបស់​រុស្ស៊ី​ បាន​ធ្វើ​ឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​លើ​តាំង​វប្បធម៌​នានា​របស់អ៊ុយក្រែន​ ក៏​ដូចជា​ការ​ផ្គត់ផ្គង់​គ្រាប់ធញ្ញជាតិ​ ដែល​អ៊ុយក្រែន​ធ្លាប់​នាំចេញ​ទៅ​កាន់​ប្រទេស​ក្រីក្រ​មួយ​ចំនួនក្នុង​ពេល​កន្លង​ទៅ។​

ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ដោយ​ការ​វាយប្រហារ​របស់​រុស្ស៊ី​ ត្រូវ​បាន​លើក​ឡើងនៅ​ក្នុង​កិច្ចប្រជុំ​ជាប់ៗ​គ្នា ​ស្តី​ពី​ប្រទេស​អ៊ុយក្រែន​ ដែល​មិន​ធ្លាប់មាន​ពី​មុនមក​ របស់ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាល​ពី​ថ្ងៃ​ពុធ​ កន្លង​ទៅ។​

យោង​ទៅ​លើ​អង្គការ​ UNESCO បាន​ឱ្យ​ដឹង​ថា​ ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​មក​ ទី​តាំង​វប្បធម៌​អ៊ុយក្រែន​យ៉ាង​តិចណាស់​ក៏​ចំនួន២៧៤​កន្លែង​ដែរ​ បាន​ទទួល​រង​ការខូចខាត ដែល​ក្នុង​នោះ​មាន​១១៧​កន្លែង​ ជា​កន្លែងគោរព​សាសនា​ផង​ដែរ៕​


ព័ត៌មាន​មួយ​ចំនួន​នៅក្នុង​របាយការណ៍​នេះ​បាន​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​AP, AFP និងReuters ។