ពួកមន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថាការវាយប្រហារតាមអាកាសខ្លាំងមួយរបស់រុស្ស៊ីដែលមានរួមមីស៊ីល៥៥គ្រឿងនិងដ្រូន២១គ្រឿងបានធ្វើឱ្យខូចខាតរោងចក្រអគ្គិសនីមួយនៅក្នុងតំបន់ Lviv នាប៉ែកខាងលិចប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុន DTEK ដែលជាក្រុមហ៊ុនអគ្គិសនីឯកជនធំបំផុតនៃប្រទេសអ៊ុយក្រែន បាននិយាយថាមីស៊ីលរុស្ស៊ីបានធ្វើឱ្យមាន«ការខូចខាតធ្ងន់ធ្ងរ»ដល់រោងចក្រអគ្គិសនី៣ក្នុងបណ្តារោងចក្រភ្លើង៦របស់ក្រុមហ៊ុននេះក្នុងប្រទេសអ៊ុយក្រែន។
អភិបាលតំបន់ Lviv លោក Maksym Kozytskyi បានថ្លែងតាម Telegram ថាមីស៊ីលរុស្ស៊ីបានបាញ់ចំរោងចក្រអគ្គិសនីក្នុងស្រុក Chervonohrad និងកន្លែងថាមពលសំខាន់មួយនៅក្នុងស្រុក Stryi។
គ្មានរបាយការណ៍អំពីមនុស្សស្លាប់ទេ។
លោក Andriy Rakovych អភិបាលតំបន់ Korovohrad នាផ្នែកកណ្តាលអ៊ុយក្រែន បានរាយការណ៍ថាមនុស្សម្នាក់បានត្រូវរបួសហើយផ្ទះ១៣ខ្នងត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារមួយដោយមីស៊ីលរុស្ស៊ី។
ពួកមន្ត្រីនៅ ក្រុងVinnytsia ក៏បានរាយការណ៍ដែរអំពីការវាយប្រហាររបស់រុស្ស៊ីលើកន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
កងទ័ពអាកាសអ៊ុយក្រែនបានថ្លែងថាក្រុមការពារដែនអាកាសរបស់ប្រទេសបានបាញ់ទម្លាក់មីស៊ីល៣៩គ្រឿងក្នុងចំណោម៥៥គ្រឿងនិងបាញ់ទម្លាក់ដ្រូន២០គ្រឿងក្នុងចំណោម២១គ្រឿង។
ការវាយប្រហារនេះមានឡើងមួយថ្ងៃក្រោយពួកអ្នកស៊ើបអង្កេតខាងប្រឆាំងនឹងចារកម្មអ៊ុយក្រែនបាននិយាយថាពួកគេបានបង្អាក់ផែនការមួយរបស់ពួកភ្នាក់ងាររុស្ស៊ីក្នុងការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់ឯទៀតៗ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងReuters។