ថ្នាក់​ដឹកនាំ​រុស្ស៊ី​អាច​ត្រូវ​កាត់ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ឈ្លានពាន

រូប​ឯកសារ៖ ប្រជាជន​អ៊ុយក្រែន​ប្រមូល​របស់របរ​របស់​ខ្លួន​ពី​ផ្ទះ​មួយ​ដែល​រងការ​ខូចខាត​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ក្រុង Vyshgorod ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេស​អ៊ុយក្រែន​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​បាន​បញ្ជាក់​ថា ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​គឺ​ជា​ឧក្រិដ្ឋកម្ម​ឈ្លានពាន ដែល​លក្ខន្តិកៈ​អង្គការ​សហប្រជាជាតិ​បាន​កំណត់​ថា​ជា​ការ​ប្រើប្រាស់​កង​កម្លាំងខុស​ច្បាប់ប្រឆាំង​នឹង​ប្រទេស​ណា​មួយ។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សភាព​អឺរ៉ុប បាន​និយាយ​ថា៖ «យើង​ស្នើ​បង្កើត​តុលាការ​ពិសេស​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ស៊ើប​អង្កេត​និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ឈ្លានពាន​របស់​រុស្ស៊ី»។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កំពុង​ស៊ើប​អង្កេត​រួច​ហើយ​អំពី​ការ​ចោទ​ប្រកាន់​ដែល​ថា​រុស្ស៊ី​បាន​ប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ឃុំឃាំង​តាមអំពើចិត្ត​និង​ការ​សម្លាប់​ជន​ស៊ីវិល ការ​ធ្វើ​ទារុណកម្ម ការ​ចាប់​រំលោភ និង​ការ​វាយ​ប្រហារ​សំដៅ​លើ​ហេដ្ឋារចនា សម្ពន្ធ​ស៊ីវិល​របស់​អ៊ុយក្រែន​ផង​ដែរ។

ប៉ុន្តែ ប្រទេស​រុស្ស៊ី​មិន​មែន​ជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​របស់​តុលាការ ICC នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី Frank Ledwidge ដែល​ជា​អ្នក​ស៊ើប​អង្កេត​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក Ledwidge និយាយ​ដូច្នេះ​ថា៖ «តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​យុត្តាធិការ​មួយ​ចំនួន ជា​ពិសេស​ទាក់ទិន​នឹង​រឿង​ឧក្រិដ្ឋកម្ម​ឈ្លានពាន»។

ជំហាន​ដំបូង​នៅ​ក្នុង​ការ​បង្កើត​តុលាការ​ពិសេស​មួយ​គឺ​ការ​ដាក់​ស្នើ​នូវ​សេចក្ដី​សម្រេច​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក Ledwidge ថ្លែង​ថា៖ «សេចក្ដី​សម្រេច​នោះ​នឹង​ត្រូវ​បោះឆ្នោត​វេតូ​ប្រឆាំង​ដោយ​ប្រទេស​រុស្ស៊ី​និង​ប្រហែល​ជា​ប្រទេស​ចិន​ផង​ដែរ ហើយ​វា​នឹង​ត្រូវ​បញ្ជូន​ទៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នឹង​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​នេះ ដោយ​ប្រហែល​ជា​គាំទ្រ​ក្នុង​សំឡេង​ភាគ​ច្រើន។ ដូច្នេះ តុលាការ​ថ្មី​មួយ ដែល​គេ​អាច​ហៅ​ថា «តុលាការ​បណ្ដោះ​អាសន្ន» នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ»។

ការ​ប្រមូល​ភ័ស្តុតាង​អាច​មាន​ភាព​ស្មុគស្មាញ​និង​ចំណាយ​ពេល​វេលា​យូរ។

លោក Ledwidge បញ្ជាក់​ដូច្នេះ​ថា៖ «ពួកគេ​ត្រូវ​បង្កើត​នូវ​សង្វាក់​ភ័ស្តុតាង​រវាង [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​កង​កម្លាំង​យោធា​របស់​លោក។ ករណី​នេះ​គឺ​ងាយស្រួល។ សម្រាប់​អ្នក​នៅ​ក្រោម​បង្គាប់​លោក Putin ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​នេះ ប្រហែលជា​ចាំបាច់​នឹង​ត្រូវ​មាន​ភ័ស្តុតាង​សម្ងាត់​ដែល​ត្រូវ​ទទួល​បាន ដូច្នេះកិច្ចព្រមព្រៀង​ដើម្បី​រៀបចំ​ភ័ស្តុតាង​នោះ​ ផ្តល់ជូន​តុលាការ​និង​រដ្ឋអាជ្ញា ​ត្រូវធ្វើដូចនៅ​យូហ្គោស្លាវីដែរ»។

ប្រទេស​រុស្ស៊ី​បាន​ទទូច​ថា តុលាការ​ណា​មួយ​ដែល​នឹង​ស៊ើប​អង្កេត​ការ​ឈ្លានពាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​គឺ​នឹង​ខ្វះ​ភាព​ស្រប​ច្បាប់។

លោក Ledwidge បាន​ជួយ​ប្រមូល​ភ័ស្តុតាង​នៅ​ក្នុង​អតីត​ប្រទេស​យូហ្គោស្លាវី​សម្រាប់ការ​កាត់ ទោស​លោក​អតីត​ប្រធានាធិបតី Slobodan Milosevic កាលពី​ឆ្នាំ ២០០១ ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក Ledwidge បាន​លើកឡើង​ថា៖ «ជា​ការពិត មេដឹកនាំ​ផ្ដាច់ការ​រុស្ស៊ី​នឹង​ឆ្លើយតប​ភ្លាមៗ​ដោយ​ចំអក​ចំពោះ​ការ​បង្កើត​តុលាការ​នេះ។ ករណី​ដូច​គ្នា​នេះ​ដែរ​ធ្លាប់​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​ករណី​លោក Milosevic។ ស្នាម​ញញឹម​នៅ​លើ​មុខ​របស់​លោក Milosevic និង​បក្ខពួក​របស់​លោក​ត្រូវ​បាន​បាត់បង់​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពេល​ពីរ​ឆ្នាំ​ក្រោយ​មក​នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ដួល​រលំ ហើយ​នៅ​ទីបំផុត​លោក​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ទីក្រុង​ឡាអេ។ តើ​ករណី​នេះ​នឹង​កើតឡើង​ឬ​ទេ​សម្រាប់​លោក Putin? យើង​នឹង​ចាំមើល»។

លើក​ចុងក្រោយ​បង្អស់​ដែល​តុលាការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម ​ឈ្លានពាន​គឺ​នៅ​ក្នុង​ឆ្នាំ ១៩៤៥ ក្នុង​អំឡុង​ពេល​ការ​កាត់ក្ដី​នៅ​តុលាការ​ក្រុង Nuremberg នៅ​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។

អ្នក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​តុលាការ​នេះ​ឡើង​បាន​និយាយ​ថា វា​សំខាន់​បំផុត​នៅ​ពេល​ឥឡូវ​នេះ​ដែល​រុស្ស៊ី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕