កងទ័ពរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដ៏សំខាន់មួយទៅលើរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុងកំពង់ផែ Mariupol ដែលរងការបំផ្លិចបំផ្លាញ និងធ្វើការវាយសង្គ្រប់ទៅលើទីកន្លែងផ្សេងៗទៀតនៅភាគខាងកើតអ៊ុយក្រែន ស្របពេលដែលសហភាពអឺរ៉ុបកំពុងចាត់វិធានការដាក់ទណ្ឌកម្មប្រេងលើរដ្ឋាភិបាលក្រុងមូស្គូនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងមូស្គូបានផ្តោតលើការវាយប្រហារថ្មីៗរបស់ខ្លួនទៅលើតំបន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន នៅក្នុងសង្គ្រាមរបស់ខ្លួនដែលបានចូលក្នុងខែទី៣ហើយនោះ ខណៈ ដែលសម្ពន្ធមិត្តលោកខាងលិចបានបន្តផ្តល់ប្រាក់និងអាវុធដល់រដ្ឋាភិបាលក្រុងកៀវនៅក្នុងការស្វះស្វែងបង្ខំឱ្យមេដឹកនាំរុស្ស៊ីលោក Vladimir Putin ដកកងទ័ពចេញពីអ៊ុយក្រែន។
នៅក្នុងការវាយប្រហារមួយនៃការវាយប្រហារជាបន្តបន្ទាប់កាលពីថ្ងៃអង្គារម្សិលមិញ ជនស៊ី វិល២១នាក់បានត្រូវសម្លាប់ ហើយ២៨នាក់ទៀតបានរងរបួសនៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ពួកអាជ្ញាធរមូលដ្ឋាន។
អភិបាលតំបន់លោក Pavlo Kyrylenko បាននិយាយថា អ្នកស្លាប់១០នាក់នៃក្នុងចំណោមអស់១២នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្តក់ទៅលើរោងចក្រផលិតភេសជ្ជៈ Coke Avdiivka ដែលជារោងចក្រដ៏ធំបង្អស់មួយនៅក្នុងតំបន់អឺរ៉ុប ដោយលោកបានហៅថា នេះជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមួយចាប់តាំងពីរុស្ស៊ីបានវាយប្រហារលើស្ថានីយរទេះភ្លើងនៅក្នុងទីក្រុងKramatorskកាលពីមួយខែមុន។
ក្នុងខណៈនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា មនុស្សជាង១៥០នាក់បានត្រូវដឹកចេញដោយជោគជ័យនៅក្នុងកិច្ចប្រតិបត្តិការជម្លៀសចេញពីទីក្រុងMariupol។
ទីប្រឹក្សាអភិបាលក្រុង Mariupol បាននិយាយថា ការបន្តជម្លៀសមនុស្សចេញពីទីក្រុងបានត្រូវធ្វើឡើងនៅថ្ងៃពុធនេះដោយមានការជួយពីអង្គការសហប្រជាជាតិនិងកាកបាទក្រហមផងដែរ។
ក៏ប៉ុន្តែ លោក Osnat Lubrani អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ុយក្រែនបានព្រមានថា «អាចនៅមានជនស៊ីវិលជាច្រើននាក់ទៀតកំពុងជាប់នៅក្នុងទីក្រុងនោះ»នៅក្នុងច្រកផ្លូវក្រោមដីនៃរោងចក្រដែកថែប Azovstal។
នៅពេលដែលរុស្ស៊ីបន្តយុទ្ធនាការនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនកាន់តែខ្លាំងឡើង ពួកមន្ត្រីសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារម្សិលមិញ បានចែកចាយនូវផែនការព្រាងមួយដល់រដ្ឋជាសមាជិក ស្តីពីកម្មវិធីថ្មីនៃការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងមូស្គូ៕