រុស្ស៊ី​​​វាយប្រហារ​​តំបន់​កៀវ​និង​​ ទីក្រុង​ Odesa ដោយប្រើ​យន្តហោះដ្រូន​​

ការ​ខូចខាត​បន្ទាប់ពី​ការវាយប្រហារ​ដោយដ្រូន​រុស្ស៊ី​ក្នុង​តំបន់ Kyiv

មន្ត្រី​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កងកម្លាំង​រុស្ស៊ី​ បាន​វាយប្រហារតំបន់កៀវ​ ​និង​ ទីក្រុង ​Odesa ​ដែល​ស្ថិត​ភាគខាត្បូងប្រទេស​អ៊ុយក្រែន ដោយ​ប្រើប្រាស់​យន្តហោះដ្រូន Shahed ដែល​ផលិត​ក្នុង​ប្រទេស​អ៊ីរ៉ង់។​ ​

កងយោធា​អ៊ុយក្រែននិយាយ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះដ្រូន​សរុប​ទាំង​អស់​២៦​គ្រឿង​ ​របស់​រុស្ស៊ី​ ដែល​ធ្វើ​ការ​វាយប្រហារនោះ។​ ​

មន្ត្រី​អ៊ុយក្រែន​ក្នុង​តំបន់​កៀវ​និយាយ​ថា​ ​បំណែក​បាក់បែក​របស់យន្តហោះ ដ្រូន​ដែល​ត្រូវបាញ់​ទម្លាក់នោះ​ ​បាន​ធ្វើ​ឱ្យ​ខូច​ខាតអគារ​លំនៅដ្ឋាន​មួយ​ចំនួន​។​

នៅ​ក្នុង​តំបន់ Odesa ​អភិបាល​តំបន់​លោក Oleg Kiper ​និយាយ​ថា​ យន្តហោះដ្រូនចំនួន​២​គ្រឿង​ ​បាន​បុកចំអគាររដ្ឋបាលមួយ​កន្លែង នៅ​ទីតាំង​កំពង់ផែ​ ​ហើយ​បំណែក​បាក់​បែកនៃ​យន្តហោះដ្រូន​ ដែល​ត្រូវ​បាញ់​ទម្លាក់​ពី​លើ​អាកាស​នោះ​ ​បាន​ធ្វើ​ឱ្យ​ឆេះ​ស្ថានីយ៍​ដឹកជញ្ជូន​គ្រាប់ធញ្ញជាតិ​នៅ​ក្នុង​កំពង់​ផែ​ និង​ស្ថានីយ៍​មួយ​ទៀត​ដែល​នៅក្បែរ​នោះ។ ​

​ទីក្រុង ​Odesa ជា​កំពង់​ផែ​ដ៏​សំខាន់​ ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើមនៃការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិនៅ​សមុទ្រ​ខ្មៅ​ ដែល​ជា​កិច្ចព្រមព្រៀង​មួយ ត្រូវ​បាន​សម្របសម្រួលឡើង​ ដោយ​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​តួកគី​ ​ដែល​អនុញ្ញាតឱ្យ​មាន​ការ​នាំចេញគ្រាប់ធញ្ញជាតិ​ដ៏​សំខាន់​ ​ពី​បណ្តា​កំពង់​ផែ​នានា​របស់​អ៊ុយក្រែន​ ដែល​ត្រូវ​បាន​រាំងស្ទះ​ដោយ​សារការ​ឈ្លានពាន​របស់​រុស្ស៊ី​ នៅ​ក្នុង​ប្រទេសនេះ។​ ​

អគ្គលេខា​អង្គការ​អូតង់ ​លោក​ Jens Stoltenberg ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រុម​សម្ព័ន្ធមិត្ត​ ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ដើម្បីផ្តល់​គ្រាប់រំសេវដល់​កងកម្លាំង​អ៊ុយក្រែន ដែល​កំពុង​មាន​ការ​ខ្វះខាត ហើយ​វា​ស្រេច​តែ​ទៅ​លើ​ប្រទេស​និមួយៗ​ ក្នុង​ការសម្រេចថា​ តើ​ត្រូវ​ផ្តល់​គ្រាប់​រំសេវ​ប្រភេទ​ណា​ទៅ​ឱ្យ​អ៊ុយក្រែន។ ​

ការ​លើក​ឡើង​របស់​លោក Stoltenberg ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​អំពីផែនការ​ ដែល​សហរដ្ឋ​អាមេរិក​ ​គ្រោង​នឹង​ផ្តល់​គ្រាប់បែក​ចង្កោម​ទៅ​ឱ្យ​អ៊ុយក្រែន​ ដែលការ​ប្រើប្រាស់​គ្រាប់បែក​ប្រភេទ​នេះ​ ត្រូវ​បាន​បាន​ហាមប្រាម​ដោយ​ប្រទេស​ជាង​១០០​នៅ​លើ​ពិភពលោក ​ដោយ​សារ​តែវា​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជនស៊ីវិល​ នៅក្នុង​អំឡុង​ពេលនៃ​ការ​ប្រយុទ្ធគ្នា​ ក៏​ដូច​ជា​ពេល​ក្រោយ​សង្គ្រាមបញ្ចប់​ផង​ដែរ។​ ​

លោក ​Stoltenberg ​និយាយ​ថា​ គ្រាប់បែក​ចង្កោម​នេះ​ ត្រូវ​បាន​រុស្ស៊ី​ប្រើប្រាស់​ ចាប់តាំង​ពីរុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២​មក ប៉ុន្តែ​វា​មាន​ការ​ខុស​គ្នា​រវាង​កងកម្លាំង​រុស្ស៊ី​ដែល​ប្រើប្រាស់​គ្រាប់​ប្រភេទ​នេះ​ ក្នុង​ការ​ឈ្លានពាន​ប្រទេសដែល​មាន​អធិបតេយ្យ​ភាព​មួយ និង​ការ​ប្រើប្រាស់​របស់​អ៊ុយក្រែន​ ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​៕ ​ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។