ក្រុមអ្នកប្រឆាំងបានធ្វើបាតុកម្មដ៏ធំមួយនៅក្នុងទីក្រុង មូស្គូ កាលពីថ្ងៃទី២០ខែកក្កដាហើយបានរៀបចំបាតុកម្មមួយទៀតកាលពីថ្ងៃសៅរ៍ ទី២៧ខែកក្កដាកន្លងទៅនេះដើម្បីតវ៉ាប្រឆាំងនឹងការដកចេញនូវបេក្ខជនឯករាជ្យចំនួន៣០រូបមិនឲ្យឈរឈ្មោះបោះឆ្នោត។
មន្រ្តីរៀបចំការបោះឆ្នោតបានឲ្យដឹងថា បេក្ខជនដែលត្រូវបានគេដកឈ្មោះចេញមិនអាចរកហត្ថលេខាពិតប្រាកដពីអ្នកបោះឆ្នោតឲ្យបានគ្រប់គ្រាន់ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែបញ្ជីឈ្មោះបេក្ខជនដែលមានសិទ្ធិឈរឈ្មោះមិនទទួលបានការរិះគន់អ្វីមួយពីរដ្ឋាភិបាលវិមានក្រឹមឡាំងនោះទេ។
លោក Alexander Polovinkin ដែលជានិស្សិតមួយរូបបាននិយាយថា៖
«ពួកយើងខឹងពីភាពគ្មានច្បាប់ត្រឹមត្រូវ។ រដ្ឋាភិបាលកំពុងហាមឃាត់បេក្ខជនឯករាជ្យ។ វាមិនអាចទៅរួចនោះទេដែលថា បេក្ខជន៣០រូបក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងនោះមានបញ្ហាពាក់ព័ន្ធជាមួយហត្ថលេខាពីអ្នកដែលគាំទ្រពួកគេ»។
លោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងកំពូលរបស់រុស្ស៊ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធក្នុងការព្យាយាមមួយដើម្បីរារាំងកុំឲ្យមានការធ្វើបាតុកម្មនៅពេលខាងមុខ។ ការចាប់ខ្លួនរបស់លោកបានកើតឡើងបន្ទាប់ពីមានការរុករើលំនៅដ្ឋានរបស់បេក្ខជនគណបក្សប្រឆាំងនានាជាបន្តបន្ទាប់។ ការរុករើនេះជាប់ទាក់ទងទៅនឹងបាតុកម្មនាពេលថ្មីៗនេះនៅខាងក្រៅការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតនិងការគំរាមគំហែងប្រើអំពើហិង្សាទៅលើមន្ត្រីរៀបចំការបោះឆ្នោត។
បេក្ខជន៨រូបត្រូវបានកោះហៅដើម្បីធ្វើការសាកសួរកាលពីថ្ងៃសប្តាហ៍មុន។
លោក Ilya Yashin បេក្ខជនគណបក្សប្រឆាំងមួយរូបនិយាយថា៖
«នេះគឺជាការប៉ុនប៉ងដើម្បីបំភ័យពួកយើង។ នេះគឺជាការប៉ុនប៉ងដើម្បីរឹតត្បិតសិទ្ធិបោះឆ្នោតរបស់ពួកយើងដោយបំបែកពួកយើងជាពីរ។ ពួកយើងមិនអាចទទួលយករឿងនេះទេ»។
អ្នកស្រី Ella Pamfilova ប្រធានគណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត បានប្រាប់ទៅបេក្ខជនដែលត្រូវបានគេដកសិទ្ធិឈរឈ្មោះបោះឆ្នោតថា ការប្រឆាំងតវ៉ានៅតាមផ្លូវនឹងមិនធ្វើឲ្យមានភាពខុសគ្នាអ្វីនោះទេ។
អ្នកស្រី Ella Pamfilova បានមានប្រសាសន៍ថា៖
«វាមើលទៅហាក់បីដូចជាមិនមានភាពយុត្តិធម៌ ប៉ុន្តែនៅក្រោមច្បាប់នាពេលបច្ចុប្បន្ននេះ វាមិនអាចទៅរួចនោះទេក្នុងការចុះឈ្មោះមនុស្សគ្រប់គ្នាឲ្យឈរឈ្មោះបោះឆ្នោត»។
អ្នកស្រី Lyubov Sobol ដែលជាមេធាវីប្រឆាំងនឹងអំពើពុករលួយនិងជាបេក្ខជនម្នាក់នៃបេក្ខជនដែលត្រូវបានគេដកឈ្មោះចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតបានឆ្លើយតបថា បាតុកម្មប្រឆាំងនេះគឺជាជម្រើសតែមួយគត់ដែលក្រុមប្រឆាំងមាន។
អ្នកស្រី Lyubov Sobol បាននិយាយបន្តទៀតថា៖
«ពួកយើងត្រៀមរួចរាល់ដើម្បីប្រយុទ្ធតស៊ូជាមួយនឹងកម្មវិធីនយោបាយនិងគំនិតរបស់ពួកយើងក្នុងការបោះឆ្នោតនេះពីព្រោះនេះគឺជានីតិវិធី។ ប៉ុន្តែពួកយើងមិនត្រូវបានអនុញ្ញាតឲ្យធ្វើវានោះទេ។ ឈ្មោះរបស់ពួកយើងមិនត្រូវបានអនុញ្ញាតឲ្យមាននៅលើសន្លឹកឆ្នោតហើយវាអាក្រក់ណាស់ដែលថា អ្នករស់នៅក្នុងទីក្រុង មូស្គូ ឥឡូវមិនមានជម្រើសអ្វីក្រៅពីការតវ៉ាទាមទារសិទ្ធិរបស់ពួកគេនៅតាមដងផ្លូវ»។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើនបានពិពណ៌នាពីដំណើរការផ្ទៀងផ្ទាត់ហត្ថលេខាថាមិនមានតម្លាភាពនិងបានជំរុញឲ្យអាជ្ញាធររៀបចំការបោះឆ្នោតរបស់រដ្ឋាភិបាលក្រុង មូស្គូ អនុញ្ញាតឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ដែលបានប្រមូលចំនួនហត្ថលេខាដែលបានកំណត់នោះ ចូលរួមក្នុងការបោះឆ្នោត បើមិនដូច្នេះទេពួកគេនឹងប្រឈមមុខនឹងការបាក់បែករវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ៕
ប្រែសម្រួលដោយ លី វួចនា