មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរុស្ស៊ីបានវាយប្រហារតាមអាកាសលើតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅយប់ទីពីរជាប់ៗគ្នា ហើយស្របពេលនោះដែរសំដៅវាយប្រហារលើរដ្ឋធានីកៀវនិងតំបន់ផ្សេងៗទៀត។
លោក Oleh Kiper អភិបាលតំបន់ Odesa បានហៅការវាយប្រហារនេះថាមានលក្ខណៈ «ខ្លាំងក្លា» និងបានជំរុញប្រជាពលរដ្ឋឱ្យស្នាក់នៅជម្រកការពារបណ្ដោះអាសន្ន។
កងទ័ពជើងអាកាសអ៊ុយក្រែនបានបញ្ជាក់ថា យោធាអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន Shahed ផលិតនៅអ៊ីរ៉ង់ចំនួន ២៣ គ្រឿងក្នុងចំណោម ៣២ គ្រឿង និងមីស៊ីលស្វ័យនាំផ្លូវ ១៤ គ្រឿងដែលរុស្ស៊ីបានបាញ់ចូលមក។
លោក Serhii Popko ប្រធានរដ្ឋបាលយោធារដ្ឋធានីកៀវ បានបញ្ជាក់តាម Telegram ថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនទាំងអស់ដែលបាញ់សំដៅទីក្រុងកៀវ និងថាមិនមានសេចក្ដីរាយការណ៍ណាមួយភ្លាមៗថាមានការខូចខាតណាមួយកើតឡើងនោះទេ។
បន្ទាប់ពីយប់ដំបូងនៃការវាយប្រហារតាមផ្លូវអាកាសដែលប៉ះចំតំបន់ Odesa និងទីក្រុង Mykolaiv ដែលនៅក្បែរនោះមក រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនធ្វើនេះគឺដើម្បីសងសឹកនឹងការវាយប្រហារកាលពីថ្ងៃចន្ទដែលបានបំផ្លាញស្ពានសំខាន់មួយខ្សែដែលខ្លួនបានប្រើសម្រាប់ផ្គត់ផ្គង់យោធារបស់ខ្លួននៅក្នុងឧបទ្វីប Crimea។
អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីនៅទីនោះបាននិយាយនៅថ្ងៃពុធនេះថា មនុស្សជាង ២.០០០ នាក់ត្រូវបានជម្លៀស បន្ទាប់ពីមានអគ្គិភ័យកើតឡើងនៅមូលដ្ឋានហ្វឹកហាត់យោធាក្នុងស្រុក Kirovsky។ អាជ្ញាធរមិនបានបញ្ជាក់ជាក់លាក់អំពីមូលហេតុនៃអគ្គិភ័យនេះទេ។
លោកនាយឧត្តមសេនីយ៍ Mark Milley ដែលជាប្រធានក្រុមនាយសេនាធិការកងទ័ពសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាននៅក្រសួងការពារជាតិអាមេរិកថា វាហាក់ដូចជាឆាប់ពេកនៅក្នុងការវិនិច្ឆ័យលើលទ្ធផលនៃការវាយបកយឺតៗទៅវិញរបស់កងទ័ពអ៊ុយក្រែនលើបន្ទាយការពាររបស់រុស្ស៊ីនៅតំបន់ភាគខាងកើតនិងភាគខាងត្បូងប្រទេសអ៊ុយក្រែន។
កន្លងមក អ្នកវិភាគសង្គ្រាមបាននិយាយថា អ៊ុយក្រែនបានដណ្ដើមកាន់កាប់មកវិញនូវទឹកដីប្រហែល ២៥០ គីឡូម៉ែត្រការ៉េតាំងពីដើមខែមិថុនាមក ប៉ុន្តែរុស្ស៊ីនៅរក្សាការគ្រប់គ្រងលើទឹកដីជាច្រើន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។