ប្រទេសអ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានវាយប្រហារកាលពីយប់មិញ ដោយប្រើដ្រូនចំនួន២៣គ្រឿង និងបានបាញ់សំដៅលើទីក្រុង Dnipro នៅភាគខាងកើតអ៊ុយក្រែន ដោយមន្ត្រីអ៊ុយក្រែនរាយការណ៍ថា មានរោងចក្រថាមពលអគ្គិសនីមួយកន្លែងបានខូចខាត។
អភិបាលក្រុង Dnipro លោក Borys Filatov និយាយក្នុងសារបង្ហោះលើប្រព័ន្ធតេឡេក្រាមថា ហេដ្ឋារចនាសម្ព័ន្ធបានរងការវាយប្រហារ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីអ្វីដែលរងការវាយប្រហារ ឬកម្រិតនៃការខូចខាតនោះឡើយ។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលឯកជន DTEK និយាយលើតេឡេក្រាមថា ទីតាំងរោងចក្រថាមពលអគ្គិសនីមួយកន្លែងរបស់ខ្លួន បានរងការខូចខាតយ៉ាងខ្លាំងដោយការវាយប្រហាររបស់រុស្ស៊ីនេះ ដោយតម្រូវឱ្យរោងចក្រត្រូវផ្អាកការផលិតអគ្គិសនីមួយរយៈ។ ក្រុមហ៊ុននេះនិយាយថា មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
អភិបាលតំបន់ Dnipro លោក Serhiy Lysak និយាយថា រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំលើតំបន់នេះ ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន ១០ គ្រឿងក្នុងតំបន់ Dnipro។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ជាសរុប ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន ១៦ ក្នុងចំណោម ២៣ គ្រឿង ដោយដ្រូនរុស្ស៊ីមួយចំនួនទៀត ត្រូវបានបាញ់ស្កាត់ក្នុងតំបន់ Kherson និងតំបន់ Zaporizhzhia។
ទន្ទឹមនឹងនេះដែរ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតនៅព្រឹកថ្ងៃអង្គារនេះ លើកញ្ចប់ជំនួយ ថវិកាចំនួន ៩៥ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ ដោយមានសំឡេងគាំទ្រ ៧០ ទល់នឹងសំឡេងប្រឆាំង ២៩ ប៉ុន្តែនឹងត្រូវរងការប្រឆាំងខ្លាំងនៅក្នុងរដ្ឋសភាអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។
កញ្ចប់ថវិកាជំនួយនេះនេះមានទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ១៤ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ីស្រាអែល និងទឹកប្រាក់ជិត ៥ ពាន់លានដុល្លារសម្រាប់គាំទ្រដៃគូនានាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានកោះតៃវ៉ាន់ និងជំនួយផ្សេងៗទៀត៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។