កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារលើទីតាំងជាច្រើនកន្លែងរបស់ប្រទេសអ៊ុយក្រែនដោយក្នុងនោះមានគោលដៅសំដៅលើរោងចក្រថាមពលផងដែរ។
លោក Kyrylo Tymoshenko អនុប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា រោងចក្រផ្គត់ផ្គង់ថាមពលមួយកន្លែងក្នុងរដ្ឋធានីកៀវបានរងការវាយប្រហារចំនួន ៣ លើក។
អភិបាលរដ្ឋធានីកៀវលោក Vitali Klitschko បានបញ្ជាក់ថា ការផ្ទុះជាច្រើនត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងផ្នែកខាងជើងនៃរដ្ឋធានីកៀវ ដែលនៅទីនោះ «អគារហេដ្ឋារចនាសម្ព័ន្ធសំខាន់» មួយបានរងការវាយប្រហារ។
លោក Tymoshenkoបានលើកឡើងថា ការវាយប្រហារតាមអាកាស ២ លើកបានបណ្តាលឱ្យមាន «ការខូចខាតយ៉ាងដំណំ» ដល់រោងចក្រថាមពលមួយកន្លែងនៅក្នុងទីក្រុង Dnipro។
អភិបាលក្រុង Zhytomyr បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសលើទីក្រុង Zhytomyr បានកាត់ ផ្ដាច់សេវាទឹកនិងអគ្គិសនីនៅក្នុងទីក្រុងនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយថា រុស្ស៊ីបានដៅការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះជាអ្វីដែលលោកបានហៅថាជា «ការវាយប្រហារភេរវកម្មរបស់រុស្ស៊ី»។
លោក Zelenskyy បានសរសេរនៅលើ Twitter ដូច្នេះថា៖ «ចាប់តាំងពីថ្ងៃទី ១០ ខែតុលាមក ស្ថានីយថាមពលរបស់អ៊ុយក្រែនចំនួន ៣០% ត្រូវបានបំផ្លាញ ដោយធ្វើឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើននៅទូទាំងប្រទេស។ [ឥឡូវនេះ] គ្មានលំហណានៅសេសសល់នោះទេសម្រាប់ការចរចាជាមួយរបបដឹកនាំរបស់ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin»។
ការវាយប្រហាររបស់រុស្ស៊ីទាំងនេះបានធ្វើឡើង បន្ទាប់ពីរុស្ស៊ីបានវាយប្រហារដ៏ប្រល័យជាបន្តបន្ទាប់ដោយប្រើដ្រូនផ្ទុកគ្រឿងផ្ទុះជាច្រើនលើរដ្ឋធានីកៀវកាលពីថ្ងៃចន្ទ ដែលករណីនេះបានជំរុញឱ្យលោក Zelenskyy និងថ្នាក់ដឹកនាំអ៊ុយក្រែនផ្សេងទៀតអំពាវនាវសារជាថ្មីដល់សម្ព័ន្ធមិត្តឱ្យផ្តល់សព្វាវុធការពារដែនអាកាសដល់អ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។