ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​លើក​ហេតុ​ផល​ខាង​ក្រៅ​ចំពោះ​ការធ្លាក់​យន្ត​ហោះ​នៅ​អេហ្ស៊ីប

បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Metrojet ដែល​​បាន​ធ្លាក់​នៅ​ប្រទេស​អេហ្ស៊ីប​ នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៥។​

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Metrojet របស់​ប្រទេស​រុស្ស៊ី​ដែល​យន្តហោះ​ធុន Airbus ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ខ្លួន​បាន​ធ្លាក់​ក្នុង​ប្រទេស​អេហ្ស៊ីប​ បាន​បដិសេធ​អំពី​បញ្ហា​បច្ចេកទេស​ឬ​កំហុស​មនុស្ស​ ហើយ​បាន​បន្ទោស​លើ​ហេតុផល​ «ពី​ខាង​ក្រៅ» ដែល​បាន​បណ្តាល​ឱ្យ​មាន​មហន្តរាយ​នេះ​ ដែល​បាន​នាំ​ឱ្យ​មនុស្ស​ទាំងអស់​២២៤នាក់​ជិះ​នៅ​ក្នុងនោះ​ស្លាប់​ទាំង​អស់​។

លោក Alexander Smirnov នាយក​រង​ផ្នែក​អាកាសចរណ៍​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ «គ្មាន​បញ្ហា​ខាង​បច្ចេកទស​ដែល​អាច​នាំ​ឱ្យ​យន្តហោះ​នេះ​បាក់​បែក​ក្នុង​អាកាស​ទេ។»

លោក​ Sminov បាន​និយាយ​ប្រាប់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ ដែល​មាន​មនុស្ស​ច្រើន​នាក់​ចូល​ស្តាប់​នៅ​ក្នុង​ក្រុង​ម៉ូស្គូ​ថា​ «យន្តហោះ​នេះ​មិន​បាន​ហោះ​ទេ​ វា​បាន​ធ្លាក់។​ ក្រុម​អាកាសយានិក​បានបាត់​ការ​ត្រួតត្រា​ស្ថានភាព​ទាំង​ស្រុង​ហើយ​ដោយសារ​ហេតុនេះ​ហើយ ​បាន​ជា​គ្មាន​ការ​ប៉ុនប៉ង​ណា​មួយ​ដើម្បី​ធ្វើ​ការ​ទាក់ទង​និង​រាយការណ៍​អំពី​ស្ថានភាព​គ្រោះថ្នាក់​នៅ​លើ​យន្តហោះ​នេះ​ទេ។»

លោក​ Smirnov បាន​និយាយ​ថា​ យន្តហោះ​ជួល​នៃ​ក្រុមហ៊ុន Metrojet នេះ​ «មាន​ការ​ខូចខាត​ក្រាស់​ក្រែល​នៅ​លើ​តួ​របស់​វា ​ដែល​មិន​អាច​ឱ្យ​វា​បន្ត​ការ​ហោះហើរ​បាន​ទេ៕»