ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះអំពីការកងទ័ពចេញពីកោះពស់របស់អ៊ុយក្រែន។ រុស្ស៊ីបានប្រើប្រាស់កោះនៅសមុទ្រខ្មៅ (Black Sea) នេះ ក្បែរទីក្រុងកំពង់ផែ Odesa ធ្វើជាទីតាំងឈរជើង បន្ទាប់ពីដណ្តើមបាននៅដំណាក់កាលដំបូងនៃសង្រ្គាម ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។
ការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងទីតាំងរបស់រុស្ស៊ីនៅលើកោះនេះ។
រុស្ស៊ីបាននិយាយថា ចំណាត់ការរបស់ខ្លួនគឺជា«កាយវិការសុច្ឆន្ទៈ» ហើយបង្ហាញថា ខ្លួនមិនជ្រៀតជ្រែកកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតច្រករបៀងសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះទេ។ លោក Andriy Yermak ប្រធានការិយាល័យរបស់លោក Volodymyr Zelenskiyy ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ពីការដកកងកម្លាំងរុស្ស៊ីចេញពីកោះនេះ។ លោកបាននិយាយតាម Twitter ថា៖ «គ្មានកងទ័ពរុស្ស៊ីនៅលើកោះពស់ទៀតទេ។ កងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើការងារដ៏អស្ចារ្យ»។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ចក្រភពអង់គ្លេសបានប្រកាសផ្តល់ជំនួយចំនួន១.០០០លានដុល្លារទៀតសម្រាប់អ៊ុយក្រែន។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា ប្រាក់នេះសម្រាប់ប្រព័ន្ធការពារដែនអាកាស យានអាកាសគ្មានមនុស្សបើក និងឧបករណ៍សំខាន់ៗសម្រាប់កងទ័ពអ៊ុយក្រែន។
ការិយាល័យនាយករដ្ឋមន្ត្រីនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ជំនួយនេះជាជំហានដំបូងក្នុងការធ្វើឱ្យអ៊ុយក្រែនពង្រីកប្រព័ន្ធការពារដ៏អង់អាចប្រឆាំងការឈ្លានពានរបស់រុស្ស៊ីដោយខុសច្បាប់ ដើម្បីធ្វើប្រតិបត្តិការវាយលុកប្រឆាំងកងទ័ពជើងគោករុស្ស៊ី និងដើម្បីស្ដារអធិបតេយ្យភាពអ៊ុយក្រែនឡើងវិញ»។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកមានអំណរគុណចំពោះជំនួយផ្នែកសន្តិសុខ ដោយហៅប្រទេសអង់គ្លេសថា ជា«មិត្តពិត និងជាដៃគូយុទ្ធសាស្ត្រ»។ លោក Zelenskyy បានសរសេរតាម Twitter ថា៖ «យើងកោតសរសើរការគាំទ្រ ភាពជាអ្នកដឹកនាំដែលមិនឈប់ឈរសម្រាប់អ៊ុយក្រែងប្រឆាំងការឈ្លានពានរបស់រុស្ស៊ី»។
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters