អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង៖ រុស្ស៊ី​នឹង​បញ្ឈប់​ប្រតិបត្តិការ​យោធា​«ភ្លាមៗ» ប្រសិន​បើ​អ៊ុយក្រែន​ព្រម​តាម​លក្ខខណ្ឌ​ចរចា

  • Reuters

រូបឯកសារ៖ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov ស្ថិត​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ​របស់​រុស្ស៊ី ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ (AP Photo/Alexander Zemlianichenko)

រុស្ស៊ី​បាន​ប្រាប់​អ៊ុយក្រែន​ថា ខ្លួន​ត្រៀម​រួចរាល់​ហើយ ដើម្បី​បញ្ឈប់​ប្រតិបត្តិការ​យោធា​ភ្លាមៗ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​កៀវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំងដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ និង​ត្រូវបាន​រាយការណ៍​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

លោក Dmitry Peskovកាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​បាន​ថ្លែង​ថា ក្រុង​មូស្គូ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​បញ្ឈប់​សកម្មភាព​យោធា កែប្រែរដ្ឋធម្មនុញ្ញ​ដោយ​បញ្ចូល​ការ​ចែង​អំពីអព្យាក្រឹតភាព​ ទទួល​ស្គាល់​តំបន់ Crimea ​ជា​ដែនដី​របស់​រុស្ស៊ី និង​ទទួល​ស្គាល់​សាធារណរដ្ឋ Donetsk និង Lugansk ដែល​ជា​តំបន់​ផ្តាច់ខ្លួន ថា​ជា​រដ្ឋ​ឯករាជ្យ។

នេះ​ជា​សេចក្តីថ្លែងការណ៍​ដែល​មាន​ចែង​ពី​លក្ខខណ្ឌ​ដ៏​ច្បាស់លាស់បំផុត ដែល​រុស្ស៊ី​ចង់​ដាក់​លើ​អ៊ុយក្រែន ដើម្បី​បញ្ឈប់​នូវ​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ជា​«ប្រតិបត្តិការ​យោធា​ពិសេស» ដែល​បាន​ឈាន​ដល់​ថ្ងៃ​ទី១២​ហើយ​នោះ។

លោក Peskovបាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅក្នុង​បទសម្ភាសន៍​តាម​ទូរសព្ទ​មួយ​ថា អ៊ុយក្រែន​បាន​ដឹង​ពី​លក្ខខណ្ឌ​ទាំង​នេះ ហើយ​ពួកគេ​ក៏​បាន​ដឹង​ដែរ​ថា ប្រតិបត្តិការ​យោធា​នេះ​នឹង​អាច​បញ្ឈប់​ភ្លាមៗ​បាន»។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​ភាគី​អ៊ុយក្រែន​នៅ​ឡើយ​ទេ។

រុស្ស៊ី​បាន​វាយប្រហារ​លើ​អ៊ុយក្រែន​ពី​ភាគខាងជើង ខាងកើត និង​ខាងត្បូង ដោយ​បំផ្លិចបំផ្លាញ​ទីក្រុង​ជាច្រើន រួម​ទាំង​ទីក្រុងកៀវ ទីក្រុង Kharkiv និង​កំពង់ផែ Mariupol ផងដែរ។ ការ​ឈ្លានពាន​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី២៤ ខែកុម្ភៈ​មក បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​អាក្រក់​បំផុត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២មក បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​នៅ​ទូទាំង​ពិភពលោក និង​បណ្តាល​ឲ្យ​មាន​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​រូប​នេះ​បាន​អះអាង​ថា រុស្ស៊ី​គ្មាន​បំណង​ទាមទារ​យក​ដែន​អធិបតេយ្យ​ណា​មួយ​ពី​អ៊ុយក្រែន​ទេ និង​បាន​និយាយ​ទៀត​ថា​ វា​«មិន​មែន​ជា​ការ​ពិត​ទេ» ដែល​ថា​ខ្លួន​កំពុង​ដណ្តើម​យក​ទីក្រុង​កៀវ​នោះ។

លោក Peskovបាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «យើង​ពិត​ជា​កំពុង​បញ្ចប់​ដំណើរការ​ដកចេញរចនាសម្ព័ន្ធយោធា​ក្នុង​ប្រទេស​អ៊ុយក្រែន។ យើង​នឹង​បញ្ចប់​វា។ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​អ៊ុយក្រែន​ត្រូវ​បញ្ឈប់​សកម្មភាព​យោធា​របស់​ខ្លួន។ ពួកគេ​គួរ​តែ​បញ្ឈប់​សកម្មភាព​យោធា​របស់​ពួកគេ ហើយ​បន្ទាប់​ពី​នោះ​នឹង​គ្មាន​ការ​បាញ់​ទៀត​ទេ»៕

ប្រែសម្រួល​ដោយ អ្នកស្រី ស៊ូ ពេជ្រចិន្តា