រុស្ស៊ី​ចង់​ឲ្យ​ស៊ីរី​រៀបចំ​ការ​បោះឆ្នោត ​ហើយ​ខ្លួន​នឹង​ជួយ​ដល់​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​បស្ចឹម​ប្រទេស

អ្នក​ការ​ទូត​កំពូល​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ក្រុង​វីយែន (Vienna) កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​ រួម​មាន (ពី​ឆ្វេង) លោក Feridun Sinirlioglu លោក John Kerry លោក Adel al-Jubeir និង​លោក Sergei Lavrov។

ប្រទេស​រុស្សី​បាន​សម្តែង​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ស៊ីរី​ហើយ​និយាយ​ថា​ខ្លួន​ប្រុងប្រៀប​ជួយ​ពួក​ឧទ្ទាម​នៃ​កងទ័ព​ស៊ីរី​សេរី​ដែល​គាំទ្រដោយ​ក្រុម​បស្ចឹម​ប្រទេស។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្សី​ Sergei Lavrov បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​ចង់​ឱ្យ​ប្រទេស​ស៊ីរី​ប្រុងប្រៀប​សម្រាប់​ការ​បោះឆ្នោត​សភា​ និង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហើយ​លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​លោក​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ ប្រសិន​បើ​ជា​ការ​ចាំបាច់​ដើម្បី​ជំរុញ​ដំណើរការ​នេះ​ឱ្យ​ទៅ​មុខ។​

ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​រុស្សី​ Rossiya 1 កាល​ពី​ថ្ងៃសៅរ៍ លោក​ Lavrov បាន​និយាយ​ថា​ អាជ្ញាធរ​វិមាន​ក្រឹមឡាំង​កំពុង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន «ដើម្បី​ផ្លាស់ប្តូរ​ឥទ្ធិពល​ខ្លួន​ដែល​កើន​ខ្លាំង​ឡើងៗ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស (Damascus) ឱ្យ​ទៅ​ជា​ដំណោះស្រាយ​នយោបាយ​មួយ​វិញ»។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ជាក់លាក់​អំពី​ការ​ធ្វើ​បែប​ណា​ដែល​អាច​នាំ​ឱ្យ​មាន​អន្តរកាល​មួយ​ពី​រយៈពេល​ច្រើន​ឆ្នាំ​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់ និង​មាន​ជន​ស៊ីវិល​ច្រើន​នាក់​បាន​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​ ឱ្យ​ទៅ​ជា​ដំណោះស្រាយ​នយោបាយ​មួយ។​ ដោយ​ផ្ទុយ​ពី​សេចក្តី​ថ្លែងការណ៍​កាល​ពី​ពេល​មុនៗ​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​អំពី​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី​ អត្ថាធិប្បាយ​របស់​លោក Lavrov ហាក់​ដូចជាបង្ហាញ​សញ្ញា​អំពី​ការ​អំពាវនាវ​មួយ​ដោយ​អាជ្ញាធរ​វិមាន​ក្រឹមឡាំង​ឱ្យ​មាន​ដំណោះស្រាយ​ខាង​នយោបាយ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​ដែល​បែកបាក់​ដោយ​សារ​សង្គ្រាម៕