រុស្ស៊ី​និង​អ៊ុយក្រែន​បាញ់​ដ្រូន​និង​មីស៊ីល​ដាក់គ្នា​ទៅវិញ​ទៅ​មក

អ្នកពន្លត់អគ្គិភ័យ​កំពុង​ប្រតិបត្តិការ​នៅ​ទីតាំង​មួយ ក្នុង​តំបន់កៀវ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ (Ukraine Emergency Service / AFP)

រដ្ឋាភិបាល​អ៊ុយក្រែន​និង​រុស្ស៊ី បាន​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​រំលង​អាធ្រាត្រដោយ​ប្រើ​មីស៊ីល​និង​ដ្រូន​រាប់​សិប​គ្រឿង ដោយ​បណ្តាលឲ្យ​របួស​មនុស្ស​ជាច្រើន​នាក់​នៅ​អ៊ុយក្រែន ​និង​ធ្វើ​ឲ្យ​ខូច​កន្លែង​ស្តុង​ប្រេង​មួយ​ក្នុង​តំបន់​ព្រំដែន​របស់​រុស្សី។ នេះ​បើផ្អែក​តាម​ទីភ្នាក់ងារសារព័ត៌មាន AFP ដែល​បាន​រាយការណ៍​ដោយ​យោង​លើ​ក្រុម​មន្ត្រីដែល​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ភាគី​ទាំង​ពីរ​បាន​បង្កើ​ការ​វាយប្រហារ​គ្នា​តាម​អាកាស​ឆ្លង​ព្រំដែន​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​អ៊ុយក្រែន​ដៅ​លើ​ទី​តាំង​ថាមពល​រុស្ស៊ី ហើយ​រុស្ស៊ី​វាយ​សងសឹក​វិញ។

រុស្ស៊ី​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​ ៨៧ ​គ្រឿង ដែល ​៧០ ​គ្រឿង​ បាន​ដៅ​លើ​តំបន់ Rostov ភាគ​ខាង​ត្បូង​រុស្ស៊ី ដែល​ជា​ទីតាំង​នៃ​ទីបញ្ជាការដ្ឋាន​ប្រតិបត្តិ​យោធា​រុស្ស៊ីប្រឆាំង​អ៊ុយក្រែន។

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថា​ដ្រូន ​៧០ ​គ្រឿង ​ត្រូវ​បាន​បាញ់​ទម្លាក់​ពី​លើ​តំបន់ Rostov និង​ ៦​ ​គ្រឿង​លើ​តំបន់ Kursk និង Voronezh និង​ ២ ​គ្រឿង​លើ​តំបន់ Volgograd និង​តំបន់ Belgorod ជាប់​ព្រំដែន​អ៊ុយក្រែន។

ការ​វាយប្រហារ​នេះ ធ្វើ​ឲ្យ​ដាច់​ភ្លើង​នៅ​ផ្នែក​ជា​ច្រើន​ក្នុង​តំបន់ Rostov។ នេះ​បើយោង​តាម​អភិបាល​តំបន់​នេះ គឺលោក Vasily Golubev ដែល​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម។

នៅ​តំបន់ Voronezh ដែល​ជាប់​ព្រំដែន​អ៊ុយក្រែន កន្លែង​ស្តុក​ប្រេង​មួយ​បាន​រង​ការ​ខូចខាតបន្តិចបន្តួច​ដោយ​សារ​កម្ទិច​ធ្លាក់​ចុះ​មក។ នេះ​បើ​យោង​តាម​អភិបាល​តំបន់​នេះ​គឺ​លោក Aleksander Gusev។

ចំណែក​អ៊ុយក្រែន​វិញ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន បាន​បាញ់​ទម្លាក់​ដ្រូន​និង​មីស៊ីល​រុស្ស៊ី ​២៤ ​គ្រឿង ​ក្នុង​ចំណោម ​៣១ ​គ្រឿង​ដែល​បាន​បាញ់​ពេល​រំលង​អាធ្រាត្រ។

មនុស្ស​ ៦ ​នាក់ បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​លើ​ទី​ប្រជុំជន ​Selydove នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ក្នុង​តំបន់ Donetsk ដែល​ញាំញី​ដោយសារ​សង្គ្រាម​។ នេះ​បើ​យោង​តាម​អភិបាល​តំបន់​នេះ។

មនុស្ស​ ៣ ​នាក់ បាន​រងរបួស​ក្នង​ការ​វាយប្រហារ​ដោយ​ដ្រូន​នៅ​តំបន់ Sumy ប៉ែក​ខាង​កើត​អ៊ុយក្រែន ហើយ​ផ្ទះ​ជាច្រើន​ខ្នង​បាន​ខូច​ខាត​នៅ​តំបន់ Kharkiv ដែល​នៅ​ជាប់​គ្នា​នោះ៕