រុស្ស៊ី​នឹង​រំឭក​ពិធី​ជ័យជម្នះ​សង្គ្រាម​លោក​លើក​ទី២ ខណៈ​កំពុង​​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន

បុរស​ម្នាក់​លើក​ស្លាក​សញ្ញា​អក្សរ "Z" ក្នុង​អំឡុង​ពេល​នៃ​ការ​ដើរ​ក្បួន​ព្យុហយាត្រា​នៅ​ទិវា​ជ័យជម្នះ​របស់​រុស្ស៊ី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នៅ​ទីក្រុង Belgrade ប្រទេស​ស៊ែប៊ី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២។ (Reuters)

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មាន​គម្រោង​នឹង​ត្រួត​ក្បួន​ព្យុហយាត្រា​នៅ​ថ្ងៃចន្ទ​នេះ​នៅ​ក្នុងទីក្រុង​មូស្គូ​ ហើយ​នឹង​ថ្លែង​សុន្ទរកថា​ដែល​នឹង​ត្រូវ​ពិនិត្យ​មើល​យ៉ាងដិតដល់​អំពី​ការបន្ត​ឈ្លានពាន​របស់​យោធា​របស់​លោក​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។

ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ គឺរំឭក​ដល់​ការបរាជ័យ​របស់កងទ័ព​ណាហ្ស៊ី​អាល្លឺម៉ង់​នៅ​ក្នុង​សង្គ្រាម​លោក​លើកទី២។ លោក Putin បាន​ចាត់ទុក​ការឈ្លានពានរបស់​រុស្ស៊ី​ទៅ​លើអ៊ុយក្រែន​ថា​ជា​កិច្ចប្រតិបត្តិការ​ពិសេសមួយដើម្បី «កម្ចាត់» របប​ណាហ្ស៊ី ខណៈ​ដែល​អ៊ុយក្រែន​និង​សម្ពន្ធមិត្ត​លោក​ខាង​លិច​និយាយ​ថា លោក Putin បាន​ផ្តើម​សង្គ្រាម​មិន​ត្រឹមត្រូវ​និង​គ្មានសមហេតុផល។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas-Greenfield បាន​ប្រាប់​កម្មវិធី« State of the Union»នៃ​ទូរទស្សន៍ ​CNN កាលពី​ថ្ងៃ​អាទិត្យ​ថា រុស្ស៊ី​មិន​មាន​អ្វី​ដែល​ត្រូវ«ប្រារព្ធ» អំពី​ការឈ្លានពាន​របស់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ​ហើយ​រុស្ស៊ី«បាន​ទទួល​ជោគជ័យ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ការធ្វើ​ឱ្យ​ខ្លួនឯង​នៅ​ឯកោ​ពីសហគមន៍​អន្តរជាតិ»។

នៅពេល​ដែល​រុស្ស៊ី​ផ្តោត​លើ​ការវាយប្រហារ​លើ​តំបន់ Donbas ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​សាលារៀន​នៅ​ក្នុង​ខេត្ត Luhansk។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​សុន្ទរកថា​តាម​វីដេអូ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា «លទ្ធផល​នៃ​ការវាយ​ប្រហារ​លើ​ទីក្រុង Bilohorivka ក្នុង​តំបន់ Luhansk បាន​សម្លាប់​មនុស្ស​ប្រហែល៦០នាក់​ជា​ជនស៊ីវិល​ ដែល​បាន​លាក់ខ្លួន​នៅឯ​សាលារៀន​ដើម្បី​គេចចេញ​ពី​ការបាញ់ផ្លោងរបស់​រុស្ស៊ី​នោះ»។

អភិបាល​តំបន់ Luhansk លោកSerhiy Haidai បាន​សរសេរ​នៅ​លើ Telegram ថា មនុស្ស​៣០នាក់​បាន​ត្រូវ​សង្គ្រោះ​ចេញពី​ទីកន្លែង​នោះ។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Financial Times ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​ថា សហភាព​អឺរ៉ុប គួរតែ​ពិចារណា​ការរឹបអូស​ប្រាក់បម្រុង​បរទេស​របស់​រុស្ស៊ី​ ដែល​បង្កក​ដើម្បី​ជួយ​កិច្ចខំប្រឹងប្រែង​ដើម្បី​ស្ថាបនា​ប្រទេស​អ៊ុយក្រែន​ក្រោយ​សង្គ្រាម​ឡើង​វិញ។

លោក​ប្រធានាធិបតី Zelenskyy បាន​ជួប​តាម​អនឡាញ​កាលពី​ថ្ងៃ​អាទិត្យ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ហើយ​និង​មេដឹកនាំ​ក្រុមប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាងគេ​បំផុត​ដែល​ហៅថា G-7 ដែល​មាន​ចក្រភព​អង់គ្លេស កាណាដា បារាំង អ៊ីតាលី ជប៉ុន​និង​អាល្លឺម៉ង់។ ក្រុម​ប្រទេស​ទាំង​នេះ​បាន​សន្យា​ផ្តល់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយក្រែន៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters