រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើហ្វូងកាំជ្រួចនៅថ្ងៃព្រហស្បតិ៍នេះ រួមទាំងកាំជ្រួចមួយដើមដៅលើរដ្ឋធានីកៀវនិងទីក្រុង Kharkiv ផងដែរ។
អ្នកជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Miykhailo Podolyak បានបញ្ជូនសារតាម Twitter ថា រុស្ស៊ីបានបាញ់មីស៊ីលយ៉ាងតិចណាស់ ១២០ ដើម «ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសម្លាប់ជនស៊ីវិលយ៉ាងច្រើននាក់»។
ការវាយប្រហារនេះបានបណ្តាលឱ្យមានស៊ីរ៉ែនប្រកាសអាសន្នអំពីការវាយឆ្មក់តាមអាកាសនៅទូទាំងប្រទេស ហើយក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសអាចបាញ់ទម្លាក់មីស៊ីលដែលបានបាញ់ចូលមកនោះ។
អភិបាលក្រុង Kharkiv លោក Ihor Terekhov បានរាយការណ៍ពីការផ្ទុះនៅក្នុងទីក្រុងរបស់លោក ហើយបាននិយាយថា ក្រុមអាជ្ញាធរបានកំណត់ពីអ្វីដែលមីស៊ីលនោះបានវាយប្រហារនិងថាតើមានមនុស្សស្លាប់ឬរបួសដែរឬទេ។
រុស្ស៊ីបានប្រើមីស៊ីលម្តងហើយម្តងទៀតដើម្បីដៅការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងការវាយប្រហារដែលបានកម្ទេចទីតាំងនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កំពុងផ្សព្វផ្សាយផែនការសន្តិភាព ១០ ចំណុច ដែលអំពាវនាវឱ្យរុស្ស៊ីទទួលស្គាល់ទឹកដីអ៊ុយក្រែន ហើយនឹងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលវិមានក្រឹមឡាំងបានច្រានចោលសំណើនោះជាថ្មីទៀតកាលពីថ្ងៃពុធម្សិលមិញ ដោយបានពង្រឹងជំហររបស់ខ្លួនថា អ៊ុយក្រែនត្រូវតែសុខចិត្តទទួលស្គាល់ទឹកដីដែលរុស្ស៊ីបានទាមទារកាលពីខែកញ្ញា បន្ទាប់ពីការបោះឆ្នោតប្រជាមតិដែលត្រូវបានច្រានចោលដោយអ៊ុយក្រែន ហើយប្រទេសភាគច្រើនថា ជាការគួរឱ្យខ្មាសអៀន។ តំបន់ចំនួន ៤ របស់អ៊ុយក្រែននោះ រួមមានតំបន់ Luhansk និង Donetsk នៅភាគខាងកើតនិងតំបន់ Kherson និង Zaporizhia នៅភាគខាងត្បូង។
នៅថ្ងៃពុធម្សិលមិញដែរ លោកប្រធានាធិបតី Zelenskyy បានថ្លែងសុន្ទរកថាមួយទៅកាន់សភាអ៊ុយក្រែននៅក្នុងសម័យប្រជុំសម្ងាត់ដោយបានជំរុញឱ្យសមាជិកសភារួបរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈលោកសរសើរពលរដ្ឋអ៊ុយក្រែនចំពោះការនាំប្រទេសលោកខាងលិចឱ្យគាំទ្រខ្លួន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, Reuters និង AFP