រុស្ស៊ី​វាយ​ប្រហារ​លើ​ទីក្រុង​កៀវ​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល

ពលរដ្ឋ​ជ្រក​នៅ​ឯ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដើម្បី​គេច​ពី​ការ​វាយប្រហារ​​ដោយ​មីស៊ីល​ពី​រស្ស៊ី នៅ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣។

មន្ត្រី​អ៊ុយក្រែន​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​ការ​វាយ​ប្រហារ​ថ្មី​របស់​រុស្ស៊ី​តាម​ផ្លូវ​អាកាស​លើ​ទីក្រុង​កៀវ បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដូច​នេះ​យ៉ាង​ខ្លាំងក្លា​រយៈពេល​ពីរ​យប់​កន្លង​មក​លើ​ទីក្រុង​នេះ។

អភិបាល​ក្រុង​កៀវ​លោក Vitali Klitschko បាន​បញ្ជាក់​តាម Telegram ថា​មាន​ការ​ផ្ទុះ​កើតឡើង​នៅ​កណ្ដាល​ទីក្រុង​កៀវ និង​បាន​ប្រាប់​ប្រជាជន​ឱ្យ​ស្នាក់នៅ​ក្នុង​កន្លែង​ស្នាក់នៅ​សុវត្ថិភាព​បណ្ដោះ អាសន្ន។

ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អ្វី​ដែល​លោក Klitschko ហៅ​ថា​ជា «រាត្រី​ដ៏​លំបាក​មួយ​ទៀត​សម្រាប់​រដ្ឋធានី​កៀវ»។

លោក Serhiy Popko ប្រធាន​រដ្ឋបាល​យោធា​ទីក្រុង​កៀវ បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​ប្រើ​មីស៊ីល​សំកាំងនិង​ដ្រូន Shahed នៅ​ក្នុង​ការ​វាយ​ប្រហារ​កាលពី​យប់​មិញ ដោយ​បាន​សំដៅ​លើ​ទីក្រុង​កៀវ​លើក​ទី ១៥ នៅ​ក្នុង​ខែ​ឧសភា​នេះ។

ការ​វាយ​ប្រហារ​ជា​បន្ត​តាម​អាកាស​នេះ​បាន​ធ្វើ​ឡើង​មុន​ការ​វាយបក​វិញ​របស់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​រំពឹង​ទុក ដែល​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​បាន​និយាយ​ថា​ដើម្បី​ដណ្ដើម​ទឹកដី​ដែល​រុស្ស៊ី​បាន​ដណ្ដើម​យក​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ធ្វើ​ការ​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​កាលពី​ដើម​ឆ្នាំ​មុន​មក។

កងទ័ព​ជើង​អាកាស​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ជា​សរុប កង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន ២៩ គ្រឿង​ក្នុង​ចំណោម​ដ្រូន​ចំនួន ៣៥ គ្រឿង និង​មីស៊ីល ៣៧ គ្រាប់​ក្នុង​ចំណោម​មីស៊ីល​ទាំង ៤០ គ្រាប់​របស់​រុស្ស៊ី​កាលពី​យប់​មិញ។

អាជ្ញាធរ​នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ចំ​ទីតាំង​យោធា​មួយ​កន្លែង​នៅ​ក្នុង​តំបន់ Khmelnytskiy ដោយ​ធ្វើ​ឱ្យ​យន្តហោះ ៥ គ្រឿង​លែង​ដំណើរការ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​សរសេរ​នៅ​លើ Twitter ថា៖ «ការ​វាយ​ប្រហារ​ដោយ​ដ្រូន​និង​មីស៊ីល​របស់​រុស្ស៊ី​លើ​ទីក្រុង​សន្តិភាព​នានា​របស់​អ៊ុយក្រែន​គឺ​មិន​អាច​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​បាន​ទេ មិន​ថា​ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឡើង​ញឹកញាប់​ប៉ុណ្ណា​នោះ​ឡើយ។ ការ​វាយ​ប្រហារ​ទាំង​អស់​នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ត្រូវតែ​បញ្ឈប់​តាម​រយៈ​ការ​ពង្រឹង​ការ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង F-16 និង​ការ​កម្ចាត់​ភាព​គឃ្លើន​របស់​រុស្ស៊ី​ដូច​នេះ​ទៀត​ផង»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP , Reuters និង ​AFP។