​រុស្ស៊ី​​កោះ​ហៅ​អ្នក​ការ​ទូត​​អាមេរិក​​ស្តីពី​​ផែនការ​របស់​អាមេរិក​ក្នុង​ការ​ឆែក​ឆេរ​បរិវេណ​ការទូត

រូបឯកសារ៖ ទិដ្ឋភាព​នៃ​​អាគារ​ក្រសួង​ការបរទេស​រុស្ស៊ី​ក្នុង​ទីក្រុង​មូស្គូ។

កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រសួងការ​បរទេស​រុស្ស៊ី​បាន​កោះ​ហៅ​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្រុង​មូស្គូ​ដើម្បី​តវ៉ាជា​ផ្លូវការអំពី​ផែនការ​ឆែក​ឆេរ​បរិវេណការទូត​រុស្ស៊ី​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្រសួងការ​បរទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​កោះ​ហៅ​លោក​ Anthony F. Godfrey​ អនុ​ប្រធាន​នៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​មូស្គូ​អំពី​ផែន​ការ​ឆែកឆេរ​អាគារ​ការ​ទូត​រុស្ស៊ី​ខុស​ច្បាប់​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ដែល​មាន​គម្រោង​បិទ​នៅ​ថ្ងៃ​សៅរ៍។

រុស្ស៊ី​បាន​ហៅ​ផែន​ការ​ឆែក​ឆេរ​នេះ​ថា​ ជា​សកម្ម​ភាព​ដ៏​គគ្លើន​ដែល​មិន​ធ្លាប់​មាន​កាល​មុន​ហើយ​បាន​និយាយ​ទៀត​ថា ​ពួក​អាជ្ញាធរ​សហរដ្ឋ​អាមេរិកប្រ​ហែលប្រើ​ប្រាស់​ការឆែក​ឆេរ​នេះ​ជា​ឱកាស​មួយ​ដើម្បីដាក់​បង្កប់​ឧបករណ៍​ផ្សេង​ៗ​នៅ​ក្នុង​បរិវេណការទូត​រុស្ស៊ី។

អាគារ​ការទូត​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ជា​ទី​កន្លែង​មួយ​នៃ​ទី​កន្លែង​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ីបាន​ទាក់​ទិន​ក្នុង​ការចាត់​វិធានការ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មកក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។​ អាគារ​ការទូត២​កន្លែង​ផ្សេង​ទៀត​បាន​ត្រូវ​បញ្ជាឲ្យ​បិទ​គឺ​នៅនៅ​ក្រុង ​San Francisco និង​ទីក្រុង​ញូយ៉ក។

ការ​កោះ​ហៅ​លោក​ Godfrey​ បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រសួងការ​បរ​ទេស​រុស្ស៊ី​ក៏​បានចោទ​ប្រកាន់​ទីភ្នាក់​ងារ ​FBI ​មាន​ផែន​ការ​ឆែកឆេរ​ស្ថាន​កុង​ស៊ុលរបស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ San Francisco ​បន្ទាប់​ពីបញ្ជា​ឲ្យ​បិទនៅ​ថ្ងៃ​ព្រហស្បតិ៍។សហរដ្ឋ​អាមេរិក​មិន​បាន​និយាយ​ថា​តើ​ខ្លួន​មាន​បំណង​ឆែកឆេរ​អាគារ​ការទូត​ទាំង​អស់​នោះ​ដែរ​ឬទេ។

លោក​ស្រី ​Maria Zakharova អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​និយាយ​ថា ​ការ​ឆែក​ឆេរ​នោះ​នឹងធ្វើ​ឲ្យមាន​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​របស់​ពលរដ្ឋ​រុស្ស៊ី៕