រុស្ស៊ី​ពង្រឹង​សកម្មភាព​នៅ​ស៊ីរី ខណៈ​​សាធារណជន​កំពុង​ឃ្លាំ​មើល​ដោយ​ប្រុងប្រយ័ត្ន

ផ្សែង​ផុល​ឡើង​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​រុស្ស៊ី​ទៅ​លើ​អគារ​នានា​នៅ​ក្រុង​ Latamna នៅ​តំបន់​ Hama ភាគ​ខាង​ជើង​ស៊ីរី កាល​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ​២០១៥។

រុស្ស៊ី​បាន​ពង្រឹង​ការ​វាយប្រហារ​របស់​ខ្លួន​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​ក្រឹមឡាំង​និយាយ​ថា ជា​ទីដៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ីរី ដោយ​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ទាំង​តាម​ផ្លូវ​គោក និង​​ផ្លូវទឹក ខណៈ​ពេល​មាន​របាយការណ៍​ផ្សេងៗ​ពី​ការ​វាយប្រហារ​ផ្លូវ​គោក​ដោយ​ក្រុម​កងទ័ព​ស្មោះស្ម័គ្រ​នឹង​មេដឹកនាំ​ស៊ីរី​លោក Bashar al-Assad។

រុស្ស៊ី​បាន​ពង្រឹង​ការ​វាយប្រហារ​របស់​ខ្លួន​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​ក្រឹមឡាំង​ (Kremlin) និយាយ​ថា ជា​ទីដៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ីរី ដោយ​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ទាំង​តាម​ផ្លូវ​គោក និងផ្លូវទឹក ខណៈ​ពេល​មាន​របាយការណ៍​ផ្សេងៗ​ពី​ការ​វាយប្រហារ​ផ្លូវ​គោក​ដោយ​ក្រុម​កងទ័ព​ស្មោះស្ម័គ្រ​នឹង​មេដឹកនាំ​ស៊ីរី​លោក Bashar al-Assad។

នៅ​ក្នុង​ការ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ពី​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​ Sochi រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​រុស្ស៊ី​ លោក Sergei Shoigu បាន​ប្រាប់​ទៅ​កាន់​លោក​ប្រធានាធិបតី Putin ថា ​នាវា​ចម្បាំង​រុស្ស៊ី​ចំនួន​បួន​នៅ​សមុទ្រ Caspian បាន​បាញ់​គ្រាប់មីស៊ីល​២៦​គ្រាប់​ទៅ​កាន់​ទីតាំង​ដែល​ក្រុម​រដ្ឋ​ឥស្លាម​រស់នៅ​ក្នុង​ស៊ីរី។ លោក Shoigu បាន​និយាយ​ថា គ្រប់​គ្រាប់​មីស៊ីល​ទាំង​អស់​បាន​បាញ់​ចំ​គោលដៅ។

លោក​ Putin បាន​ធ្វើ​ការ​សាទរ​កិច្ចប្រឹងប្រែង​របស់​ក្រុម​យោធា​នៅ​ស៊ីរី​មក​ទល់​ពេល​នេះ ប៉ុន្តែ​បាន​ព្រមាន​ថា វា​នៅ​តែឆាប់​នៅ​ឡើយ​នៅក្នុង​ការ​និយាយ​ពី​លទ្ធផល​ពេល​នេះ។ លោក​ប្រធានាធិបតី​ក៏​បាន​បញ្ជា​ឲ្យ​លោក Shoigu បន្ត​ស្វះស្វែង​ផ្សារភ្ជាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក តួកគី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ទៅ​លើ​យុទ្ធនាការ​នៅ​ស៊ីរី។

យ៉ាងហោចណាស់​មាន​ចម្ងល់​ខ្លះៗ​ពី​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូបាន​ដាក់​បង្ហាញ​ជា​សាធារណៈនូវ​គោលដៅ​ស្រដៀងគ្នា​ជាច្រើន​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ នោះ​គឺ​ ការ​កម្ទេច​ចោល​នូវ​ការ​គំរាមកំហែង​ទាំងឡាយ​ពី​សំណាក់​ក្រុម​រដ្ឋ​ឥស្លាម និង​នាំ​សន្តិភាព​មក​ឲ្យ​ស៊ីរី។

ប៉ុន្តែ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​និយាយ​ថា រុស្ស៊ី​ប្រហែល​មាន​គោលដៅ​មួយ​ផ្សេង​ទៀត ដែល​នេះ​គឺ​ ការ​ពង្រឹង​លើក​ស្ទួយ​រដ្ឋាភិបាលរបស់​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

របាយការណ៍​បឋម​បាន​បង្ហាញ​ថា រុស្ស៊ី​កំពុង​តែ​ផ្តោត​ការ​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន​ទៅ​លើ​តំបន់​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រឆាំង​លោក Assad ជា​ជាង​តំបន់​នៃ​រដ្ឋ​ឥស្លាម។

​រដ្ឋាភិបាល​ក្រឹមឡាំង​បាន​ច្រានចោល​ការ​លើក​ឡើង​ដូច​នេះ។ ដោយ​និយាយ​ទៅ​កាន់​ទូរទស្សន៍​ជាតិ​ អនុ​រដ្ឋ​មន្រី្ត​ក្រសួង​ការពារ​ជាតិ​ លោក Antatolii Antonov បាន​កត់សម្គាល់​ថា ការ​ទម្លាក់​គ្រាប់បែក​បាន​កំណត់​គោលដៅ​ទៅ​លើ​ទីតាំង​របស់​ក្រុម​ភេរវជនជាមួយ​នឹង​ភាព​ច្បាស់លាស់​១០០​ភាគរយ។

លោក Vladimir Ryzhkov អតីត​សមាជិក​នៃ​ក្រុម​ប្រឹក្សា Duma របស់​រុស្ស៊ី និង​ជា​ឥស្សរជន​នយោបាយ​បក្ស​ប្រឆាំងមួយ​រូប​បាន​ប្រាប់​ VOA ថា យុទ្ធនាការ​របស់​រុស្ស៊ី​បាន​កំពុងបង្ហាញ​ពី​កំណែ ទម្រង់​យោធា​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ប្រាំឆ្នាំ​កន្លង​មក​នេះ។

លោក​បាន​បន្ត​ថា ខ្ញុំ​មាន​អារម្មណ៍​ថា មន្រ្តី​យោធា​រុស្ស៊ី​បាន​កំពុងបង្ហាញ​ទៅ​អាមេរិក​ថា ពួកគេ​ក៏​មាន​យន្តហោះ និង​គ្រាប់បែក​ដូចគ្នា​នេះ​ដែរ។ ពួកគេ​ក៏​អាច​ធ្វើ​យុទ្ធនាការ​យោធា​ដូច​អាមេរិក​ផង​ដែរ។ លោក​បាន​បន្ថែម​ថា យោធា​ជំនាន់​ថ្មី​របស់​រុស្ស៊ី​នេះ ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​ណាស់។

ប្រជាជន​រុស្ស៊ី​បាន​បង្ហាញ​នូវ​ការ​យល់ព្រម​បែប​ស្ទាក់ស្ទើរ​មួយ​ទៅ​លើ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​រដ្ឋាភិបាល​ក្រឹមឡាំង​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ ប៉ុន្តែ​ពួកគេមិន​សូវ​បង្ហាញ​ការ​យល់ព្រម​ប៉ុន្មាន​ទៅ​នឹង​វត្តមាន​កងកម្លាំង​យោធា​រុស្ស៊ី​នៅ​ស៊ីរី​ទេ នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រឹមឡាំង​បាន​អះអាង​ថា​ មិន​អាច​កើត​មាន​ឡើយ​សម្រាប់​ពេល​ឥឡូវ​នេះ។

ប៉ុន្តែ​ឥស្សរជន​នយោបាយមួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​មេដឹកនាំ​តំបន់​ Chechnya ​លោក Ramzan Kadyrov បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​រុស្ស៊ី​ចូលរួម​ជាមួយ​នឹង​យោធា​ស៊ីរី​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។

ការណ៍​នេះ គឺ​ជា​ការ​ក្រើន​រំលឹក​ពី​សកម្មភាព​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន ទី​ដែល​និយមន័យ​ទាហាន និង​អ្នក​ស្ម័គ្រ​ចិត្ត​មិន​ទាន់​បាន​បែងចែក​ឲ្យ​ច្បាស់​នៅ​ឡើយ យោង​ទៅ​តាម​បរិបទ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ហើយ​បន្ទាប់​មក មាន​អ្នក​ដែល​មាន​ក្តី​បារម្ភ​ពី​ការ​បង្ក​កំហុស​ដដែល​ឡើង​វិញ​ម្តងទៀត​ ដូច​នៅ​ពេល​ដែល​រុស្ស៊ី​បាន​ចូល​លុកលុយ​អាហ្វហ្គានីស្ថាន។

លោកស្រី Valentina Melnikova នៃ​គណៈកម្មាការ​មាតា​ទាហាន​ (Soldiers Mothers Committee) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយដែល​ការពារ​ផលប្រយោជន៍​ក្រុម​គ្រួសារ​យោធិន​បាន​ធ្វើ​ការ​រំលឹក​ពី​រឿងរ៉ាវ​នៅ​អាហ្វហ្គានីស្ថាន​ថា ក្រុម​អាជ្ញាធរ​រុស្ស៊ី​ក៏​បាន​និយាយ​ពី​យុទ្ធនាការ​មួយ​ដែល​ទំហំ​នៅមាន​កម្រិត​ដូចគ្នា​នេះ​ដែរ។

ជាមួយ​នឹង​យុទ្ធនាការ​វាយប្រហារ​តាម​អាកាសនៅ​ស៊ីរី​ដែល​មាន​អាយុកាល​ត្រឹម​តែ​មួយ​សប្តាហ៍ រដ្ឋាភិបាល​ក្រឹមឡាំង​ហាក់​ដូចជា​មាន​គោល​បំណងបញ្ចៀស​ពី​ការ​ប្រៀបធៀប​ទៅ​នឹង​រឿងរ៉ាវ​ពី​អតីតកាល៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា