ប្រទេស រុស្ស៊ី បានព្រមានបស្ចឹមប្រទេសអំពីការដាក់ទណ្ឌកម្មបន្ថែមមកលើក្រុង មូស្គូ ដោយនិយាយថាការគម្រាមបែបនេះបង្ហាញថាបស្ចឹមប្រទេសប្រឆាំងមិនចង់ធ្វើតាមបទឈប់បាញ់គ្នាមួយនៅក្នុងប្រទេស អ៊ុយក្រែនភាគខាងកើត។
ស.រ.អានិងក្រុមមេដឹកនាំខ្លះក្នុងទ្វីប អឺរ៉ុប បានគំរាមចង់ដាក់ទណ្ឌកម្មខ្លាំងឡើងទៀតមកលើក្រុង មូស្គូ បើរដ្ឋាភិបាលក្រុងមូស្គូមិនឈប់ផ្តល់ជំនួយទៅឲ្យក្រុមបំបែកខ្លួនដែលគាំទ្រប្រទេសរុស្ស៊ី នៅក្នុងប្រទេស អ៊ុយក្រែនភាគខាងកើតទេ។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេស រុស្ស៊ី លោក Sergei Lavrov បានហៅការគម្រាមទាំងនោះថាជាកិច្ចប្រឹងប្រែងមួយដើម្បី«បង្វែរការយកចិត្តទុកដាក់»ចេញពីការចាំបាច់ដើម្បីធ្វើតាមលក្ខខ័ណ្ឌនៃបទឈប់បាញ់គ្នាមួយ ដែលទើបនឹងចាប់ចូលជាធរមានថ្មីៗនេះ។
កងយោធាអ៊ុយក្រែនបានរាយការណ៍អំពីការចុះថយការវាយប្រហាររបស់ក្រុមឧទ្ទាម ក្នុងពេលបីថ្ងៃជាប់គ្នា តែបានព្រមានជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះថា ពួកបំបែកខ្លួននៅបន្តធ្វើការវាយប្រហារទៅលើទីតាំងរដ្ឋាភិបាល រួមទាំងនៅជាយក្រុងកំពង់ផែ Mariupol នោះផង៕