ប្រទេសរុស្ស៊ីបានរាយការណ៍ថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅថ្ងៃចន្ទនេះបានសំដៅលើទីក្រុងមូស្គូនិងតំបន់ Crimea ដែលរុស្ស៊ីត្រួតត្រា។ រីឯអ៊ុយក្រែនវិញបានបញ្ជាក់ថា រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសថ្មីចុងក្រោយបង្អស់របស់ខ្លួនលើកំពង់ផែទីក្រុង Odesa នៅភាគខាងត្បូងប្រទេស។
យោធារុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនពីរគ្រឿងដែលវាយប្រហារលើទីក្រុងមូស្គូ។
អភិបាលក្រុងមូស្គូលោក Sergei Sobyanin បាននិយាយថា អគារមិនមែនសម្រាប់ស្នាក់នៅពីរកន្លែងត្រូវបានបំផ្លាញ ប៉ុន្តែថា មិនមានសេចក្ដីរាយការណ៍ណាមួយថាមានអ្នកស្លាប់ឬក៏រងរបួសនោះទេ។
ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ីបានបញ្ជាក់ថា បំណែករបស់ដ្រូនមួយគ្រឿងត្រូវបានរកឃើញនៅតំបន់ Komsomolsky នៅជិតក្រសួងការពារជាតិរុស្ស៊ី។
នៅក្នុងតំបន់ Crimea អភិបាលតំបន់នេះដែលរុស្ស៊ីបានតែងតាំងបាននិយាយថា ការវាយប្រហារដោយដ្រូនមួយគ្រឿងរបស់អ៊ុយក្រែនបានប៉ះចំឃ្លាំងគ្រាប់រំសេវ ហើយប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូន ១១ គ្រឿង។
ស្របពេលនេះដែរ យោធាអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានបំផ្លាញឃ្លាំងគ្រាប់ធញ្ញជាតិមួយកន្លែងនិងបានធ្វើឱ្យបុគ្គលិក ៤ នាក់រងរបួសនៅក្នុងការវាយប្រហារថ្មីចុងក្រោយបង្អស់របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងទីក្រុង Odesa។
បញ្ជាការដ្ឋានយោធភូមិភាគខាងត្បូងរបស់អ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ៣ គ្រឿងរបស់រុស្ស៊ីដែលជាផ្នែកមួយនៃការវាយប្រហារនៅថ្ងៃចន្ទនេះ។
រុស្ស៊ីបានវាយប្រហារទីក្រុង Odesa ជាច្រើនដងនៅក្នុងសប្ដាហ៍បន្ទាប់ពីខ្លួនបានប្រកាសចាកចេញពីគម្រោងផ្ដួចផ្ដើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ (Black Sea Grain Initiative)។ គម្រោងនេះអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពពីកំពង់ផែរបស់អ៊ុយក្រែនកាត់តាមសមុទ្រខ្មៅ។
នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Odesa ជាពិសេសលើមជ្ឈមណ្ឌលប្រវត្តិសាស្ត្ររបស់ខ្លួន ដែលជាទីតាំងបេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូ (UNESCO)។
លោក Zelenskyy បានប្តេជ្ញាសងសឹកវិញដោយនិយាយថា៖ «រុស្ស៊ីនឹងប្រាកដជាស្គាល់រសជាតិនេះ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានផ្ដល់ឱ្យដោយទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។