រុស្ស៊ី​និយាយ​ថា​អ៊ុយក្រែន កម្ទេច​ស្ពាន​ភ្ជាប់​តំបន់ Crimea

ទិដ្ឋភាព​បង្ហាញ​ស្ពាន Chonhar ដែល​ត្រូវបាន​ខ្ទេចខ្ទី

មន្ត្រី​រុស្ស៊ី​និយាយនៅ​ថ្ងៃ​ព្រហស្ប​តិ៍នេះ​ថា​ការវាយប្រហារ​រំលង​អធ្រាត្រ​ដោយ​កងកម្លាំង​អ៊ុយក្រែន​ធ្វើ​ឲ្យ​ខូច​ស្ពាន​មួយ​ភ្ជាប់ជ្រោយ Crimea ​ទៅ​តំបន់ Khersonនៅ​ប៉ែក​ខាង​ត្បូង​អ៊ុយក្រែន។

ប្រទេស​រុស្ស៊ី​បាន​កាន់កាប់​តំបន់ Crimea​ តាំង​ពី​ភ្ជាប់​តំបន់​នេះ​ចូល​ក្នុង​ទឹកដី​រុស្ស៊ី​នៅ​ឆ្នាំ​២០១៤។ ​សហគមន៍​អន្តរជាតិ​ភាគច្រើន​បដិសេធ​ទង្វើ​បែប​នេះ។

ស្ពាន​ដែល​រង​ការ​ខូច​ខាត​ស្ថិត​នៅ​លើ​តាម​ផ្លូវមួយ​ដែល​ប្រើប្រាស់​ដោយ​កងកម្លាំង​រុស្ស៊ី ដើម្បី​ចល័ត​ចុះ​ឡើង​ពី​តំបន់​ Crimea​ទៅ​តំបន់​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រុស្ស៊ី។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ចំពោះ​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន ដោយដៅ​ប្រទេស​នានា​ដែល​មាន​ក្រុមហ៊ុន​ប្រើប្រាស់​ចន្លោះប្រហោង​នៅក្នុង​ទណ្ឌកម្ម​មុនៗ ដើម្បី​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី និង​គាំទ្រ​ការ​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អស់​១៦​ខែ​មក​ហើយ។

សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​២៧​ប្រទេស បាន​ដាក់​ទណ្ឌកម្ម​ជុំ​ទី១០​លើ​ក្រុមហ៊ុន​នានា​របស់​រុស្ស៊ី ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​និង​ហាម​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​ជាង​១​០០០​នាក់។

ទណ្ឌកម្ម​ថ្មី​នេះ មាន​គោលបំណង​កុំ​ឲ្យ​ទំនិញ​និង​សម្ភារៈ​សំខាន់ៗ​បម្រើ​ដល់​ការ​ធ្វើសង្គ្រាម​ អាចទៅ​ដល់​រុស្ស៊ី​កាត់តាម​ប្រទេស​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប តែ​ក៏​ចង់​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធម្មតា​ជាមួយ​រុស្ស៊ី។

ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នក​ស្រី Ursula von der Leyen ដែល​ជា​ប្រមុខ​ខាង​នីតិប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប និយាយ​ថា​ទណ្ឌកម្ម​ថ្មី​នេះ នឹង​«បន្ទុចបង្អាក់​ថែម​ទៀត​ដល់​ក្បាល​ម៉ាស៊ីន​សង្គ្រាម​របស់​លោក Putin ដោយ​មាន​ការ​រឹតបន្តឹង​ការ​រឹតត្បិត​លើ​ការ​នាំ​ចេញ សំដៅ​ដល់​ក្រុមហ៊ុន​ដែល​គាំទ្រ​របបក្រុងមូស្គូ»។

ព័ត៌មាន​ខ្លះសម្រាប់​រឿងនេះ​មាន​ប្រភព​ពីទី​ភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters.