ប្រទេស​រុស្សី​និយាយ​ថា​ខ្លួន​ប្រុង​ប្រៀប​ជួយ​ប្រទេស​អង់គ្លេស​​ក្នុង​ការ​ស៊ើបអង្កេត​អំពី​ជំងឺ​របស់​អតីត​ចារបុរស​ម្នាក់

ប៉ូលិស​បិទ​កន្លែង​កើត​ហេតុ​មួយ​នៅ​ក្នុង​ក្រុង Salisbury ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ទី​ដែល​អតីត​ចារបុរស Sergei Skripal និង​កូនស្រី​របស់​លោក​ឈ្មោះ Yulia ត្រូវ​បាន​គេ​ជឿ​ថា មាន​ជំងឺ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ប៉ះ​សារធាតុ​មិន​ស្គាល់​ម្យ៉ាង។

ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គេ​មិន​បាន​ទាក់ទង​នឹង​ខ្លួន​ទេ ក៏​ប៉ុន្តែថា​ខ្លួន​ប្រុង​ប្រៀប​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​អង់គ្លេសក្នុង​ការ​ស៊ើបអង្កេត​អំពី​ករណី​របស់​អតីត​ចារបុរស​រុស្សី​ម្នាក់​ដែល​បាន​ទទួលទាន​ដំណេក​ក្នុង​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ក្រោយ​ពី​បាន​ប៉ះពាល់​នឹង​សារធាតុ​ដែល​គេ​មិន​ស្គាល់។

បណ្តាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស​បាន​ប្រាប់​អត្តសញ្ញាណ​បុរស​នេះថា​ឈ្មោះ Sergei Skripal ដែល​បាន​ទទួល​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេសអង់គ្លេស​នៅ​ក្រោយ​ការ​ប្តូរ​ចារបុរស​មួយ​រវាង​ស.រ.អា. និង​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ២០១០។​

អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំងឈ្មោះ​ Dmitri Peskov បាននិយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អ្វីដែល​បានកើត​មាន​ឡើង​ជា​សោកនាដកម្ម​ហើយ​ថា​រដ្ឋាភិបាល​រុស្ស៊ី​គ្មាន​ព័ត៌មាន​អំពី​បុព្វហេតុ​នៃ​ការណ៍​នេះ​ទេ។​

គេ​បាន​ឃើញ​លោក Skripal អាយុ៦៦ឆ្នាំ​និង​ស្ត្រី​ម្នាក់អាយុជាង៣០ឆ្នាំ​សន្លប់​មិន​ដឹង​ខ្លួន​នៅ​លើ​កៅអី​វែង​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហាង​លក់ទំនិញ​មួយនៅ​ក្នុង​ក្រុង Salisbury កាលពី​រសៀល​ថ្ងៃ​អាទិត្យ។​

ពួក​ប៉ូលិស​ក្នុង​មូលដ្ឋាន​បានដឹង​អំពី​ជន​ទាំង​ពីរ​នាក់​នេះ​ដោយ​អាយុពួក​គេ​ហើយ​បាន​និយាយ​ថា​«បុរស​និង​ស្ត្រី​នេះ​ដែល​គេ​មាន​ជំនឿ​ថា បាន​ស្គាល់​គ្នា​គ្មាន​មុខ​របួស​អ្វី​ទេ​ហើយ​បាន​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យ​ក្រុង​ Salisbury។

លោក Craig Holden ឧបការី​ប្រធាន​បណ្តោះ​អាសន្ន​នៃ​ក្រុម​ប៉ូលិស​តំបន់ Wiltshire បាន​និយាយ​ថា «នៅ​ពេល​នេះ​បុរស និង​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​កំពុង​ទទួល​ការ​ព្យាបាល​ពី​ការ​សង្ស័យ​ថា បាន​ប៉ះពាល់​សារធាតុ​មួយ​ដែលគេ​មិន​ស្គាល់​ជា​អ្វី។ ​ជន​ទាំង​ពីរ​នាក់នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​កន្លែង​ព្យាបាល​បន្ទាន់»។

លោក Holden បាន​ថ្លែង​ថា​ដោយសារ​ការ​ស៊ើបអង្កេត​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់ការ​ដំបូង​បំផុត «យើង​មិន​អាច​សន្មត់​ថា​តើ​នេះ​ជា​ឧក្រិដ្ឋកម្ម​ឬ​អ្វី​នៅ​ឡើយ​ទេ»។

លោក Skripal បាន​ត្រូវ​កាត់​សេចក្តី​ឱ្យ​មាន​ទោស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អង់គ្លេស MI6​ កាលពី​ឆ្នាំ២០០៦ ដោយសារ​បាន​ក្បត់ពួក​ភ្នាក់ងារ​រុស្ស៊ី​ដោយ​បាន​ប្រាប់​ឈ្មោះ​ពួក​ភ្នាក់ងារ​ទាំងនេះ​ដល់ផ្នែក​ស៊ើបការ​សម្ងាត់​អង់គ្លេស។ ​លោក​បាន​ទទួល​ការ​លើកលែង​ទោស​ក្នុង​ឆ្នាំ២០១០ ជា​ផ្នែក​មួយ​នៃ​ការ​ប្តូរ​ចារបុរស​រវាង​ស.រ.អា. និង​ប្រទេស​រុស្ស៊ី៕