រុស្ស៊ី៖ អាវុធ​​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​បស្ចិម​ប្រទេស​នឹង​បង្កើន​ជម្លោះ​នៅ​អ៊ុយក្រែន

រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បាន​ផ្ទុក​កាំជ្រួច​ប្រឆាំង​រថក្រោះ Javelin ដែល​ជា​ផ្នែក​នៃ​ជំនួយ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន នៅ​ព្រលាន​យន្តហោះ Boryspil ខាង​ក្រៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

វិមានក្រឹមឡាំង​បាននិយាយនៅ​ថ្ងៃពុធ​នេះ​ថា​ ការ​ផ្តល់​អាវុធ​មានវង់ប្រតិបត្តិការ​ឆ្ងាយឱ្យ​អ៊ុយក្រែន​ដោយ​ប្រទេស​លោកខាង​លិចនឹង​មិនកែប្រែ​គោលដៅ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ឬកែប្រែ​ការ​ប្រយុទ្ធ​លើ​សមរភូមិទេ។​

រដ្ឋាភិបាលក្រុង​កៀវចាប់ផ្តើមសុំកង​យន្តហោះប្រតិកម្ម​ប្រយុទ្ធ​ទំនើប​និង​មីស៊ីលបាញ់​បាន​ឆ្ងាយ​ពីប្រទេសគាំទ្រ​ពួក​គេ​ខាង​យោធា​ដើម្បី​វាយ​ប្រហារទីដៅជ្រៅ​ជាង​មុនក្នុង​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី។​

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក​ Dmitry Peskov ​បាននិយាយ​ប្រាប់​ក្រុមអ្នកកាសែត​ថា៖ «នេះ​ជាចំណាត់ការដោយ​ផ្ទាល់ដើម្បីបង្កើន​ភាព​តានតឹងនិង​កម្រិត​នៃ​ការប្រយុទ្ធគ្នា។ ការណ៍នេះ​តម្រូវ​ឱ្យ​មានការប្រឹងប្រែង​ជាងមុន​របស់​យើង។ តែ​វានឹងមិន​កែប្រែព្រឹត្តិការណ៍​ទេ‍»។

លោក​ Peskov បានឆ្លើយ​តប​នឹង​ក្រុមអ្នក​សារព័ត៌មាន​ដែល​បាន​និយាយ​យោង​ដល់​របាយការណ៍​សារព័ត៌មាន​នានា​ដែល​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនគ្រោង​នឹងផ្តល់ឱ្យអ៊ុយក្រែន​នូវមីស៊ីលមាន​វង់ប្រតិបត្តិការឆ្ងាយ​ដែល​អាច​បាញ់​បាន​ចម្ងាយ​១៥០គ.ម.។

រហូតមក​ដល់​ពេល​នេះ ​ពួក​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​បាន​ប្រកែក​មិន​ព្រម​ផ្តល់​អាវុធ​បែបនេះដោយសារ​មាន​កង្វល់​ថា អាវុធ​ទាំង​នេះ​អាច​ត្រូវ​ប្រើដើម្បីវាយប្រហារលើ​ទី​ដៅនៅ​ខាង​ក្នុងប្រទេស​រុស្ស៊ី​ ដែល​អាច​នាំឱ្យសង្គ្រាម​នេះ​ធ្ងន់ធ្ងរជាង​មុនថែម​ទៀត។

លោក​ Peskov ក៏​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ថា​ វិមាន​ក្រឹមឡាំង​មិន​បាន​ពិចារណា​អំពី​ផែនការស្តី​ពី​ការ​ចរចារវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin និង​ប្រធានាធិបតី​ស.រ.អ.លោក​ Joe Biden ទេ។

លោក​ Biden ​បានមានប្រសាសន៍​កាលពីថ្ងៃ​អង្គារ​ថា លោក​នឹង​ពិភាក្សា​ជា​មួយ​ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy អំពីសំណើថ្មី​ៗ​បំផុត​របស់​អ៊ុយក្រែន​ដើម្បី​ទទួល​អាវុធ​ទំនើបៗ។

ការ​អំពាវនាវសុំ​កងយន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​និងមីស៊ីលបាញ់​បានឆ្ងាយមានឡើងក្រោយ​ពី​ប្រទេស​លោក​ខាង​លិចបានសម្រេច​កាល​ពី​សប្តាហ៍​មុនថាផ្តល់ឱ្យ​កង​កម្លាំងរដ្ឋាភិបាល​ក្រុង​កៀវ​នូវ​កង​រថក្រោះ​ធុនធ្ងន់ ​ក្រោយពី​មាន​ការពិភាក្សា​គ្នា​យ៉ាង​យូរ​មក៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP Reuters និង​ AFP។