ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Boris Johnson ថា លោក Putin គំរាម​បាញ់​មីស៊ីល​ដាក់​លោក​មុន​ពេល​ឈ្លានពាន​អ៊ុយក្រែន

រូបឯកសារ៖ លោក Boris Johnson ក្នុងពេល​លោក​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ផ្លូវ Downing Street ក្នុង​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ លោក Boris Johnson ក្នុងពេល​លោក​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ផ្លូវ Downing Street ក្នុង​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

អតីត​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​អះអាង​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​គំរាម​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​រូប​លោក​មុន​ពេល​បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ការ​គំរាមកំហែង​ដែល​បាន​លើកឡើង​នេះ ​ហើយ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​បដិសេធ​ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​មួយ​មុន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។ នេះ​បើ​យោង​តាម​ភាពយន្ត​ឯកសារ​មួយ​របស់​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍​ BBC ​ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Johnson និង​មេដឹកនាំ​បស្ចិម​ប្រទេស​ផ្សេង​ទៀត​បាន​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ៊ុយក្រែន​និង​ព្យាយាម​រារាំង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។

រូបឯកសារ៖ ក្នុង​រូប​ដែល​ផ្តល់​ឱ្យ​ដោយ​ការិយាល័យ​សារព័ត៌មាន​ប្រធានាធិបតី​អ៊ុយក្រែន បង្ហាញ​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy (កណ្តាល) និងលោក Boris Johnson ក្នុងពេល​លោក​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដើរក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក Johnson នៅ​កណ្តាល​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។

លោក Johnson បាន​ដកស្រង់​សម្ដី​របស់​លោក Putin ដោយ​និយាយ​ថា៖ «លោក​បាន​គំរាម​ខ្ញុំ​នៅ​ពេល​មួយ​និង​បាន​និយាយ​ថា «លោក Boris [Johnson] ខ្ញុំ​មិន​ចង់​ធ្វើ​បាប​លោក​ទេ ប៉ុន្តែ​ការ​ប្រើ​មីស៊ីល​គឺ​ចំណាយ​ពេល​ត្រឹម​មួយ​នាទី​ប៉ុណ្ណោះ» ឬ​ក៏​អ្វីៗ​ស្រដៀង​ហ្នឹង»។

ទោះជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​រុស្ស៊ី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា «ការ​កុហក»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «អ្វី​ដែល​លោក Johnson បាន​និយាយ​គឺ​មិន​ពិត​ទេ។ បើ​និយាយ​ឱ្យ​ចំ​ទៅ វា​គឺ​ជា​ការ​កុហក»។

លោក Peskov បាន​បន្ថែម​ថា៖ «ជាង​នេះ​ទៀត នេះ​គឺ​ជា​ការ​កុហក​ដោយ​ចេតនា ដែល​អ្នក​ចាំបាច់​ត្រូវ​សួរ​លោក Johnson ថា​លោក​មាន​គោល​បំណង​អ្វី​បាន​ជា​ជ្រើសរើស​ធ្វើ​បែប​នេះ ឬ​ក៏​វា​ជា​ការ​កុហក​ដោយ​អចេតនា​ដែល​តាមពិត​លោក​មិន​យល់​អំពី​អ្វី​ដែល​លោក​ប្រធានាធិបតី Putin បាន​និយាយ​ជាមួយ​នឹង​លោក»។

លោក Johnson បាន​លេច​ឡើង​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​បំផុត​ម្នាក់​នៅ​បស្ចិម​ប្រទេស​លើ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy៕

XS
SM
MD
LG