ពួកមន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារដោយផ្ទាល់ទៅលើរដ្ឋធានីមូស្គូ និងតំបន់ Kaluga។
ពួកមន្ត្រីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនទាំងនោះហើយថា មិនមានសេចក្តីរាយការណ៍ពីការខូចខាតទេ។
ការវាយប្រហារតាមអាកាសបានបង្អាក់កិច្ចប្រតិបត្តិការជាបណ្តោះអាសន្ននៅឯអាកាសយានដ្ឋានរុស្ស៊ីជាច្រើនលើក ក៏ប៉ុន្តែសេវាកម្មនោះក្រោយមកបានបន្តដំណើរការឡើងវិញ។
ទាំងរុស្ស៊ីនិងអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារគ្នាទៅវិញទៅមក ដោយធ្វើឱ្យមានការខូចខាតនៅលើដីជារឿយៗបណ្តាលមកពីកម្ទេចបាក់បែកមកពីយន្តហោះគ្មានមនុស្សបើកដែលធ្លាក់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណពួកសមាជិកសភាដាណឺម៉ាកនៅពេលដែលលោកធ្វើសុន្ទរកថាទៅកាន់ពួកគេនៅថ្ងៃចន្ទនេះ មួយថ្ងៃបន្ទាប់ពីដាណឺ ម៉ាកនិងហូឡង់បានប្រកាសថា ប្រទេសទាំង២នឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវយន្តហោះចម្បាំងធុន F-16 ដែលផលិតនៅសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានសន្យាផ្តល់យន្តហោះ F-16 ចំនួន១៩គ្រឿងទៅឱ្យអ៊ុយក្រែន ហើយបាននិយាយទៀតថា លោកស្រីសង្ឃឹមថា យន្តហោះចម្បាំង៦គ្រឿងដំបូងអាចត្រូវប្រគល់ឱ្យប្រហែលនៅដើមឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte មិនបាននិយាយលម្អិតថា តើយន្តហោះ F-16 ប៉ុន្មានគ្រឿងដែលប្រទេសរបស់លោកនឹងផ្តល់ឱ្យនោះ ឬថាតើការប្រគល់នោះអាចធ្វើឡើងនៅពេលណាទេ។ លោកបាននិយាយថា ពេលវេលាអាស្រ័យថា តើក្រុមបើកបរនិងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននឹងរៀបចំរួចរាល់នៅពេលណា៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។