បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-20 បានចាប់ផ្ដើមកិច្ចប្រជុំនៅថ្ងៃអង្គារនេះនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ស្របពេលដែលមានការរំខានដោយសារការខ្វែងគំនិតគ្នាដែលបណ្ដាលមកពីសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
បណ្ដាមេដឹកនាំទាំងនេះគ្រោងនឹងចេញសេចក្ដីថ្លែងការណ៍មួយ ដែលនៅក្នុងនោះ សមាជិក «ភាគច្រើនបំផុត» នៃក្រុមប្រទេស G-20 នេះនឹងថ្កោលទោសខ្លាំងក្លាលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលថ្លែងទៅកាន់អ្នកកាសែតនៅព្រឹកថ្ងៃអង្គារនេះ។
មន្ត្រីរូបនេះបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា៖ «ខ្ញុំគិតថា យើងនឹងឃើញសមាជិកភាគច្រើនបំផុតនៃក្រុមប្រទេស G-20 បញ្ជាក់យ៉ាងច្បាស់ថា ពួកគេថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងថា ពួកគេយល់ឃើញថា សង្គ្រាមនេះគឺជាប្រភពស្នូលនៃបញ្ហាឈឺចាប់ដ៏ធំមហិមាផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌នៅលើពិភពលោក»។
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេស G-20 ដែលគ្រោងនឹងចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះនៅពេលក្រោយនៃសប្ដាហ៍នេះ គឺរៀបចំឡើងដើម្បីបង្ហាញថា ក្រុមប្រទេស G-20 កំពុងធ្វើឱ្យប្រទេសរុស្ស៊ី ដែលជាសមាជិកមួយផងដែរនៃក្រុមនេះ នៅឯកោ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកខាងលើ។ ប៉ុន្តែ គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើប្រទេសប៉ុន្មាននឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នេះ។
បើទោះបីជាបណ្ដាមេដឹកនាំទាំងនេះយល់ស្របជាចម្បងលើសសរស្ដម្ភ៣ដែលនោះគឺស្ថាបត្យកម្មឌីជីថល ការផ្លាស់ប្ដូរថាមពល និងការផ្លាស់ប្ដូរបែបឌីជីថលនៃអាទិភាពរបស់ក្រុមប្រទេស G-20 ដែលប្រទេសឥណ្ឌូណេស៊ីបានជំរុញឡើងនៅក្រោមឋានៈរបស់ខ្លួនជាប្រធាននៃក្រុមប្រទេសនេះនៅឆ្នាំនេះក៏ដោយ ក៏សេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសនេះអំពីប្រទេសរុស្ស៊ីគឺជាឧបសគ្គដែលទំនងជាធ្វើឱ្យសេចក្ដីប្រកាសរួមមិនអាចលេចចេញជារូបរាងឡើង។ នេះបើតាមការបញ្ជាក់របស់ប្រភពការទូតនានាដែលបានប្រាប់ VOA។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ មុនពេលមេដឹកនាំទាំងនេះចាប់ផ្ដើមកិច្ចពិភាក្សាបិទទ្វារ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដែលជាប្រធានរៀបចំកិច្ចប្រជុំនេះ បានស្នើឱ្យបណ្ដាមេដឹកនាំផ្សេងទៀតធ្វើយ៉ាងណាកុំយកការខ្វែងគំនិតគ្នាទាក់ទិននឹងរឿងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនមកបង្អាក់ដល់របៀបវារៈរបស់ពួកគេសម្រាប់ការបង្រួបង្រួមនិងការរើបឡើងវិញផ្នែកសេដ្ឋកិច្ច។
លោក Widodo បានថ្លែងថា «យើងគ្មានជម្រើសអ្វីផ្សេងនោះទេ។ កិច្ចសហប្រតិបត្តិ ការគឺត្រូវការជាចាំបាច់ដើម្បីសង្គ្រោះពិភពលោក» ដោយលោកបានបន្ថែមថា សមា ជិកនៃក្រុមប្រទេស G-20 មានការទទួលខុសត្រូវមិនត្រឹមតែចំពោះប្រជាពលរដ្ឋខ្លួនឯងនោះទេ ប៉ុន្តែថែមទាំងចំពោះពិភពលោកផងដែរ ដែល «ការទទួលខុសត្រូវនេះមានន័យថាការបញ្ចប់សង្គ្រាមនេះ»។
លោកបានបញ្ជាក់បន្ថែមថា៖ «ក្រុមប្រទេស G-20 ត្រូវតែជាកាតាលីករសម្រាប់ការរើបឡើងវិញផ្នែកសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ យើងមិនត្រូវធ្វើឱ្យពិភពលោកមានការបែកបាក់គ្នានោះទេ។ យើងមិនត្រូវធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់មួយទៀតនោះឡើយ»៕