បេសកជន​ពិសេស​របស់​រុស្ស៊ី​ធ្វើ​ដំណើរ​ទៅ​ប៉ាគីស្ថាន​ដើម្បី​ពិភាក្សា​អំពី​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន

លោក Zamir Kabulov ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។

អ្នកការទូត​កំពូល​រុស្ស៊ី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​ពិភាក្សា​អំពី​កិច្ចខំប្រឹងប្រែង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​រវាង​ភាគី​សង្គ្រាម​នានា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​ជិត​ខាង។

បេសកជន​ពិសេស​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួល​បន្ទុក​កិច្ចការ​អាហ្វហ្គានីស្ថាន​ លោក Zamir Kabulov កំពុង​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​បន្ទាប់​ពី​កិច្ចចរចា​រវាង​តំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​ លោក Zalmay Khalilzad និង​ក្រុមតាលីបង់​នៅ​ប្រទេស​កាតា សម្រាប់​ការ​ផ្សះផ្សា​សង្គ្រាម​អាហ្វហ្គានីស្ថាន។ ប្រទេស​ប៉ាគីស្ថាន​បាន​ប្រកាស​ថា​ ខ្លួន​បាន​រៀបចំ​កិច្ចចរចា​សន្តិភាព​ដោយ​ផ្ទាល់​រវាង​បេសកជន​របស់​សហរដ្ឋអាមេរិក​និង​ក្រុមតាលីបង់។

នៅពេល​សួរ​អំពី​ការ​រំពឹង​ទុក​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​លោក Kabulov មន្ត្រី​ជាន់ខ្ពស់​ប៉ាគីស្ថាន​បាន​ប្រាប់ VOA ថា «បណ្តា​ប្រទេស​នៅក្នុង​តំបន់​មាន​ចំណាប់អាម្មរណ៍​និង​ក្តី​បារម្ភអំពី​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ ហើយ​នឹង​បន្ត​ផ្លាស់ប្តូរ​ទស្សនៈ​ទៅវិញ​ទៅមក​អំពី​ការវិវត្ត​ស្ថានភាព​នៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន»។

មន្ត្រី​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បាន​និយាយ​ថា​ បេសកជន​រុស្ស៊ី​នឹង​ចាប់​ផ្តើម​កិច្ចប្រជុំ​ជា​ផ្លូវ​ការ​ជាមួយ​ក្រសួងការបរទេស​ប៉ាគីស្ថាន​ចាប់​ពី​ថ្ងៃអង្គារ​នេះ​ទៅ។

ប្រទេស​រុស្ស៊ី​កំពុង​បង្កើត​កិច្ចខំប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ព្យាយាម​នាំយក​ក្រុម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មក​តុ​ចរចា​ ដោយ​បារម្ភ​ថា​អស្ថិរភាព​ដែល​បន្ត​កើត​ឡើង​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​គំរាមកំហែង​ដល់​សម្ព័ន្ធមិត្ត​នៅ​តំបន់អាស៊ី​កណ្តាល​ដែល​ចែក​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ដែល​ហែកហួរដោយ​សង្គ្រាម​មួយ​នេះ៕