លោក Vladimir Putin ដែលធ្លាប់ធ្វើជាប្រធានាធិបតីផង និងជានាយករដ្ឋមន្ត្រីផងនៃប្រទេសរុស្ស៊ីតាំងពីឆ្នាំ ១៩៩៩ មក បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅក្នុងអាណត្តិទី ៤ របស់លោកនៅថ្ងៃច័ន្ទនេះ នៅឯសាល Andreyevsky នៃវិមានក្រឹមឡាំង។
ដោយកាន់ច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងដៃ លោក Putin បាននិយាយថា៖ «ខ្ញុំចាត់ទុកនេះថាជាកាតព្វកិច្ចរបស់ខ្ញុំ និងជាគោលបំណងនៃជីវិតរបស់ខ្ញុំ ដើម្បីធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលខ្ញុំអាចធ្វើបានដើម្បីប្រទេសរុស្ស៊ីទាំងនៅពេលបច្ចុប្បន្ននេះ ក៏ដូចជាពេលអនាគតផងដែរ»។
លោក Putin នឹងមិនអាចឈរឈ្មោះជាប្រធានាធិបតីនៅអាណត្តិទី ៥ បានទេ ដរាបណាមានការកែប្រែចំពោះរដ្ឋធម្មនុញ្ញប្រទេសរុស្ស៊ី ដែលនាពេលបច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញរុស្ស៊ីបានហាមប្រាមមិនឲ្យប្រធានាធិបតីកាន់តំណែងលើសពីពីរអាណត្តិជាប់ៗគ្នានោះទេ។
លោក Putin បានភ្ជាប់តំបន់ Crimea ពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០១៤ និងបានសហការជាមួយនឹងមេដឹកនាំប្រទេសស៊ីរី លោក Bashar al-Assad ដើម្បីធ្វើយុទ្ធនាការយោធានៅក្នុងប្រទេសស៊ីរី។
ពិធីស្បថចូលកាន់តំណែងរបស់លោក Putin នេះបានធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃក្រោយមក បន្ទាប់ពីមានការតវ៉ាជាច្រើនបានធ្វើឡើងនៅទូទាំងប្រទេសរុស្ស៊ីដើម្បីប្រឆាំងនឹងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរយៈពេល ៦ ឆ្នាំជាបន្តទៀតរបស់លោក Putin។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីឈ្មោះរបស់ប្រទេសរុស្ស៊ី លោក Alexei Navalny ត្រូវបានចាប់ខ្លួន នៅពេលដែលលោកធ្វើដំណើរមកដល់ភ្លាមៗនៅកន្លែងធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងមូស្គូ។ ប៉ុន្តែ លោកត្រូវបានគេដោះលែងវិញកាលពីថ្ងៃអាទិត្យម្សិលមិញ៕