រុស្ស៊ី​មាន​ផែនការ​សង​សឹក​ប្រឆាំង​នឹង​ការដាក់​ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេ​រិក​

បុរស​ម្នាក់​ស្រាយ​ទង់ជាតិ​ពី​ស្ថានទូត​រុស្ស៊ី​ បន្ទាប់ពីមាន​រឿង​ជាមួួ​បុគ្គលិក​នៅ​ស្ថានទូត​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍​កាលពី​ថ្ងៃទី​១៤ មិនា ឆ្នាំ ២០១៨។

រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួនមាន​ផែនការ​សងសឹក​ប្រឆាំង​នឹង​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​ខ្លួន​នៅ​ក្នុង​ការទាក់​ទិន​ទៅ​នឹងការ​ដាក់​ថ្នាំ​បំពុល​អតីត​ចារបុរសម្នាក់​ហើយ​នឹង​កូន​ស្រី​របស់​លោក​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស។

រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ថា​ជាការ​ខុស​ច្បាប់។ រុស្ស៊ី​បាន​និយាយ​ទៀត​ថា ​ខ្លួន​មិនបាន​ធ្វើ​អ្វី​ពាក់​ព័ន្ធ​នឹងឧបទ្ទវហេតុ​កាល​ពី​ខែ​មិនា​ជាមួយ​លោក Sergei Skripal ​ហើយ​នឹង​កូនស្រី​របស់​លោក​ឈ្មោះ Yulia ​ដែល​ត្រូវ​បាន​គេ​រក​ឃើញមិនដឹង​ខ្លួន​នៅ​លើ​កៅអី​អង្គុយលេង​នៅ​ទីក្រុង​ Salisbury។

ពួកគេ​ មានជំងឺឈឺ​ដោយ​សារ​ត្រូវ​ថ្នាំ​ពុល Novichok ​ដែល​ជា​ប្រភេទ​ថ្នាំ​ពុល​ធ្វើឲ្យ​ខូច​សរសៃ​ប្រសាទ​ផលិត​នៅ​សម័យ​សហភាព​សូវៀត។​ អ្នកទាំង​២​នៅ​រស់រាន​មាន​ជីវិត ក៏ប៉ុន្តែ ​បាន​ចំណាយ​ពេល​រាប់​សប្តាហ៍​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

លោកស្រី Maria Zakharova អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា «សហរដ្ឋ​អាមេរិក​កំពុង​ដាក់​ការទាម​ទារ​ដោយ​ចេត​នា​ដែល​ជាការ​មិន​អាច​ឲ្យ​យើង ទទួល​យក​បាន​។​ យើង​ត្រូវ​បាន​គេ​គំរាម​កំហែង​ដោយពង្រីកសម្ពាធ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម»។

​លោក​ស្រីបាន​និយាយ​ថា «ឧបទ្ទវហេតុ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ជា​ការ​ដោះសារ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ហើយ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​ព្យា យាម​ប្រើប្រធាន​បទ​ប្រឆាំង​នឹង​រុស្ស៊ី​ជាមធ្យោបាយ​មួយ​ដើម្បី​បន្តធ្វើ​ឲ្យ​រុស្ស៊ីកាន់​តែ​អាក្រក់​ឡើង ​ហើយ​នឹងបង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិនបាន​បំពេញ​កាតព្វកិច្ច​អន្តរ ជាតិ​របស់​ខ្លួន។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រកាសការ​ដាក់​ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា ​រុស្ស៊ី​បាន​រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​ប្រើថ្នាំ​ពុល​សម្លាប់​ពលរដ្ឋ​ផ្ទាល់​របស់​ខ្លួន៕