ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ថា​ រុស្ស៊ី​ខ្វះ​កង​ទ័ព​មាន​គុណភាព​ ក្នុង​​ការ​​​​ដណ្តើម​​យក​តំបន់​ប្រទាញ​ប្រទង់​​ពី​អ៊ុយក្រែន

កងទ័ព​រុស្ស៊ី​ដើរ​​ឡើង​រថភ្លើងមួយ​នៅ​ក្រុង Omsk ប្រទេស​រុស្ស៊ី ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ទាំងរុស្ស៊ី​និង​អ៊ុយក្រែន​ បានដាក់​កងទ័ព​របស់​ខ្លួនយ៉ាង​ច្រើននៅ​ជុំវិញទី​ប្រជុំជន​ Pavlivka ​និង Vuhledar ​នៃ​តំបន់​ Donetsk ​ភាគ​កណ្តាល​ខាងត្បូង​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​អង់គ្លេស។​

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ចារកម្មចុងក្រោយរបស់​ខ្លួន​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ Twitter ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ តំបន់​នេះ​បាន​ក្លាយ​ជាទី​តាំង​ប្រយុទ្ធ​ដ៏​តឹង​តែង​មួយក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​ ដោយ​មិន​មាន​ភាគី​ណាមួយ​ដណ្តើមទឹកដី​កាន់កាប់បាន​ច្រើន​នោះ​ឡើយ។​

ក្រសួង​ការពារ​ជាតិ​អង់គ្លេសបន្ថែម​ទៀត​ថា​ តំបន់​នេះ​ទំនង​នឹងនៅ​ជា​កន្លែងប្រទាញ​ប្រទង់​គ្នា​ដ៏​ខ្លាំង ពី​ព្រោះ​រុស្ស៊ី​បាន​វាយតម្លៃ​ថា តំបន់​នេះជា​កន្លែងដែល​មាន​សក្តានុពល​ក្នុង​ការ​វាយប្រហារឆ្ពោះ​ទៅ​ទិស​ខាង​ជើងដ៏​សំខាន់​ក្នុង​ពេល​ខាង​មុខ​ ក្នុងការ​ដណ្តើម​យក​តំបន់ Donetsk​ ដែល​នៅ​សល់មួយ​ផ្នែកហើយដែល​កំពុង​កាន់កាប់​ដោយ​កងកម្លាំង​អ៊ុយក្រែន​នោះ។​ ​

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ក៏​ក្រសួង​ការពារ​ជាតិ​អង់គ្លេសនិយាយ​ថា​ ឱកាស​ដែលរុស្ស៊ីយល់​ថា​ជា​គោលបំណង​របស់​ខ្លួននោះ​ហាក់​កាន់​តែមាន​តិចទៅៗ​ ដោយ​សារ​រុស្ស៊ី​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​ផ្តោត​ទៅ​លើ​ការដាក់​ពង្រាយកម្លាំង​ដែល​មាន​គុណភាពគ្រប់គ្រាន់​ ដើម្បី​សម្រេច​បាន​នូវប្រតិបត្តិការ​វាយទម្លុះ​ទៅលើ​កងកម្លាំង​អ៊ុយក្រែន​នោះ​ឡើយ​។​

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​លើ​សំណើ​របស់​ក្រុមហ៊ុន Boeing នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ប្រទេស​អ៊ុយក្រែន​នូវ​គ្រាប់​បែក​តូចៗ​មាន​តម្លៃ​ថោក​ដែល​អាច​ទម្លាក់​ចំ​គោលដៅ​ជាក់លាក់​បាន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

គ្រាប់​បែក​ទាំង​នេះ​អាច​បំពាក់​ពី​លើ​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​ដែល​អ៊ុយក្រែន​កំពុង​មាន ដែល​ករណី​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​អាច​វាយ​ប្រហារ​បាន​ឆ្ងាយ​ផុត​ខ្សែត្រៀម​ជួរ​មុខរបស់​ប្រទេស​រុស្ស៊ី ស្រប​ពេល​ដែល​ក្រុម​បស្ចិម​ប្រទេស​ប្រឹងប្រែង​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ៊ុយក្រែន​ដែល​ចង់​បាន​សព្វាវុធ​បន្ថែម​ទៀត។

សព្វាវុធ​នៅ​ក្នុង​ឃ្លាំង​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​កាន់តែ​ថយចុះ ហើយ​អ៊ុយក្រែន​កំពុង​ត្រូវការ​សព្វាវុធ​ទំនើប​បន្ថែម​ទៀត​កាន់តែ​ច្រើន ស្រប​ពេល​ដែល​សង្គ្រាម​នៅ​កំពុង​បន្ត។

គ្រាប់​បែក​ដែល​ក្រុមហ៊ុន Boeing បាន​ស្នើ​ឡើង​នេះ​គឺ​ជា​គ្រាប់​បែក​ដែល​មាន​អង្កត់ផ្ចិត​តូច​បាញ់​ចេញ​ពី​ផ្ទាល់​ដី​បាន ដែល​គេ​ហៅ​ថា GLSDB។ គ្រាប់​បែក​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​គ្រាប់​រំសេវ​ថ្មីៗ​ដែល​ស្ថិត​ក្នុង​ផែនការ​ផលិត​សម្រាប់​ប្រទេស​អ៊ុយក្រែន​និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អឺរ៉ុប​ខាង​កើត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រភព​នៃ​ផ្នែក​ផលិត​គ្រាប់​បែក​នេះ។

គ្រាប់​បែក GLSDB នេះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ឆាប់​បំផុត​នៅ​រដូវ​ផ្ការីក​ឆ្នាំ​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​ឯកសារ​មួយ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឃើញ និង​មនុស្ស ៣ នាក់​ដែល​ដឹង​អំពី​រឿង​នេះ។

គ្រាប់​បែក​នេះ​គឺ​ជា​ការ​រួម​ផ្សំ​រវាង​គ្រាប់​បែក​អង្កត់ផ្ចិត​តូច (SDB) ប្រភេទ GBU-39 និង​ម៉ូទ័រ​រ៉ុក្កែត M26 ដែល​មាន​ជា​ច្រើន​នៅ​ក្នុង​ឃ្លាំង​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក។

ទន្ទឹម​នឹង​នេះ​ដែរ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​បាន​ទទួល​រៀប​ចំ​កិច្ចប្រជុំ​កំពូល​មួយក្នុង​រដ្ឋធានី​កៀវ ដើម្បី​កត់សម្គាល់​ខួប​ទី​៩០​នៃ​ទិវា Holodomor ឬ​ទិវា​គ្រោះទុរ្ភិក្ស​ដ៏​សំខាន់ ដើម្បី​លើក​កម្ពស់​ដល់​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​នាំ​ចេញ​គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅ​កាន់​ប្រទេស​នានា​ ដែល​ទទួល​រងគ្រោះខ្លាំង​បំផុត​ដោយ​ភាព​អត់ឃ្លាន​និង​គ្រោះរាំងស្ងួត។​ ​

គ្រោះទុរ្ភិក្ស Holodomor ​ត្រូវ​បាន​បង្កើត​ឡើងដោយ​អតីត​មេដឹកនាំ​ផ្តាច់​ការ​សូវៀត​លោក Josef Stalin នៅ​ក្នុង​រដូវ​រងាពី​ឆ្នាំ​១៩៣២ ​ដល់​ឆ្នាំ​១៩៣៣​ ដែល​ក្នុង​អំឡុងនោះជនជាតិ​អ៊ុយក្រែន​ចំនួន​ប្រមាណ​៨លាននាក់​ បាន​ស្លាប់​។​ ​ ​

លោក​ Zelenskyy​ បាន​ប្រើប្រាស់​ខួប​នៃ​គ្រោះ​ទុរ្ភិក្ស​នោះ​ ដើម្បីបញ្ជាក់​ឡើង​វិញពី​ការ​ប្តេជ្ញាចិត្តរបស់ប្រទេស​អ៊ុយក្រែន​ ក្នុងការ​នាំចេញគ្រាប់​ធញ្ញជាតិនិង​ស្បៀង​អាហារផ្សេងៗ​ ទៅ​កាន់​ទី​ផ្សារ​ពិភពលោក៕