ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកព្រមានថា ប្រទេសរុស្ស៊ីកំពុងព្យាយាមធ្វើឲ្យអន្តរាយទំនុកចិត្តរបស់ពលរដ្ឋអាមេរិកាំងលើសុវត្ថិភាពនិងសុពលភាពក្នុងការបោះ ឆ្នោតតាមប្រៃសណីយ៍។
ក្នុងព្រឹត្តិប័ត្រដែលត្រូវបានផ្សព្វផ្សាយសម្រាប់ពួកមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យស៊ើបការណ៍សម្ងាត់និងការវិភាគនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា រុស្ស៊ី «ទំនងជា»បន្តបង្កើនការរិះគន់ការបោះឆ្នោតតាមប្រៃសណីយ៍និងការផ្លាស់ប្តូរដំណើរការបោះឆ្នោតនៅពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ដើម្បីបំផ្លាញទំនុកចិត្តសាធារណជនក្នុងដំណើរការបោះឆ្នោតនេះ»។
ព្រឹត្តិប័ត្រនោះ បានបន្តទៀតថា កាលពីពាក់កណ្តាលខែសីហា បណ្តាញព័ត៌មានរដ្ឋរបស់រុស្ស៊ីនិងគេហទំព័រ ដែលគាំទ្ររុស្ស៊ី បានចេញផ្សាយការរិះគន់ការបោះឆ្នោតតាមប្រៃសណីយ៍នេះយ៉ាងខ្លាំង ដោយបានអះអាងថា ពួកអ្នកបោះឆ្នោតដែលមិនអាចបោះឆ្នោតបាន អាចទទួលបានសន្លឹកឆ្នោតចាស់ៗ សន្លឹកឆ្នោតយ៉ាងច្រើនត្រូវបានគេមិនរាប់និងមានគ្រោះថ្នាក់បំផុត។
ព្រឹត្តិប័ត្រនោះ បានប្រាប់ឲ្យដឹងទៀតថា ចាប់តាំងពីខែមិនាមក បណ្តាញព័ត៌មានរុស្ស៊ី ក៏បានស្វះស្វែងធ្វើឲ្យអន្តរាយទំនុកចិត្តក្នុងដំណើការបោះឆ្នោតតាមប្រៃសណីយ៍ ដោយបានចោទប្រកាន់ថា ពួកគេផ្តល់ឱកាសយ៉ាងច្រើនបំផុតដល់ពួកអ្នកលួចបន្លំ សន្លឹកឆ្នោត៕