មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយរ៉ុក្កែតរបស់រុស្សីទៅលើអគារលំនៅដ្ឋានកម្ពស់ប្រាំជាន់នៅក្នុងទីក្រុង Chasiv Yar ប្រទេសអ៊ុយក្រែន ហើយមនុស្សជាង២០នាក់ទៀតអាចជាប់នៅក្នុងគំនរបាក់បែក។
ការវាយប្រហារដោយកាំជ្រួចនៅយប់ថ្ងៃសៅរ៍គឺជាការវាយប្រហារចុងក្រោយបំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានធ្វើឱ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន ទោះជាយ៉ាងណារុស្ស៊ីជំទាស់ថា ខ្លួនវាយប្រហារទៅលើតែកន្លែងប្រតិបត្តិការយោធារបស់អ៊ុយក្រែនប៉ុណ្ណោះ។ ការវាយប្រហារលើទីក្រុង Chasiv Yar បានធ្វើឡើងបន្ទាប់ពីការវាយប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk នៅចុងខែមិថុនា និងស្លាប់២១ នៅអគារលំនៅដ្ឋាន និងកន្លែងកំសាន្តនៅតំបន់ Odesa នៅភាគខាងត្បូងក្នុងខែនេះ។
ទីក្រុង Chasiv Yar នៅចម្ងាយប្រហែល២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kramatorsk ដែលគេរំពឹងថា ជាគោលដៅសំខាន់របស់កងកម្លាំងរុស្ស៊ី នៅពេលពួកគេរុលចូលទៅភាគខាងលិចចូលទៅក្នុងខេត្ត Donetsk បន្ទាប់ពីប្រកាសជ័យជម្នះកាលពីមួយសប្តាហ៍មុននៅក្នុងខេត្ត Luhansk ដែលនៅជាប់គ្នានោះ។ លោក Pavlo Kyrylenko អភិបាលតំបន់ Donetsk ដែលរួមមានទីក្រុង Chasiv Yar បាននិយាយថា ទីប្រជុំជនដែលមានមនុស្សប្រហែល១ម៉ឺន២ពាន់នាក់នេះ ត្រូវបានវាយប្រហារដោយរ៉ុក្កែត Uragan ដែលបាញ់ចេញពីប្រព័ន្ធដឹកតាមរថយន្ត។ ផ្នែកសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានធ្វើការទាក់ទងតាមសំឡេងជាមួយមនុស្សយ៉ាងហោចណាស់បីនាក់ជាប់នៅក្នុងគំនរបាក់បែកនៃអគារផ្ទះល្វែង។
អ៊ុយក្រែនក៏បានរាយការណ៍ពីការវាយប្រហារដោយកាំជ្រួចនិងរ៉ុក្កែតរបស់រុស្ស៊ីយ៉ាងខ្លាំងនៅភាគខាងកើតនិងខាងត្បូងកាលពីថ្ងៃសៅរ៍។ អភិបាលក្រុង Kharkiv បាននិយាយថា ការវាយប្រហារដោយកាំជ្រួចលើទីក្រុងនៅភាគឦសាននេះបានធ្វើឱ្យជនស៊ីវិលបីនាក់រងរបួស ទោះជាយ៉ាងណាការវាយប្រហារចម្បងរបស់រុស្ស៊ីបានផ្តោតទៅលើតំបន់ឧស្សាហកម្ម Donbas នៅភាគខាងកើតដែលរួមមានខេត្ត Luhansk និង Donetsk។
មន្ត្រីអ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារទាំងនៅក្នុងទីក្រុង Luhansk និង Donetsk រីឯក្រសួងការពារជាតិអង់គ្លេសបាននិយាយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងយកកងកម្លាំងបម្រុងពីទូទាំងប្រទេសរុស្ស៊ី មកជិតប្រទេសអ៊ុយក្រែន។ ការផ្អាកប្រតិបត្តិការដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុនដោយរុស្ស៊ីនោះ មិនទាន់ចូលជាធរមាននៅឡើយទេ។ នេះបើតាមមន្ត្រីអ៊ុយក្រែននៅទីក្រុង Donbas។ លោក Kyrylenko បាននិយាយតាម Telegram ថា កាំជ្រួចរុស្ស៊ីបានវាយប្រហារលើទីក្រុង Druzhkivka ដែលនៅពីក្រោយសមរភូមិមុខ ហើយលោកបានរាយការណ៍ពីការបាញ់ផ្លោងលើតំបន់ប្រជាជនរស់នៅផ្សេងទៀត។
អភិបាលក្រុង Luhansk លោក Serhiy Haidai បាននិយាយតាម Telegram ថា កងកម្លាំងរុស្ស៊ីកំពុង«បាញ់តាមបណ្តោយសមរភូមិមុខទាំងមូល» ទោះជាយ៉ាងណាការវាយបករបស់អ៊ុយក្រែនជាបន្តបន្ទាប់លើឃ្លាំងអាវុធ និងគ្រាប់រំសេវរបស់រុស្ស៊ីបានបង្ខំឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូផ្អាកការវាយលុក។ នៅភាគខាងត្បូង បណ្តាញព័ត៌មាន BBC បានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនកំពុងខិតខំយ៉ាងខ្លាំងក្លាការពារ Mykolaiv ដែលជាកំពង់ផែទន្លេយុទ្ធសាស្ត្រដែលជាផ្លូវទឹកសំខាន់ទៅកាន់ Odesa ដែលជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់របស់អ៊ុយក្រែន។
កងទ័ពជើងទឹករុស្ស៊ីនៅតែរារាំងមិនឱ្យអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពី Odesa។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បានជំរុញឱ្យប្រជាជនចាកចេញពីផ្នែកនៃតំបន់ Kherson និង Zaporizhzhia កាន់កាប់ដោយរុស្ស៊ី នៅភាគខាងត្បូង។ ការព្រមាននេះបានបង្ហាញពីផែនការវាយបករបស់អ៊ុយក្រែនបន្ថែមទៀត៕
អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខរបស់វីអូអេលោក Jeff Seldin រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះ ត្រូវបានដក់ស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។