អ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពរុស្ស៊ីបានប្រើដ្រូនចំនួន ៣៨ គ្រឿងដើម្បីវាយប្រហារអ៊ុយក្រែនរយៈពេលមួយយប់ ហើយថា ដ្រូនខ្លះបានឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ហើយបានបណ្តាលឱ្យខូចខាតកំពង់ផែនៅក្នុងតំបន់ Odesa។
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Izmail ដែលជាផ្នែកដ៏សំខាន់មួយនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅតាមទន្លេ Danube។
លោក Kiper បាននិយាយថា ការវាយប្រហារនោះបានធ្វើឱ្យមានអ្នករបួស ២ នាក់និងធ្វើឱ្យខូចខាតរថយន្តជាង ៣០ គ្រឿង។
កងការពារដែនអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបំផ្លាញដ្រូន Shahed ដែលផលិតនៅប្រទេសអ៊ីរ៉ង់ចំនួន ២៦ គ្រឿង ក្នុងចំណោមដ្រូន ៣៨ គ្រឿងដែលត្រូវបានបញ្ជូនដោយរុស្ស៊ី។
នៅក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ពួកមន្ត្រីបាននិយាយថាការវាយរបស់រុស្ស៊ីរយៈពេលមួយយប់បានធ្វើឱ្យមនុស្សយ៉ាងតិចណាស់ក៏ ៤ នាក់ដែររងរបួស។
អភិបាលតំបន់ Kursk របស់រុស្ស៊ីដែលមានព្រំដែនជាមួយប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ដ្រូនមួយគ្រឿងរបស់អ៊ុយក្រែនបានទម្លាក់គ្រឿងផ្ទុះទៅលើរោងចក្រអគ្គិសនីបានធ្វើឱ្យដាច់ចរន្តអគ្គីសនីជាច្រើនភូមិ។
លោក Roman Starovoit បាននិយាយនៅលើតេឡេក្រាមថា មិនមានសេចក្តីរាយការណ៍ពីមនុស្សរងរបួសពីការវាយប្រហារនេះទេ។
មេបញ្ជាការរបស់កងនាវារុស្ស៊ីនៅសមុទ្រខ្មៅ លោកឧត្តមនាវីឯក Viktor Sokolov បានត្រូវសម្លាប់នៅក្នុងការវាយប្រហារកាំជ្រួចមីស៊ីលរបស់អ៊ុយក្រែនកាលពីសប្តាហ៍មុនទៅលើទីបញ្ជាការកងនាវារបស់រុស្ស៊ីនៅកំពង់ផែ Sevastopol ក្នុងឧបទ្វីប Crimea។ នេះបើតាមកងកម្លាំងពិសេសរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ។
ក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ឬបដិសេធការអះអាងរបស់អ៊ុយក្រែនទេ។
ការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុនបានដៅលើជំនួបរបស់មេដឹកនាំនាវារុស្ស៊ីនៅក្នុងទីក្រុង Sevastopol នៃឧបទ្វីប Crimea ដែលគ្រប់គ្រងដោយរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់យោធាអ៊ុយក្រែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters