រុស្ស៊ី​វាយ​ប្រហារ​ក្រុង​ Odesa ដោយ​​​ប្រើ​ដ្រូន

រូប​ឯកសារ៖ ទាហាន​អ៊ុយក្រែន​ឈរ​នៅ​ក្បែរ​​យាន​យោធា​មួយ​នៅ​ទីតាំង​​មួយ​កន្លែង​សម្រាប់​ការពារ​ទី​ក្រុង Odesa ក្នុង​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៣។

នៅ​ថ្ងៃ​ពុធ​នេះ​ប្រទេស​អ៊ុយក្រែន​បាន​រាយការណ៍​ថាកង​កម្លាំងរុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​ដ្រូន​ក្នុង​តំបន់​ Odesa នា​ប៉ែក​ខាងត្បូង​ប្រទេស។

លោក​ Yuri Kruk ​មេបញ្ជាការ​យោធាអ៊ុយក្រែន​ក្នុង​តំបន់ ​Odesa ​បាននិយាយថាដ្រូន​ទាំង​នេះ​បាន​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​នៅ​ហេដ្ឋារចនាសម្ព័ន្ធមួយ​កន្លែង ​តែ​គ្មាន​មនុស្ស​ស្លាប់​ទេ។

រុស្ស៊ី​បាន​ប្រើ​ដ្រូន​ជា​ច្រើន​ដើម្បី​វាយប្រហារប្រទេស​អ៊ុយក្រែន ​ដោយ​មាន​រួមការ​វាយប្រហារ​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ។

នៅ​ថ្ងៃពុធ​នេះ ​រដ្ឋមន្ត្រី​ការពារ​ជាតិសហរដ្ឋ​អាមេរិក​លោក Lloyd Austin ​បានសម្តែង​ការ​គាំទ្រ​ដល់ការ​ប្រឹងប្រែង​របស់​ប្រទេស​ស៊ុយអែត​ក្នុង​ការ​ចូលរួម​ក្នុង​សម្ពន្ធភាព​អូតង់។

ថ្លែងនៅ​ក្នុង​ទស្សនកិច្ច​មួយ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ស៊ុយអែត​ Musko ​លោក Austin បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​«បន្ត​គាំទ្រ​ដល់​ការ​ចូល​រួម​យ៉ាង​ឆាប់រហ័ស​របស់​អស់​លោកអ្នកក្នុង​អង្គការ​អូតង់ហើយ​យើង​នឹងប្រឹងប្រែងឱ្យ​ការណ៍​នេះ​បានសម្រេច​នៅមុន​សន្និសីទ​កំពូល‍»។

លោក Austin ​បាន​និយាយថា​កងកម្លាំង​ស៊ុយអែត​នឹង​«បន្ថែម​តម្លៃ​ច្រើន​ដល់​អូតង់ កិច្ចប្រឹងប្រែងទាំងអស់​របស់​យើង ​អស់លោកមាន​កងយោធា​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ណាស់​ហើយស៊ុយអែត​បាន​វិនិយោគ​ច្រើន​ក្នុងទំនើបកម្ម​កាល​ពីបីបួន​ឆ្នាំមុន​នេះ‍»។

ស៊ុយអែត​បានដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​អូតង់ជា​មួយ​ប្រទេស​ហ្វាំងឡង់​ជា​ការ​ឆ្លើយ​តបនឹងការលុកលុយ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ​ទៅមិញ។

ហ្វាំងឡង់​បាន​ចូលរួម​ជា​ផ្លូវការក្នុង​សម្ព័ន្ធភាព​យោធា​នេះកាលពី​ដើម​ខែ​មេសា។ ការ​សុំ​ចូល​ជាសមាជិក​របស់​ស៊ុយអែត​ត្រូវ​ផ្អាក​ដោយសារមាន​ការជំទាស់ពី​ប្រទេស​ហុងគ្រីនិង​ប្រទេស​តួកគីដែល​និយាយ​ថា ​ស៊ុយអែត​មិន​បាន​ចាត់ការ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បង្ក្រាប​លើ​ក្រុម​នានាដែល​តួកគី​ចាត់​ទុក​ថា​ជា​អង្គការភេរវកម្ម៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP និង​ Reuters