ច្បាប់​ភ្នាក់​ងារ​បរទេស​របស់​ប្រទេស​រុស្ស៊ី​មាន​ផល​ប៉ះពាល់​លើ​ក្រុម​សង្គមស៊ីវិល​និង​អង្គការ NGO

  • Henry Ridgwell

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក ក្នុង​កិច្ចប្រជុំ​មួយ​សម្រាប់​យុទ្ធនាការ​របស់​លោក​ ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

ប្រទេស​រុស្ស៊ី​បាន​រឹត​បន្តឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា «ច្បាប់​ភ្នាក់​ងារ​បរទេស‍»​ កាល​ពី​ខែ​មុន​ដើម្បី​សម្តៅ​លើ​បណ្តាញ​ព័ត៌មាន​បរទេស​ដែល​កំពុងធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រ​ទេស​នេះ។​ ការណ៍​នេះ​មានន័យថា ​រដ្ឋាភិបាល​អាច​តម្រូវ​ឲ្យ​បណ្តាញ​ព័ត៌មាន​ថ្លែង​ថា ​«ពួកគេ​ជា​ភ្នាក់​ងារ​បរទេស‍»​ ហើយ​ពួកគេ​ក៏​ត្រូវ​បញ្ជូន​ព័ត៌មាន​អំពី​បុគ្គ​លិក​និង​ហិរញ្ញវត្ថុ​ដែរ។ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​​អង្គការ​ព័ត៌មាន​ទទួល​បាន​ការ​កំណត់​បែប​នេះ​ដែរ។ ច្បាប់​ប្រហាក់​ប្រហែល​គ្នា​នេះ​បាន​ត្រូវ​ដាក់​ស្នើ​ឡើង​នៅ​ឆ្នាំ​២០១២​ប្រឆាំង​នឹង​ក្រុម​អង្គការ​សង្គមស៊ីវិល​ដែល​ទទួល​បាន​ការគាំទ្រ​ពី​បរទេស​ដែរ។

​នៅ​ខាង​ក្រៅ​ការិយាល័យ​ថ្នាក់​តំបន់​របស់​អង្គការ​សិទ្ធិ​មនុស្ស Memorial នៅ​ដើម​ខែ​នេះ​ក្នុង​ទីក្រុង Ilngushetia។ កាមេរ៉ា​សន្តិសុខ (CCTV) ថត​បាន​បុរស​២​នាក់​កំពុង​ឡើង​ជណ្តើរ​មុន​ពេល​ដុតអាគារ​នោះ។ ពួក​អាជ្ញាធរ ​បាន​បដិសេធ​ពីការ​ជាប់​ទាក់​ទិន​ណាមួយ​នៅ​ក្នុងការ​វាយ​ប្រហារ​នេះ។

អង្គការ Memorial បាន​ក្លាយ​ជា​ទីដៅ​យូរយារ​ណាស់​មក​ហើយ​ចំពោះ​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ប្រមូល​ចងក្រង​ឯកសារ​ឧក្រិដ្ឋកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​អតីត​សហភាព​សូវៀត ​និង​ការ​រំលោភ​សិទ្ធិ​មនុស្សក្នុង​សម័យ​ទំនើប។ អង្គការ​នោះ​ត្រូវ​បានគេ​ចាត់​ទុកថា​ជា «ភ្នាក់ងារ​បរទេស‍» នៅ​ឆ្នាំ​២០១៥ ​ហើយត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ទទួល​ថវិកា​ពី​គណៈកម្មការ​ទាយជ្ជទាន​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​អឺរ៉ុប​របស់​សហរដ្ឋ​អាមេរិក (U.S. National Endowment for Democracy and the European Commission)។ លោក Kirill Koroteev ​នាយក​ផ្នែក​ច្បាប់​របស់​អង្គការ Memorial បាន​និយាយ​ថា៖ «យើង​ត្រូវចំណាយ​ពេល​វេលា​យ៉ាង​ច្រើននៅ​ក្នុង​តុលាការ។ យើង​ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​ការពារ​ខ្លួនឯង ​ពីព្រោះ​តែ ​យើង​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​យ៉ាង​តឹងរ៉ឹង​ពីរដ្ឋ​ហើយ​ការណ៍​នេះ​មាន​ន័យថា បញ្ហា​តូច​បំផុត​ក៏​អាច​ជា​កំហុស ជា​របៀប​ដែល​រដ្ឋ​មើល​ឃើញដែល​នាំ​ឲ្យ​មាន​ការ​ផាក​ពិន័យ​ ឬ​គំរាម​កំហែង​ដើម្បី​កំចាត់យើង‍»។

ចំពោះ​មនុស្ស​ជាច្រើន «ច្បាប់​ភ្នាក់​ងារ​បរទេស‍» បាន​បញ្ចេញ​សារ​ជា​ថ្មី​នូវ​ការ​ប្រកាស​ប្រឆាំង​ដែល​បាន​រៀប​ចំ​ឡើង​ក្នុង​សករាជ​ស្តាលីន​ដែល​បាន​ចោទ​ប្រកាន់​ចារកម្ម​ប្រឆាំង​នឹង​សូវៀត។ លោក Kirill Koroteev បាន​និយាយ​ទៀត​ថា៖ «យើង​អាច​និយាយ​គ្មាន​ការ​ងឿង​ឆ្ងល់​ឡើយ​ថា​ ពាក្យ​សម្តី​បែប​នេះ​បាន​ខ្ចី​មក​ពី​សម័យ​ស្តាលីន​ដ៏​ភ័យ​ខ្លាច​បំផុត។ នេះ​ជា​ភស្តុតាង​ដ៏​ច្បាស់​បំផុត‍»។

មជ្ឈមណ្ឌល Levada ​ធ្វើ​ការ​ស្រាវ​ជ្រាវសង្គម​ និង​ស្ទង់​មតិ។​ មជ្ឈមណ្ឌល​នេះ​ក៏​បាន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា «ភ្នាក់​ងារ​បរទេស‍» ដែរ​ ហើយ​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ប្រតិបត្តិការ​ក្នុង​រដូវ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​របស់​រុស្ស៊ី។ លោក Denis Volkov នៃ​មជ្ឈម​ណ្ឌល Levada ​បាន​និយាយ​ថា៖ «មិន​មាន​នរណា​ព្យាយាម​ស្វែងរក​ដោយ​ខ្លួន​ឯង​ថា​តើ​ប្រាក់​បរទេស​នោះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​អ្វី​ទេ។ បញ្ហា​ដ៏​សំ​ខាន់​បំផុតគឺ​ថា​ ស្លាក​នោះ​បាន​ត្រូវ​គេ​ភ្ជាប់​ទៅ​នឹង​អង្គការ ​បន្ទាប់​មក វា​ហាក់​ដូច​ជា​ធ្វើ​មិន​ឲ្យ​មាន​ភាព​ច្បាស់​លាស់ ​ស្លាក​នេះ​មាន​ន័យថា អង្គការ​នោះ​ធ្វើ​ការ​ឲ្យ​ពួក​បរទេស ​ហើយ​ប្រសិនបើ ​លោក ​អ្នក​ធ្វើ​ការ​ឲ្យបរទេស ​ការណ៍​នេះ​មាន​ន័យ​ថា ​លោក ​អ្នក​ប្រឆាំង​នឹង​រុស្ស៊ី‍»។

រដ្ឋាភិបាល​ក្រុង​មូស្គូ​និយាយ​ថា ច្បាប់​នេះ​មាន​គោល​បំណង​បញ្ឈប់​ការ​ជ្រៀត​ជ្រែក​បរទេស​ក្នុង​កិច្ចការ​នយោបាយ​របស់​រុស្ស៊ី។ នៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​មូស្គូ ​មនុស្ស​តិច​តួច​ណាស់​ចង់​ពិភាក្សា​អំពី​ប្រធានបទ​នេះ។ ​អ្នក​ដែល​បញ្ចេញ​មតិ​បាន​គាំទ្រ​រដ្ឋាភិបាល។ អ្នកស្រី Larisa អ្នក​រស់​នៅ​ក្នុង​ក្រុង​មូស្គូ​បាន​ថ្លែង​ថា៖ «ខ្ញុំ​គាំទ្រ​អ្វីៗ​ទាំងអស់​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ជាតិ និងផ្តល់​ប្រយោជន៍ដល់​យើង។​ ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត។ ខ្ញុំ​ប្រហែល​ជា​អ្នក​ស្នេហា​ជាតិ ​ក៏ប៉ុន្តែ ​ខ្ញុំ​គិតថា ​យើង​នឹង​នៅ​រស់​រាន​មាន​ជីវិត​ដោយ​មិន​មាន​បរទេស​ទាំងអស់​នោះ‍»។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រាប់​ឲ្យ​ដឹងថា ​ច្បាប់​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧ ទៅ​លើ​អង្គការ​ចំនួន​១៥៨​ដែល​រុស្ស៊ី​ចាត់​ទុក​ថាជា​ភ្នាក់ងារ​បរទេស​ហើយ​តុលាការ​បាន​ធ្វើ​ការ​ផាក​ពិន័យ​យ៉ាង​ខ្លាំង​ដល់អង្គការ​ដែល​មិន​បាន​អនុវត្ត​តាម។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា ​អង្គការ​សង្គម​ស៊ីវិល​ប្រហែល​៣០​បាន​បិទ​ទ្វារ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន