តុលាការមួយក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បិ៍ម្សិលមិញ បានផាកពិន័យក្រុមហ៊ុន Google ចំនួន៣២.០០០ដុល្លារអាមេរិក ដែលមិនបានលុបព័ត៌មានមិនពិតមួយ ស្តីពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
ការសម្រេចរបស់ចៅក្រមតុលាការនេះ កើតមានឡើង ក្រោយពីមានការសម្រេចប្រហាក់ប្រហែលគ្នាកាលពីដើមខែសីហាកន្លងទៅនេះ ប្រឆាំងនឹងក្រុមហ៊ុន Apple និងមូលនិធិ Wikimedia ដែលជាអ្នកគ្រប់គ្រងបណ្តាញផ្ទុកឯកសារ Wikipediaផងដែរ។
សេចក្តីរាយការណ៍ព័ត៌មានមួយចំនួនរបស់រុស្ស៊ីបានឱ្យដឹងថា តុលាការរុស្ស៊ីមួយនេះរកឃើញថា ផ្នែកវីដេអូក្រុមហ៊ុន YouTube ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google មានកំហុស ដោយមិនបានលុបចេញព័ត៌មានមិនត្រឹមត្រូវ អំពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថា ជា«ប្រតិបត្តិការយោធាពិសេសមួយ»នោះ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីជាច្រើនផ្សាយថា ក្រុមហ៊ុន Google ក៏ត្រូវបានរកឃើញផងដែរថា មិនបានដកចេញវីដេអូណែនាំមួយចំនួន ដែលបានបង្ហាញពីរបៀបចូលទៅមើលទីតាំងមួយចំនួន ដែលមិនត្រូវបានអនុញ្ញាតសម្រាប់មនុស្សមិនទាន់គ្រប់អាយុ ដោយមិនបានធ្វើការបញ្ជាក់ឱ្យច្បាស់ពីទីតាំងជាក់លាក់ណាមួយនោះឡើយ។
ចាប់តាំងពីបញ្ជូនទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក រុស្ស៊ីបានអនុវត្តវិធានការមួយចំនួន ដើម្បីដាក់ពិន័យដល់ការរិះគន់ និងការសួនាំពីយុទ្ធនាការយោធារបស់ខ្លួន។
ក្រុមអ្នករិះគន់ខ្លះបានទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ មន្ត្រីបក្សប្រឆាំងលោក Vladimir Kara-Murza ត្រូវបានកាត់ទោសនៅឆ្នាំនេះឱ្យជាប់ពន្ធនាគារចំនួន ២៥ ឆ្នាំ ពីបទក្បត់ជាតិ ដែលកើតឡើងពីការថ្លែងសុន្ទកថាមួយរបស់លោក ប្រឆាំងនឹងសកម្មភាពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន៕