រុស្សី​បារម្ភ​​​នឹង​ការស្លាប់​ជន​ស៊ីវិល​ដោយ​ការ​បង្រ្កាប​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

បាតុករ​មីយ៉ាន់ម៉ានាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុ​ងក្រុង Monywa តំបន់ Sagaing ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ប្រទេស​រុស្សី​ បាន​ទទួល​ស្គាល់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ខ្លួន​កំពុង​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​បានបញ្ជាក់​ថា​ ខ្លួន​មាន​ការបារម្ភជា​ខ្លាំង​ពី​ការកើន​ឡើងនូវ​គ្រោះថ្នាក់​លើ​ជន​ស៊ីវិលនៅ​ក្នុងបាតុកម្ម​ប្រឆាំង​នឹង​ការដឹកនាំនៃ​របប​យោធា។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង ​AFP។

មនុស្ស​ប្រមាណ​ជាង​១០០​នាក់​ ដែល​ក្នុង​នោះ​មាន​ទាំង​កុមារផង​ដែរ​ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាញ់​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដែល​ជា​ថ្ងៃ​តវ៉ាប្រឆាំងចុង​សប្តាហ៍មួយ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធាកាលពី​ដើម​ខែ​កុម្ភៈ​មក។​ ​

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំងលោក Dmitry Peskov ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​រុស្សី​មាន​ទំនាក់ទំនង​ស្ថាបនា​និង​យូរ​អង្វែង​ជា​មួយ​មីយ៉ាន់ម៉ា។

«នេះ​មិនមាន​ន័យ​ថា​ យើង​គាំទ្រ​ព្រឹត្តិការណ៍​សោកនាដកម្ម ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ឡើយ។​ យើង​បារម្ភ​ពី​ការរងគ្រោះ​ថ្នាក់នៃ​ជន​ស៊ីវិល​ដែល​កំពុងតែមាន​ចំនួន​កើន​ឡើង។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​Peskov៕