រុស្ស៊ី​និង​ចិន​រំពឹង​បង្កើន​របៀបវារៈ​របស់ខ្លួន​ក្នុង​កិច្ចប្រជុំ​កំពូល BRICS ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង

ផ្ទាំង​បដា​សម្រាប់​កិច្ចប្រជុំ​កំពូល BRICS ព្យួរ​នៅ​លើ​បង្គោល​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​សន្និបាត Sandton ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

ប្រទេស​ចិននិង​រុស្ស៊ីនឹង​ឈាន​ទៅទទួល​បាន​ឥទ្ធិពល​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ នៅ​ក្នុងកិច្ចប្រជុំ​កំពូលក្នុង​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ក្នុង​សប្តាហ៍​នេះ​ នៅ​ពេល​ដែល​មាន​ការ​រំពឹង​ទុក​ពី​ការប្រឆាំង​រួម​គ្នា​មួយ ដែលប្រហែល​ជា​នឹងឈាន​ទៅ​ដល់​ការទាក់ទាញប្រទេស​អារ៉ាប៊ីសាអូឌីត​ ឱ្យ​ខិត​ទៅ​ខាង​ពួក​គេ​កាន់​តែ​ជិត​ថែម​ទៀត​នោះ។ ​នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AP។

មេដឹកនាំ​ប្រទេសដែល​មានសេដ្ឋកិច្ច​ធំ​ក្នុង​ប្លុក ​BRICS​ ដែល​រួម​មានប្រទេស​ប្រេស៊ីល​ រុស្ស៊ី ឥណ្ឌា​ ចិន និង​អាហ្វ្រិក​ខាង​ត្បូង​ នឹង​បើកកិច្ចប្រជុំមួយ​ ដែល​មាន​រយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ​ Sandton​ នៃ​ទីក្រុង ​Johannesburg​ ប្រទេស​អាហ្វ្រិកខាង​ត្បូង​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធានាធិបតី​ចិន​ លោក Xi Jinping ដែល​នឹង​បង្ហាញពី​វិនិយោគ​ទុន​ការ​ទូត​ដែល​ប្រទេស​លោក ​បាន​ធ្វើ​នៅក្នុង​ប្លុក​មួយ​នេះ​ ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លង​ទៅ​ ​និងក៏ជា​កន្លែង​មួយ​សម្រាប់​មហិច្ឆតា​របស់​ខ្លួន​ផង​ដែរ។

ដោយ​ឡែក​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​នឹង​ថ្លែង​សុន្ទរកថា​តាមរយៈ​ប្រព័ន្ធវីដេអូ​ ព្រោះ​ការ​ធ្វើ​ដំណើរ​របស់​លោកទៅ​កាន់​ប្រទេសអាហ្រ្វិក​ខាង​ត្បូង​ អាចជាប់​ពាក់ព័ន្ធ​នឹងដីការចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ជុំវិញ​សង្គ្រាម​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតីប្រេស៊ីល​ លោក​ Luiz Inácio Lula da Silva​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​លោក Narendra Modi និង​ប្រធានាធិបតី​អាហ្វ្រិកខាង​ត្បូង​ លោក​ Cyril Ramaphosa ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដោយ​ផ្ទាល់​ជា​មួយ​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ផង​ដែរ។

កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​ពុធ​ខាង​មុខនេះ​ ​ក៏​ដូច​ជា​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ក្រៅ​ជំនួប​កំពូលនៅ​ថ្ងៃ​អង្គារ៍​ស្អែក​ និង​ថ្ងៃ​ព្រហស្បតិ៍នោះ ​ត្រូវ​គេ​រំពឹង​ថា នឹងបង្កើត​ការ​អំពាវនាវ​ទូទៅ​មួយ​ ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ក្នុង​ចំណោមប្រទេស​តំបន់​ភាគខាង​ត្បូង​នៃ​ពិភពលោក​ ស្របពេល​ដែល​មាន​ការ​មិន​សប្បាយ​ចិត្តកាន់​តែខ្លាំង​ឡើង​ ជុំវិញ​ការ​គ្របដណ្តប់​លើ​ស្ថាប័ន​សាកលលោករបស់ប្រទេស​លោក​ខាង​លិច។

នេះ​ជា​ចេតនាមួយដែល​រុស្ស៊ី​និង​ចិន​មាន​សេចក្តី​រីករាយជាខ្លាំង​ក្នុង​ការ​ចូលរួម។​ មេដឹកនាំ​និងតំណាង​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​ មានកំណត់​នឹង​ចូលរួមនៅ​ក្នុង​កិច្ចប្រជុំពាក់ព័ន្ធ​ នៅ​ក្នុង​ទីក្រុង​នៃ​ប្រទេស​អាហ្វ្រិក​ដែល​រីកចម្រើន​ខ្លាំង​មួយ​នេះ​ ​ដើម្បី​ផ្តល់ដល់​ប្រធានាធិបតី​ចិន​ លោក Xi​ Jinping និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ Sergey Lavrov​ ដែល​តំណាង​ឱ្យលោក​ Putin នៅ​ក្នុង​ប្រទេសអាហ្វ្រិក​ខាង​ត្បូងនូវ​ទំហំ​អ្នក​ចូលរួម​ដ៏​ច្រើនមួយ៕