ប្រទេសរុស្ស៊ីនិងប្រទេសចិនរឹតចំណងទាក់ទងគ្នាជិតស្និទ្ធជាងមុនកាលពីថ្ងៃពុធ ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានដល់«ព្រំដែនថ្មី» ទោះជាស.រ.អ.បានសម្តែងកង្វល់ថា រដ្ឋាភិបាលក្រុងប៉េកាំងអាចផ្តល់អាវុធឱ្យរដ្ឋាភិបាលមូស្គូដើម្បីជួយដល់ការប្រឹងប្រែងរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
ចិនបានប្រកែកមិនព្រមរិះគន់ការលុកលុយមួយឆ្នាំមកហើយរបស់រុស្ស៊ីក្នុងអ៊ុយក្រែន តែបានបដិសេធថា ខ្លួនមិនបានផ្តល់ការគាំទ្រយោធាឱ្យកងកម្លាំងរដ្ឋាភិបាលក្រុងមូស្គូទេ។ នៅពេលដែលអ្នកសារព័ត៌មានសួរអំពីបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ពួកអ្នកតំណាងរដ្ឋាភិបាលប៉េកាំងបានឆ្លើយរួចហើយលើបញ្ហានេះ ហើយ«បានបដិសេធកង្វល់នេះហើយដែរ។ ដូច្នេះគ្មានអ្វីត្រូវនិយាយបន្ថែមនៅទីនេះទេ»។
តែលោក Putin បានស្វាគមន៍លោក Wang Yi អ្នកការទូតកំពូលនៃប្រទេសចិន ដោយបាននិយាយប្រាប់លោកថាលោកទន្ទឹងរង់ចាំទស្សនកិច្ចនៅក្រុងមូស្គូដោយប្រធានាធិបតីចិនលោក Xi Jinping ហើយថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរអាចកើនដល់២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយកើនពី១៨៥ពាន់លានដុល្លារកាលពីឆ្នាំទៅ។
លោក Putin បាននិយាយប្រាប់លោក Wang ថា«យើងរង់ចាំទស្សនកិច្ចមួយដោយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងប្រទេសរុស្ស៊ី យើងបានយល់ស្របគ្នាហើយអំពីដំណើរទស្សនកិច្ចនេះ។ អ្វីៗគ្រប់យ៉ាងកំពុងជឿនលឿន កំពុងអភិវឌ្ឍ។យើងកំពុងទៅដល់ព្រំដែនថ្មីហើយ»។
នៅពេលចាប់ផ្តើមកិច្ចចរចារបស់លោកជាមួយលោក Wang លោក Putin បានសរសើរចំណងទាក់ទងរវាងប្រទេសទាំងពីរ។ លោក Putin បានថ្លែងថាដោយមានកំណើនភាពតានតឹងក្នុងពិភពលោក«កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហព័ន្ធរុស្ស៊ីលើឆាកអន្តរជាតិមានសារៈសំខាន់ជាពិសេសដល់ការធ្វើឱ្យស្ថានការណ៍អន្តរជាតិមានស្ថិរភាព»។
តាមរយៈអ្នកបកប្រែភាសាម្នាក់ លោក Wang បាននិយាយប្រាប់លោក Putin ថាទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមែនប្រឆាំងនឹងភាគីទីបីណាមួយទេ តែនឹង«មិនបង្អោនទៅតាមសម្ពាធពីភាគីទីបីឡើយ»ដែលជាការតបតនឹងស.រ.អ.ក្រោយរដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានព្រមានលោក Wang កាលពីដំណាច់សប្តាហ៍មុននេះអំពីផលវិបាកមិនត្រូវបានបញ្ចាក់ឱ្យជាក់លាក់ប្រសិនបើចិនផ្តល់ការគាំទ្រដែលនាំឱ្យមានមនុស្សស្លាប់ដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។