កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ីបានរារាំងសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយដោយស.រ.អា.នៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលថ្កោលទោសការបាញ់ពិសោធន៍កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា សកម្មភាពកាំជ្រួចមីស៊ីលផ្លោងខុសច្បាប់របស់ប្រទេសកូរ៉េខាងជើងកំពុងឈានទៅរកការផលិតប្រព័ន្ធបាញ់អាវុធនុយក្លេអ៊ែរ និង «កំពុងបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់នោះ និងក្រៅតំបន់ផងដែរ»។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ក៏បានទាមទារដែរថា ប្រទេសកូរ៉េខាងជើង «ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបន្ថែមទៀត ដែលខ្លួនបានរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងត្រូវគោរពឱ្យបានពេញលេញតាមកាតព្វកិច្ចរបស់ខ្លួនតាមរយៈសេចក្តីសម្រេចចិត្តទាំងនេះ»។
ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ខ្វល់ខ្វាយថា រដ្ឋាភិបាលក្រុង ព្យុងយ៉ាងបង្វែធនធានទៅបង្កើតកាំជ្រួចមីស៊ីល និងគ្រាប់បែកនៅពេលដែលប្រជារាស្ត្រកូរ៉េខាងជើង «មានសេចក្តីត្រូវការច្រើនដែលមិនបានត្រូវបំពេញ»។
គេដឹងមិនច្បាស់លាស់ទេហេតុដូចម្តេចបានជាប្រទេសរុស្ស៊ីបានរារាំងសេចក្តីថ្លែងការណ៍នេះដែលសឹងតែដូចនឹងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កាលពីខែកុម្ភៈដែលប្រទេសរុស្ស៊ីបានយល់ព្រម លើការថ្កោលទោសការបាញ់ពិសោធន៍កាំជ្រួចមីស៊ីលផ្លោងឯទៀតៗ។
ក៏ប៉ុន្តែពួកអ្នកការទូតនិយាយថា រដ្ឋាភិបាលក្រុងមូស្គូបានជំទាស់នឹងការដកពាក្យថា «តាមរយៈការសន្ទនាគ្នា» ចេញពីសេចក្តីថ្លែងការណ៍ថ្មីបំផុត នៅពេលនិយាយអំពីដំណោះស្រាយខាងការទូតជាមួយប្រទេសកូរ៉េខាងជើង។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson គ្រោងនឹងធ្វើជាអធិបតីនៃការប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខនៅសប្តាហ៍ក្រោយអំពីបញ្ហាប្រទេសកូរ៉េខាងជើង។ លោកអគ្គលេខាធិការអ.ស.ប. Antonio Guterres នឹងមានប្រសាសន៍ត្រួសៗប្រាប់ពួកសមាជិកនៃក្រុមប្រឹក្សានេះ។
កាលពីថ្ងៃពុធ លោកស្រីឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប. Nikki Haley បានព្រមានប្រទេសកូរ៉េខាងជើងកុំឱ្យ «ឈ្លោះ» ជាមួយស.រ.អា.៕