កងទ័ព​រុស្ស៊ី​មានបំណង​ពិភាក្សា​​ពន្យារ​ការផ្អាក​សកម្មភាព​យោធា

រថក្រោះ​របស់​កងទ័ព​រំដោះ​ស៊ីរី​បាញ់​ប្រហារ​នៅ​ក្នុង​តំបន់ Ramousah ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២ ខែសីហា​ ឆ្នាំ២០១៦។

កងទ័ព​រុស្ស៊ី​មាន​បំណង​ពិភាក្សា​ពន្យារ​ការ​ផ្អាក​សកម្មភាព​យោធា​៣ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ទីក្រុង​ Aleppo​ ប្រទេស​ស៊ីរី។​ នេះ​បើ​យោង​តាម​មន្ត្រី​អ.ស.ប. ​ដែល​កំពុង​ស៊ើប​អង្កេត​របាយការណ៍ដែល​ថា​ កងទ័ព​ស៊ីរី​បាន​ប្រើ​ គ្រាប់​បែក​ឧស្ម័ន​ក្លរីន​នៅ​តំបន់​នេះ។​ កងទ័ព​រុស្ស៊ី​គ្រោង​ផ្អាក​សកម្មភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍ដែល​ជា​ការ​ផ្អាក​បណ្តោះ​អាសន្ន​ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ជួយ​ជន​រងគ្រោះ។

ប៉ុន្តែ Mohammed Rasheed​ អ្នក​នាំ​ពាក្យ​ក្រុម​បះបោរដែល​ធ្វើ​ការ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ស៊ីរី ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បទ​ឈប់​បាញ់​មិន​ទាន់​អនុវត្ត​នៅ​ឡើយ។ តែ​លោក​និយាយ​ថា​ ផ្ទុយ​ទៅ​វិញ​មាន​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​កើន​ឡើង ហើយ​កម្លាំង​រដ្ឋាភិបាល​បាន​ព្យាយាម​រុល​ចូល​សង្កាត់​ Ramousah ក្រុង Aleppo៕​