មនុស្ស​៧១​នាក់​លើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​រុស្ស៊ី​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ

នៅ​ក្នុង​រូបភាព​ដែល​ផ្តល់​ដោយ​ក្រសួង​ស្ថានភាព​បន្ទាន់​របស់​រុស្ស៊ី បុគ្គលិក​របស់​ក្រសួង​នេះ​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ AN-148 នៅ​ក្នុង​ភូមិ Stepanovskoye ប្រហែល​ជា​៤០គ.ម.​ពី​ព្រលានយន្តហោះ Domodedovo ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

មនុស្ស​ទាំង​៧១​នាក់​លើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​រុស្ស៊ី​បាន​ស្លាប់​នៅ​ពេល​ដែល​យន្តហោះ​នេះ​បាន​ធ្លាក់ ក្បែរ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​សម្តី​របស់​ក្រុម​មន្ត្រី​រុស្ស៊ី​ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ។

ការិយាល័យ​ស៊ើបអង្កេត​ការ​ដឹក​ជញ្ជូន​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ មួយ​ថា «អ្នក​ដំណើរ​ចំនួន​៦៥​នាក់​និង​ក្រុម​ការងារ​៦​នាក់​នៅ​លើ​យន្តហោះ​នោះ​បាន​ស្លាប់​ទាំងអស់»។

យន្តហោះ​ដែល​មាន​អាយុកាល​៧​ឆ្នាំ​នេះ បាន​បាត់​ដំណឹង​ពី​រ៉ាដា​ប៉ុន្មាន​នាទី បន្ទាប់​ពី​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ Domodedovo ដែល​ធំ​បំផុត​ទី​ពីរ​នៅ​ក្នុង​រដ្ឋធានី​ ហើយ​បាន​ធ្លាក់​ក្នុង​ល្បឿន​រហូត​ដល់​ទៅ​៦៧០០​ម៉ែត្រ​ក្នុង​មួយ​នាទី​នៅ​ពេល​ធ្លាក់។ នេះ​បើ​យោង​តាម​គេហទំព័រ FlightRadar24 ដែល​ជា​គេហទំព័រ​តាមដាន​ជើង​ហោះហើរ។

យន្តហោះ​សម្រាប់​ហោះហើរ​ក្នុង​តំបន់​ប្រភេទ An-148 ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Saratov បាន​ហោះហើរ​ចេញ​ពី​អាកាសយានដ្ឋាន Domodedovo ទៅ​កាន់​ទីក្រុង Orsk នៅ​ពេល​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់​នៅ​ក្បែរ តំបន់ Argunovo ដែល​មាន​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ប៉ែក​អាគ្នេយ៍​ពី​ទីក្រុង​មូស្គូ។ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​លោក គឺលោក Dmitry Peskov។ កន្លែង​កើតហេតុ​មាន​ព្រិល​ទឹកកក​គ្រប់​ដណ្តប់​យ៉ាង​ក្រាស់ ដែល​ធ្វើ​ឲ្យ​ពន្យារ​ពេល​ដល់​ការ​ចូល​ទៅ​កាន់​តំបន់​នោះ ខណៈ​ដែល​ក្រុម​ការងារ​ជួយ​សង្គ្រោះ​ត្រូវ​ចត​រថយន្ត​របស់​ខ្លួន​ហើយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ទីនោះ។

មូលហេតុ​នៃ​ហេតុការណ៍​នេះ​នៅ​មិន​ដឹង​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ក្រសួង​ដឹកជញ្ជូន​របស់​រុស្ស៊ី​និយាយ​ថា ខ្លួន​កំពុង​តែ​ស៊ើបអង្កេត​ទៅ​លើ​ករណី​អាកាសធាតុ​មិន​ល្អ​និង​ការ​ធ្វេសប្រហែស​របស់​អ្នក​បើកបរ​យន្តហោះ៕