ក្រុមអ្នកស្រាវជ្រាវនៅឯមជ្ឈមមណ្ឌល East-West Center នៅក្នុងរដ្ឋហាវ៉ៃផ្អែកលើការវាយតម្លៃនៃការពិនិត្យជាថ្មីអំពីការឆ្លើយតបរបស់ប្រទេសវៀតណាមដល់ការរាតត្បាតនៃជំងឺគ្រុនផ្តាសាយបក្សីកាលពីឆ្នាំ២០០៣។ នៅក្នុងការសិក្សាស្រាវជ្រាវអំពីការរាតត្បាតនៃជំងឺនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថាអត្រានៃការឆ្លងជំងឺនេះមានខ្ពស់បំផុតនៅក្នុងតំបន់ទាំងឡាយដែលកំពុងឋិតនៅក្នុងដំណើរការនៃការធ្វើឱ្យទៅជាទីក្រុង ហើយមានស្ថានភាពចម្រុះនៅទីទាំងនោះដូចជាអត្រាខុសៗគ្នានៃការមានបង្គន់ប្រើប្រាស់ និងចំនួនសត្វស្លាបនៅជិតផ្លូវធំ។
លោក James Spencer លោក Sumeet Saksena និងលោក Jefferson Fox ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលនោះដែលជាអង្គការមិនគិតកម្រៃមួយខាងការសិក្សាស្រាវជ្រាវនិងការសិក្សាអប់រំ។ អ្នកស្រាវជ្រាវទាំងនេះនិយាយថា រដ្ឋាភិបាលនានាប្រហែលទំនងជាអាចដឹងអំពីការរាតត្បាតនៃមេរោគវីរុសមួយបានឆាប់រហ័សនិងមានប្រសិទ្ធិភាពប្រសិនបើក្រុមគេឃ្លាំមើលតំបន់ដែលកំពុងក្លាយជាទីក្រុងបែបនេះ។
ក្រុមអ្នកស្រាវជ្រាវទាំងនេះបានសរសេរនៅក្នុងការធ្វើវិភាគរួមគ្នាមួយដែលក្រុមគេបានដាក់ជូនមជ្ឈមណ្ឌលនេះកាលពីថ្ងៃទី១ខែមេសាថា« តាមកម្រិតនៃការអនុវត្តន៍ ព័ត៌មានអំពីការទាក់ទងគ្នារវាងការអភិវឌ្ឍន៍ទីក្រុងនិងការរាតត្បាតជំងឺអាចជួយទីភ្នាក់ងាររបស់រដ្ឋាភិបាលឱ្យដឹងអំពីកន្លែងដែលទំនងជាមានការរាតត្បាតនៃជំងឺគ្រុនផ្តាសាយបក្សីដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងបង្ការអាចអស់សោហ៊ុយតិច, តម្រង់ចំទីដៅហើយមានប្រសិទ្ធិភាពជាងមុនផងដែរ។»
ក្រុមអ្នកសិក្សាស្រាវជ្រាវទាំងនេះបាននិយាយបន្ថែមថា« គំនិតនិងរបៀបចាត់ការដែលបានត្រូវអភិវឌ្ឍន៍សម្រាប់ការសិក្សាស្រាវជ្រាវនេះអាចសម្របសម្រួលសម្រាប់ការគំរាមកំហែងដោយជំងឺឯទៀតៗដូចជាជំងឺ SARS, Ebola និងគ្រុនឈាមរហូតដល់ការរាតត្បាតសាកលនៅពេលបច្ចុប្បន្ននៃជំងឺ COVID-19»។
ក្រុមអ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះនិយាយយោងដល់ការសិក្សាមួយដែលបានត្រូវធ្វើដំបូងកាលពីឆ្នាំ២០១៧ដែលបានបង្ហាញថាតំបន់នានានៃប្រទេសវៀតណាមដែលអាចមានការឆ្លងជំងឺដោយសារតំបន់ទាំងនោះ ដោយសារនៅពេលដែលត្រូវប្រែក្លាយទៅជាតំបន់ក្រុង តំបន់ទាំងនោះមានកម្រិតមិនដូចគ្នានៃការថែរក្សាអនាម័យមិនស្មើគ្នា និងមានកម្រិតខ្ពស់នៃការភ្ជាប់ការទាក់ទងដោយផ្ទាល់រវាងមនុស្សនិងសត្វ។
កត្តាទាំងនេះក៏ទាក់ទងនឹងការរាតត្បាតនៃមេរោគវីរុសកូរ៉ូណាក្នុងឆ្នាំ២០២០នេះដែរពីព្រោះអ្នកវិទ្យាសាស្ត្រខ្លះមានជំនឿថាជំងឺដែលរាលដាលនៅពេលសព្វថ្ងៃនេះមានប្រភពពីការឆ្លងពីសត្វទៅមនុស្សនៅក្នុងប្រទេសចិនដែលមានព្រដែនជាមួយប្រទេសវៀតណាមហើយក៏មានអន្តរកាលមិនស្មើគ្នាទៅកាន់ការធ្វើតំបន់ជនបទឱ្យទៅជាតំបន់ក្រុងដូចគ្នាដែរ។
លោក Bill Gates ដែលជាសប្បុរសជនម្នាក់ក៏បានពិភាក្សាអំពីមេរោគវីរុសនិងភាពខុសគ្នារវាងតំបន់ជនបទនិងតំបន់ក្រុងដែរនៅក្នុងការបញ្ចេញមតិក្នុងកម្មវិធីពិភាក្សា TED talk ដែលបានត្រូវផ្សព្វផ្សាយច្រើនដោយសារអ្វីដែលលោកហាក់ដូចជាបានដឹងមុនអំពីអ្វីដែលនឹងកើតមាន។ កាលពីឆ្នាំ២០១៥ លោកបានពិនិត្យមើលអំពីភាពអាសន្ននៃជំងឺ Ebola ដែលបានបណ្តាលឱ្យមនុស្ស១ម៉ឺននាក់បាត់បង់ជីវិត ភាគច្រើននៅក្នុងតំបន់ជនបទនៃប៉ែកខាងលិចនៃទ្វីប Afrique។
លោក Gates បានមានប្រសាសន៍ថា« ការរាតត្បាតនៃជំងឺនេះមិនបានទៅដល់តំបន់ក្រុងទេ ហើយនេះជាសំណាងល្អ។ ប្រសិនបើជំងឺនេះរាលដាលទៅដល់តំបន់ក្រុងច្រើនថែមទៀតចំនួនមនុស្សឆ្លងរោគនេះអាចមានច្រើនជាងនេះ។ ដូច្នេះនៅពេលក្រោយយើងប្រហែលមិនមានសំណាងល្អបែបនេះទេ។»
ដោយពង្រីកអំពីចំណុចដែលលោក Gates បានមានប្រសាសន៍អំពីជំងឺ Ebola ក្រុមអ្នកសិក្សាស្រាវជ្រាវនៅឯមជ្ឈមណ្ឌល East-West Center ពន្យល់អំពីហេតុដូចម្តេចបានជាចំណាត់ការរបស់ប្រទេសវៀតណាមក្នុងការអភិវឌ្ឍន៍ជនបទទៅកាន់ការអភិវឌ្ឍន៍ក្រុងមានផលប៉ះពាល់បែបណាដល់ករណីជំងឺគ្រុនផ្តាសាយបក្សីរបស់ផងខ្លួននិងអំពីថាតើការណ៍នេះមានន័យបែបណានៅពេលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសកូរ៉ូណា។
ការសិក្សាស្រាវជ្រាវឆ្នាំ២០១៧ ជាមួយសហសេវិកវៀតណាម គឺលោក Nong Huu Duong និងលោក Chinh Tran បានកត់សម្គាល់ថានៅពេលដែលទីក្រុងមានការលូតលាស់នៅក្នុងបណ្តាប្រទេសកំពុងលូតលាស់ សេចក្តីត្រូវការពងមាន់និងសាច់មាន់ក៏កើនឡើងច្រើនដែរ។
ការសិក្សាស្រាវជ្រាវនោះបាននិយាយថា« សេចក្តីត្រូវការភាគច្រើននៃពងមាន់និងសាច់មាន់បំពេញបានដោយកសិដ្ឋានធំៗនៅជុំវិញក្រុងទាំងនេះ។នៅក្នុងប្រទេសវៀតណាមក៏ដូចជានៅក្នុងប្រទេសឯទៀតៗក្នុងទ្វីបអាស៊ីអាគ្នេយ៍ដែលមានកសិដ្ឋានចិញ្ចឹមមាន់ជាច្រើននៅក្នុងតំបន់ទាំងនោះ»។
តំបន់នៅ«ជុំវិញក្រុង»ទាំងនេះកំពុងមានអន្តរកាលពីជីវិតក្នុងតំបន់ជនបទទៅកាន់ជីវភាពក្នុងក្រុងមានបសុបក្សីប្លែកៗគ្នា, មានទីតាំងនៅជិតផ្លូវធំដែលជួយដល់ការដឹកជញ្ជូនទំនិញនិងមានភាពមិនស្មើគ្នារវាងក្រុមជនដែលមានបង្គន់បាញ់ទឹកនិងក្រុមមនុស្សដែលគ្មានបង្គន់បែបនេះ។
ការសិក្សាស្រាវជ្រាវនេះបានចែងថា« ដំណើរការមិនស្មើគ្នានេះអាចចាត់ទុកថាជារយៈពេលមួយនៃភាពច្របូកច្របល់និងអស្ថិរភាពខាងសង្គមនិងខាងបរិដ្ឋាន។លទ្ធផលសំខាន់មួយគឺកំណើនការប្រថុយប្រថាននាំការមានជំងឺឆ្លងនៅក្នុងមនុស្សនិងបសុសត្វ។»
ក្រុមកសិករចិញ្ចឹមមាន់នៅខាងក្រៅក្រុងដើម្បីបម្រើសេចក្តីត្រូវការក្រុមអតិថិជននៅក្នុងក្រុង។ ប្រសិនបើក្រុមកសិករទាំងនេះមានជំងឺគ្រុនផ្តាសាយបក្សី ជំងឺនេះអាចឆ្លងទៅក្នុងទីក្រុងនៅជិតខាងទីនោះដែលមានមនុស្សច្រើន ហើយនាំឱ្យជំងឺនេះឆ្លងរាលដាលលឿនថែមទៀតផង។ការណ៍នេះក៏អាចកើតឡើងដូចគ្នានឹងការរាតត្បាតជំងឺ COVID-19 ដែរ។
ក្រុមអ្នកស្រាវជ្រាវទាំងនេះបានផ្តល់អនុសាសន៍ថាអាជ្ញាធររដ្ឋាភិបាលគួរផ្តោតទិសដៅនៃការឃ្លាំមើលរបស់ក្រុមគេទៅលើតំបន់នៅជុំវិញក្រុងទាំងនេះដើម្បីឱ្យក្រុមគេឃើញសញ្ញាដំបូងៗនៃការរាលដាលជំងឺហើយធ្វើការឆ្លើយតបដូចជាការសម្លាប់មាន់ចោលជាដើម។ លោក Spencer និងក្រុមសហសេវិករបស់លោកបាននិយាយថាប្រសិនបើអាជ្ញាធរយល់ស្របថា«ភាពមិនដូចគ្នានៃការធ្វើឱ្យមានអនាម័យ»បណ្តាលឱ្យមានការរាលដាលជំងឺ ក្រុមគេ «អាចកាត់បន្ថយជំងឺដោយបង្កើនការខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានស្តង់ដារដល់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍»។
ក្រុមអ្នកសិក្សាស្រាវជ្រាវទាំងនេះបានថ្លែងថា «ជាឧទាហរណ៍ អាជ្ញាធរអាចចាប់ផ្តើមផ្តល់អាទិភាពដល់បង្គន់បាញ់ទឹកច្រើនជាងមុននៅក្នុងសហគមន៍ដែលនៅពេលនេះ មិនទាន់មាននៅគ្រប់ទីកន្លែង។»
មាន់រាប់លានក្បាលបានត្រូវសម្លាប់នៅក្នុងប្រទេសវៀតណាមនិងប្រទេសឯទៀតៗដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺគ្រុនផ្តាសាយបក្សី។
ប្រែសម្រួលដោយលោក ឈឹម សុមេធ