ពលរដ្ឋ​ខេត្ត​រតន​គីរី​ហែក​ទ្វារ​របង​តុលាការ​ខេត្ត​ទាក់ទង​នឹង​ទំនាស់​ដី​ធ្លី

Your browser doesn’t support HTML5

ពលរដ្ឋ​ខេត្ត​រតន​គីរី​ហែក​​ទ្វារ​របង​តុលាការ​ខេត្ត​ទាក់ទងនឹង​ទំនាស់​ដី​ធ្លី

ពលរដ្ឋ​ខ្មែរ​ជាង​មួយ​រយ​គ្រួសារ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​រតនគីរី ​ដោយ​បាន​ព្យាយាម​សម្រុក​ចូល​តុលាការ​ទាំង​កំហឹង​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ​បី​នាក់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ក្នុង​តំបន់​មួយ។ ក្រុម​ប្រជា​ពលរដ្ឋ​ទាំង​នោះ​មក​ពី​ភូមិ​បរឡយ ​ឃុំ​កិចុង​ ស្រុក​បរកែវ ខេត្ត​រតនគីរី។

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ខឹង​នឹង​តុលាការ​ ដែល​បាន​សម្រេច​ឃុំ​ខ្លួន​តំណាង​អ្នក​ភូមិ​ចំនួន​បី​នាក់​ក្នុង​ពេល​សវនាការ​កាល​ពី​រសៀល​ថ្ងៃ​ពុធ។​ តំណាង​ពលរដ្ឋ​បាន​អះអាង​ថា​ ពួកគេ​មក​នេះ​មិន​មែន​ចង់​ប្រើ​ហិង្សា​ទេ​គឺ​គ្រាន់​តែ​ចង់​ដឹង​ថា​ តើ​តំណាង​ពួកគេ​បី​នាក់​ហេតុអ្វី​បាន​ជា​មិន​បាន​មក​វិញ។ ​នេះ​ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពួក​គេ​រុញ​ច្រាន​ទ្វារ​សម្រុក​ចូល​តុលាការ។​

លោក​ស្រី​ ជ័យ​ មាលា​ ចៅក្រម​ជំនុំ​ជម្រះ​បាន​អះអាង​ថា​ លោក​ស្រី​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ទាំង​បី​ ដោយ​សារ​ពួកគេ​បាន​ទៅ​តាំង​ទី​លំនៅ​លើ​ទ្រព្យ ​ឬ​ដី​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់។​

តែ​ពលរដ្ឋ​វិញ​អះអាង​ថា ​ពួក​គាត់​មាន​ឯកសារ​ពី​ឃុំ​សង្កាត់​ត្រឹមត្រូវ​ ហើយ​ភាគី​ម្ខាង​ទៀត​មិន​មាន​ឯកសារ​ទេ។​

លោក​ ខាន់ កុសល ​តំណាង​អ្នក​ភូមិ​ម្នាក់​បាន​អះអាង​ថា ​ពលរដ្ឋ​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​២០០៦​មក។​ ហើយ​លោក​បាន​សម្តែង​ការ​ខឹង​សម្បារ​ជាមួយ​នឹង​តុលាការ​ចំពោះ​ការ​កាត់​ក្តី​កាល​ពី​ថ្ងៃ​ពុធ។​

នាង​ ស៊ុន ជាតា​ តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​ថ្លែង​ថា​ ជីវភាព​ពួកគាត់​ត្រូវ​ប៉ះ​ពាល់​បើ​តុលាការ​កាត់​ក្តី​ឲ្យ​ភាគី​ផ្សេង​ឈ្នះ​ ដោយ​សារ​ពលរដ្ឋ​ពឹង​ផ្អែក​លើ​ដី​នោះ​ ដើម្បី​ចិញ្ចឹម​ជីវិត។​

តែ​ភាគី​ជា​គូ​ជម្លោះ​ជាមួយ​ពលរដ្ឋ​ឈ្មោះ​ ហ៊ាង​ សុជាតិ​ ដែល​គេ​មិន​បង្ហាញ​អត្តសញ្ញាណ​នោះ​ត្រូវ​គេ​អះអាង​ថា​ មាន​ប្លង់​ដែល​វាស់​វែង​ដោយ​ក្រុម​យុវជន​និស្សិត។​

ក្រុម​ប្រជា​ពលរដ្ឋ​១១២​គ្រួសារ​បាន​កាន់​កម្មសិទ្ធិ​ដី​ជាង​៥៧៥​ហិកតា​ ដោយ​ដាំ​ដំណាំ​ផ្សេងៗ​រាប់​ទាំង​ស្វាយ​ចន្ទី​ផង​ដែរ។​

ពលរដ្ឋ​អះអាង​ទៀត​ថា​ ពួក​គាត់​នឹង​តវ៉ា​រឿង​នេះ​នៅ​រាជធានី​ភ្នំពេញ​ទៀត​ ដើម្បី​សុំ​ឲ្យ​មេដឹកនាំ​ដូច​ជា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ លោក​ ហេង​ សំរិន ប្រធាន​សភា​ជួយ​ដោះស្រាយ​បញ្ហា​នេះ។​

លោក ​ឆាយ​ ធី​ មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​បាន​អះអាង​ថា​ សិទ្ធិ​ពលរដ្ឋ​ត្រូវ​បាន​រំលោភ​ពេល​សវនាការ​នោះ។ លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ តុលាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​ពលរដ្ឋ​ចូលរួម​បិទ​ទ្វារ​កាត់​ក្តី​ស្ងាត់ៗ។​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​មេធាវី​បាន​អះអាង​ថា ​គេ​នឹង​ជួយ​ពលរដ្ឋ​ប្តឹង​ឧទ្ធរណ៍​ត​ទៅ​ទៀត។​

លោក​ ចាន់ សារិន​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​បាន​ដាក់​ពង្រាយ​កម្លាំង​របស់​លោក​ការពារ​តុលាការ។​ លោក​ថ្លែង​ថា​ លោក​មាន​ឆន្ទានុ​សិទ្ធិ​ការពារ​ស្ថាប័ន​រដ្ឋ​ ហើយ​រឿង​បញ្ហា​ដី​ធ្លី​ជា​រឿង​របស់​តុលាការ។​

ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​នឹង​អ្នក​មាន​អំណាច​កើត​ឡើង​សឹង​តែ​ពាស​ពេញ​ប្រទេស​កម្ពុជា៕