លោក Rupert Murdoch អ្នក​បង្កើត​បណ្តាញ​ទូរទស្សន៍ Fox News ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន News Corp. និង Fox Corp

រូបឯកសារ៖ លោក Rupert Murdoch ថ្លែងក្នុងកម្មវិធី Herman Kahn Award Gala ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោក Rupert Murdochអាយុ​៩២ឆ្នាំ​ ជា​ប្រធាន​បណ្តាញ​ព័ត៌មាន​ដែល​បាន​បង្កើត​បណ្តាញ​ទូរទស្សន៍ Fox News នឹង​ចុះចេញ​ពី​តំណែង​ជា​មេដឹកនាំ​ទាំង​ក្រុមហ៊ុន​មេ​និង​ការ​កាន់កាប់​បណ្តាញ​ព័ត៌មានNews Corp.របស់​លោក។

បណ្តាញ​ទូរទស្សន៍ Foxបាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក Murdoch នឹង​ក្លាយជា​ប្រធាន​កិត្តិយស (chairman emeritus) ​ក្រុមហ៊ុន​ទាំង២​របស់​លោក។ លោក Lachlanដែល​ជា​កូនប្រុស​របស់​លោក​នឹង​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន News Corpហើយ​នឹង​បន្ត​ជា​ប្រធាន​ការិយាល័យ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Fox Corp។

លោកLachlan Murdochបាន​និយាយ​ថា៖ «យើង​ដឹងគុណ​ដែល​លោក​នឹង​ធ្វើ​ជា​ប្រធាន​កិត្តិយស​ហើយ​ដឹង​ថា​ លោក​នឹង​បន្ត​ផ្តល់​ការ​ប្រឹក្សា​ដ៏​មាន​តម្លៃ​ដល់​ក្រុមហ៊ុន​ទាំង​២នេះ»។

ក្រៅ​ពី​បណ្តាញ​ទូរទស្សន៍ Fox News លោក Murdochបាន​ចាប់ផ្តើម​បណ្តាញ​ផ្សព្វផ្សាយ Fox ដែល​បាន​ប្រកួត​ប្រជែង​ប្រកប​ដោយ​ជោគជ័យ​លើក​ដំបូង​តទល់​នឹង​បណ្តាញ​ទូរទស្សន៍ធំៗ​៣​គឺ ABC, CBS និង NBC។ លោក​ក៏​ជា​ម្ចាស់​កាសែត Wall Street JournalនិងNew York Postដែរ។

លោកMurdoch មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងនៅ​ក្នុង​ពិភព​អភិរក្ស​និយម​ ជា​ទីកន្លែង​ដែល​បណ្តាញ​ទូរទស្សន៍ Fox News Channelក្លាយ​ជា​ទូរទស្សន៍​ដ៏​មាន​ឥទ្ធិពល​និង​នយោបាយ​របស់​ជាតិ​ចាប់តាំង​ពី​ការ​ចាប់ផ្តើម​របស់​ខ្លួន​នៅ​ឆ្នាំ១៩៩៦​មក។

លោកMurdochបាន​សន្យា​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​ពួក​បុគ្គលិក​ថា ​លោក​នឹង​នៅ​បន្ត​ទាក់ទិន​នឹងFox។

លោកMurdochបាន​សរសេរ​ថា៖ «ក្នុង​តួនាទី​ថ្មី​របស់​ខ្ញុំ ខ្ញុំ​អាច​ធានា​អស់​លោក អ្នក​ថា​ខ្ញុំ​នឹង​ទាក់ទិន​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុងការប្រកួត​ប្រជែង​ខាង​គំនិត។ ក្រុមហ៊ុន​របស់​យើង​ជា​សហគមន៍ ហើយ​ខ្ញុំ​នឹង​ក្លាយ​ជា​សមាជិក​សកម្ម​ម្នាក់​របស់​សហគមន៍​យើង។ ខ្ញុំ​នឹង​មើល​ការផ្សាយ​របស់​យើង​ដោយ​ដោយ​ល្អិតល្អន់ អាន​កាសែតនិង​គេហទំព័រ និង​សៀវភៅ​របស់​យើង​ដោយ​ការ​យកចិត្ត​ទុកដាក់​បំផុត»។

មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ថា​ តើ​ហេតុអ្វី​បាន​ជា​លោក Murdochប្រកាសចុះ​ចេញ​នៅ​ពេល​នេះ​ទេ។ ហើយ​ចៃដន្យ វា​ជា​សប្តាហ៍​ដែល​លោក Michael Wolffអ្នក​និពន្ធនិង​អ្នក​សរសេរ​ប្រវត្តិ​លោក Murdochនឹង​បោះពុម្ព​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «ទីបញ្ចប់​នៃបណ្ដាញ​ទូរទស្សន៍ Fox News»​ ដែល​និយាយ​ពី​ការ​សង្ស័យ​នានា​អំពី​អ្វី​ដែល​នឹង​កើត​មាន​ឡើង​ដល់​បណ្តាញ​ទូរទស្សន៍​នេះ​នៅ​ពេល​ដែល​ប្រធាន​ក្រុមហ៊ុន​នេះ​ចាកចេញ​ពី​ក្រុមហ៊ុន​នោះ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន