ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់​ឃុំ​នៅ​អ៊ីរ៉ង់​មកដល់​​សហរដ្ឋ​អាមេរិក​វិញ​ក្រោម​កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នក​ទោស


សមាជិក​ក្រុមគ្រួសារ​ឱប​​លោក Emad Shargi ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់​ឃុំ​នៅ​អ៊ីរ៉ង់​ហើយ​ទើប​ត្រូវ​បាន​ដោះលែង​​ក្នុង​​កិច្ចព្រមព្រៀង​ដោះដូរ​អ្នក​ទោស នៅ​ពេល​លោក​មក​ដល់​មូលដ្ឋាន Fort Belvoir រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣។
សមាជិក​ក្រុមគ្រួសារ​ឱប​​លោក Emad Shargi ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់​ឃុំ​នៅ​អ៊ីរ៉ង់​ហើយ​ទើប​ត្រូវ​បាន​ដោះលែង​​ក្នុង​​កិច្ចព្រមព្រៀង​ដោះដូរ​អ្នក​ទោស នៅ​ពេល​លោក​មក​ដល់​មូលដ្ឋាន Fort Belvoir រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣។

ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​គ្រោង​នឹង​មកដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​រួម​មាន​ទាំង​ការ​ដោះលែង​ពលរដ្ឋ​អ៊ីរ៉ង់ ៥ នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ឬ​ក៏​ផ្តន្ទាទោស​ពី​បទ​ឧក្រិដ្ឋ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក Siamak Namazi លោក Emad Shargi និង​លោក Morad Tahbaz រួម​ជាមួយ​នឹង​អ្នក​ជាប់​ឃុំ​ជនជាតិ​អាមេរិកាំង ២ នាក់​ផ្សេង​ទៀត​ដែល​អត្តសញ្ញាណ​របស់​ពួកគេ​ត្រូវ​បាន​រក្សា​សម្ងាត់​នៅ​ក្រោម​ការ​ស្នើ​របស់​គ្រួសារ​របស់​ពួកគេ បាន​ចាកចេញ​ពី​ប្រទេស​កាតា​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​ឈប់​សំចត​ដំបូង​នៅ​ក្នុង​ទីក្រុង​ដូហា។

ម្ដាយ​របស់​លោក Namazi និង​ប្រពន្ធ​របស់​លោក Tahbaz ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ផង​ដែរ​ជាមួយ​នឹង​ពួកគេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​រាយការណ៍​ថា ជនជាតិ​អ៊ីរ៉ង់ ២ នាក់​ក្នុង​ចំណោម​ជនជាតិ​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​ដោះលែង​នេះ​ក៏​បាន​ធ្វើ​ដំណើរ​កាត់​តាម​ទីក្រុង​ដូហា​ផង​ដែរ​មុន​ពេល​ទៅ​ដល់​ទីក្រុង​តេហេរ៉ង់។ ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ជនជាតិ​អ៊ីរ៉ង់ ២ នាក់​ទៀត​នៅ​បន្ត​នៅ​សហរដ្ឋ​អាមេរិក ​ចំណែក​ឯ​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ទៀត​នឹង​ទៅ​ប្រទេស​ផ្សេង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បាន​ដោះលែង​ទាំង​នេះ​នឹង​បាន​ជួបជុំ​ឡើង​វិញ​ជាមួយ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន «បន្ទាប់ពី​បាន​ទ្រាំទ្រ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នូវ​ការ​ឈឺចាប់​លើសលប់ ភាព​មិន​ច្បាស់លាស់ និង​ទុក្ខ​វេទនា»។

លោក​បាន​អរគុណ​រដ្ឋាភិបាល​នៃ​ប្រទេស​កាតា អូម៉ង់ កូរ៉េ​ខាង​ត្បូង និង​ស្វីស «សម្រាប់​កិច្ច​ប្រឹងប្រែង​មិន​ចេះ​នឿយ​ហត់​របស់​ពួកគេ​នៅ​ក្នុង​ការ​ជួយ​សហរដ្ឋ​អាមេរិក​សម្រេច​ឱ្យ​បាន​លទ្ធផល​នេះ»។

លោក Biden ក៏​បាន​ក្រើន​រំឭក​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់ ដោយ​បានលើកឡើង​អំពី​ការ​ព្រមាន​របស់​ក្រសួង​ការបរទេស​អាមេរិក​អំពី​ហានិភ័យ​នៃ​ការ​ចាប់​ពង្រត់​និង​ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi បាន​និយាយ​ថា ការ​ដោះដូរ​អ្នក​ទោស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​អាច​ជា «ជំហាន​មួយ​នៅ​ក្នុង​ទិសដៅ​នៃ​ទង្វើ​មនុស្សធម៌​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក»។

លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York ​សហរដ្ឋ​អាមេរិក​ថា៖ «ការ​ដោះដូរ​អ្នក​ទោស​នេះ​គឺ​អាច​ជួយ​កសាង​ទំនុកចិត្ត​យ៉ាង​ពិត​ប្រាកដ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG