មន្រ្តីគណបក្សឆន្ទៈខ្មែរឱ្យដឹងថា គណបក្សទទួលបានអាសនៈក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ សរុបប្រមាណ ៣៥០ អាសនៈ ដែលសំឡេងគាំទ្រមានប្រមាណ ១១% នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានឈ្នះអាសនៈលើសលប់ ដោយទទួលបានសំឡេងឆ្នោតប្រមាណ ៨៦%។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លទ្ធផលបឋមបង្ហាញថា គណបក្សទទួលបានក្រុមប្រឹក្សារាជធានីខេត្ត សរុបប្រមាណ ៥០ អាសនៈ ខណៈទទួលបានអាសនៈក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ជាង ៣០០។ លោកបន្ថែមថា តួលេខនេះមិនខុសពីការប៉ាន់ស្មានក្រោយការបោះឆ្នោតព្រឹទ្ធសភាដែលគណបក្សឆន្ទៈខ្មែរឈ្នះបាន ៣ អាសនៈ។ ទោះជាយ៉ាងណា លោកមើលឃើញថា នៅមុនដំណើរការបោះឆ្នោតមានរូបភាពនៃការបំភិតបំភ័យ ទិញទឹកចិត្ត ហើយបេក្ខជននិងអង្គបោះឆ្នោតត្រូវបានអាជ្ញាធរចាប់ខ្លួន នៅមុនការបោះឆ្នោត ដែលលោកថា ប៉ះពាល់បរិយាកាសនៃការបោះឆ្នោត។
បើតាមលោក គង់ មុនីកា គណបក្សរបស់លោកមិនអាចដូរអង្គបោះឆ្នោតមួយចំនួន ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលនេះប៉ះពាល់លទ្ធផលនៃការបោះឆ្នោតផងដែរ។
លោក គង់ មុនីកា បន្ថែមថា ចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិក្នុងឆ្នាំ ២០១៧ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមិនមានឡើយ ជាពិសេសនៅថ្នាក់ក្រោមជាតិ។ ប៉ុន្តែបច្ចុប្បន្ននេះ គ្រប់លំដាប់ថ្នាក់នៃការដឹកនាំមានវត្តមាននៃគណបក្សជំទាស់ឡើងវិញ។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា បងប្អូនដែលទទួលបាននូវការជាប់ឆ្នោតនេះនឹងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាផលប្រយោជន៍របស់ប្រទេសជាតិ ឬក៏ខេត្ត ឬក៏ស្រុករបស់ខ្លួនឱ្យបានខ្ពស់ ដើម្បីធានាថា កម្ពុជាមានការអភិវឌ្ឍមួយដែលត្រឹមត្រូវ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
លោក គង់ មុនីកា ក៏អំពាវនាវកុំឱ្យមានការរើសអើងនយោបាយផងដែរ។
លទ្ធផលបឋមដែលផ្តល់ដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បង្ហាញថា គណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រសរុបចំនួន ៩.៩៨៦សំឡេង ស្មើនឹង ៨៦% នៃអង្គបោះឆ្នោតសរុប។ ចំណែកគណបក្សឆន្ទៈខ្មែរទទួលបាន ១.២៨៦ សំឡេងស្មើនឹង ១១% នៃអង្គបោះឆ្នោតសរុប។
អ្នកនាំពាក្យរូបនេះបន្ថែមថា គណបក្សកាន់អំណាចនៅតែបន្តធ្វើកិច្ចការងាររបស់ខ្លួនដូចធម្មតា និងស្របតាមគោលការណ៍នៃគណបក្ស បើទោះបីមានវត្តមាននៃគណបក្សឆន្ទៈខ្មែរចូលរួមក្នុងក្រុមប្រឹក្សាក៏ដោយ។
លោកថ្លែងថា៖«ធ្វើការធម្មតាតើក្មួយ! [ធ្វើការ]ទៅតាមគោលការណ៍គណបក្សនីមួយៗ»។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប តួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតសរុបមានចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩,៧៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុបចំនួន ១១.៦២២ នាក់ ពោលគឺ ២៤ នាក់អវត្តមាន។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានវាយតម្លៃជារួមថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមាន «សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាចចាត់ទុកថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។
អង្គបោះឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌជាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ដែលមានប្រមាណ ១២.០០០ នាក់ ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឱ្យកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០២២។
កាលពីឆ្នាំ ២០២២ គណបក្សភ្លើងទៀនឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ ២.២០០។ ចំណែកគណបក្សកាន់អំណាចទទួលបាន ៩.៤០០ អាសនៈ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិក៏ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះដែរ។
ការបោះឆ្នោតដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងមានអាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌសរុបចំនួន ៤.២០០ នៅទូទាំង ២៥ ខេត្តរាជធានី។ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សា គឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាលជាដើម៕