អ្នកនាំ​ពាក្យ​បក្ស​កាន់​អំណាច៖ ការ​ចែក​ថវិកា​ឱ្យ​សមាជិក​មិន​មែន​ជា​«ការ​ទិញ​ទឹក​ចិត្ត»​ឡើយ

ស្រោមសំបុត្រ​ដាក់​ថវិកា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​មួយ​នៃ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​ គណបក្ស​កាន់​អំណាច​ចែក​ថវិកា​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​របស់​គណបក្ស​តែ​ប៉ុណ្ណោះ ហើយ​បដិសេធ​ថា​នេះ​មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ឡើយ។

ការ​អះ​អាង​ថា​របស់​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ធ្វើ​ឡើង​ក្រោយ​មាន​ការ​រិះ​គន់​លើ​ការ​ផ្តល់​ប្រាក់​ដល់​ពលរដ្ឋ​នៅ​មុន​ការ​បោះ​ឆ្នោត ថា​ជា​ការ​ទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក សុខ ឥសាន ប្រាប់​វីអូអេ​ថា៖ «ដូច្នេះ​ការ​ចោទ​ប្រកាន់​ណា​មួយ​ដែល​ផ្ទុយ​ពី​ការពិត​ជាក់​ស្តែង អា​ហ្នឹង​មិន​អាច​ទទួល​យក​បាន ហើយ​ក៏​មិន​មាន​ច្បាប់​ណា​មិន​ឱ្យ​គណបក្ស​នី​មួយៗ​ផ្តល់​ថវិកា​ជូន​សមាជិក សមាជិកា​របស់​ខ្លួន​ទេ»។

គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ គណបក្ស​កាន់​អំណាច​មាន​សមាជិក​ប្រមាណ​៦លាន​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សៀវភៅ​បក្ស​ដែល​រៀបចំ​ដោយ​គណ​បក្ស​ដោយ​ផ្ទាល់។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​សៀវភៅ​គ្រួសារ​គណបក្ស​ ដែល​មាន​រូប​រាង​ដូច​សៀវភៅ​គ្រួសារ ហើយ​ប្រជា​ពលរដ្ឋ​នៅ​តាម​ឃុំ​សង្កាត់​បាន​ចុះ​ឈ្មោះ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ឃុំ​សង្កាត់​ដែល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​តាម​គ្រួសារ​នីមួយៗ គណបក្ស​ប្រជាជន​កម្ពុជាចុះ​បញ្ជី​ឈ្មោះ​មេ​គ្រួសារ និង​កូនៗ​របស់​ពួកគេ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ។

នៅ​ក្នុង​ការ​ចែក​ប្រាក់​នោះ សមាជិក​ម្នាក់​អាច​ទទួល​បាន​ប្រាក់​យ៉ាង​តិច​២ម៉ឺន​រៀល។ បើ​តាម​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា វា​មិន​មាន​ចំនួន​កំណត់​ថា​ត្រូវ​ឱ្យ​ថវិកា​ទៅ​សកម្មជន​ ក៏ដូច​ជា​សមាជិក​របស់​គណបក្ស​ចំនួន​ប៉ុន្មាន​ឡើយ។ លោក​បន្ថែម​ថា​ការ​ផ្តល់​ប្រាក់​នេះ អាស្រ័យ​ទៅ​តាម​លទ្ធភាព​របស់​គណ​បក្ស ព្រោះ​ថវិកា​ទាំង​នេះ​បាន​មក​ពី​ការ​ចូល​រួម​របស់​សមាជិក​គណបក្ស។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់​វីអូអេ​ថា ​វា​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​លុយ​ទៅ​ប្រជាពល​រដ្ឋ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ លោក​យល់​ថា​ការ​ផ្តល់​ប្រាក់​បែប​នេះ​ជា​រូបភាព​មួយ​មិន​ល្អ​នៅ​មុន​ការ​បោះ​ឆ្នោត។ អនុប្រធាន​គណបក្ស​ជំទាស់​រូបនេះ​ចង់​ឃើញ​ការ​បើក​លម្ហ​សេរី​ភាព​នយោបាយ ដែល​គណបក្ស​ជំទាស់​អាច​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើភាព​គ្នា។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​គណបក្ស​មួយ​ដែល​គិត​ថា​ខ្លាំង​ មាន​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន ហើយ​បិទ​ផ្លូវ​គណបក្ស​មួយ​ទៀត​ដែល​មាន​សក្តានុពល​ មាន​ប្រជាពល​រដ្ឋ​គាំទ្រ ប្រហាក់​ប្រហែល​គ្នា​ ហើយ​មិន​ឱ្យ​មក​ចូលរួម​ការ​ប្រកួត​ប្រជែង​ យើង​មើល​ឃើញ​ថា​ការ​បោះ​ឆ្នោត​ទៅ​ខាង​មុខ​ហាក់​បី​ដូច​ជា​ឈ្នះ ប៉ុន្តែ​វា​មិន​មាន​ន័យ​ខ្លឹម​សារ​អ្វី​ទាំង​អស់»។

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ​លោក​ កន សាវាង្ស លើក​ឡើង​ថា​ប្រសិន​ការ​ឱ្យ​ថវិកា​នោះ ធ្វើ​ឡើង​ត្រឹម​តែ​ក្នុង​រង្វង់​នៃ​សមាជិក​គណបក្ស វា​មិន​មាន​អ្វី​ខុស​ឆ្គង​នឹង​ច្បាប់​បោះ​ឆ្នោត​ឡើយ ប៉ុន្តែ​បើ​សិន​ជា​ឱ្យ​ចំពោះ​ប្រជាពល​រដ្ឋ​ទូទៅ វា​អាច​ចាត់​ចូល​ក្នុង​«ករណី​ទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ»។

​លោក​បញ្ជាក់​ថា៖ «យើង​មិន​ដឹង​ពី​សកម្មភាព​ជាក់​ស្តែង​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​បើ​សិន​ជា​សកម្មភាព​ការ​ឱ្យ​ហើយ​រួម​ជាមួយ​ការ​សន្យា​ ការ​បង្ខំ​ ឬក៏​ឱ្យ​មាន​ការ​ស្បថ​ស្បែ​អី អាហ្នឹង​ជា​ចំណុច​មួយ​ដែល​ខុស​ទៅ​នឹង​គោល​ការណ៍​ទូ​ទៅ​ហើយ»។

ចំណែក​អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ លោក ហង្ស ពុទ្ធា ប្រាប់​វីអូអេ​ថា ​បើ​សិន​ជា​ការ​ចែក​ថវិកា​នោះ ត្រឹម​តែ​ក្នុង​ចំណោម​សមាជិក​គណ​បក្ស​របស់​ខ្លួន វា​មិន​ខុស​នឹង​ច្បាប់​ឡើយ។

លោក​ថ្លែង​ថា៖ «វា​ពាក់​ព័ន្ធ​ទៅនឹង​គោលបំណង។ ឧទាហរណ៍​ថា​បើ​លុយ​នោះ​ជា​លុយ​ដែល​ប្រើប្រាស់​សម្រាប់​ការ​ទិញ​ទឹក​ចិត្ត។ អាហ្នឹង​គឺជា​អំពើ​ខុស​ច្បាប់​បោះ​ឆ្នោត​ហើយ។ ប៉ុន្តែ​បើ​សិន​ជា​ការ​ប្រើប្រាស់​ថវិកា ឬក៏​សម្ភារ​សម្រាប់​បណ្តាញ​របស់​ខ្លួន​ត្រៀម​ខ្លួន​ក្នុង​ការ​ចេញ​ទៅ​ឃោសនា ឬក៏​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​ផ្ទាល់​មាត់​ ពី​មាត់​មួយ​អី។ អាហ្នឹង​ជា​វា​យុទ្ធ​សាស្ត្រ​ដោយ​ឡែក​របស់​គណបក្ស»។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០២២ ពោល​គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់ មន្រ្តី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក៏​បានផ្តល់​ប្រាក់​ដល់​ប្រជា​ពលរដ្ឋ​ដូច​គ្នា ដោយ​ក្នុង​មួយ​ស្រោម​សំបុត្រ​សម្រាប់​មនុស្ស​ម្នាក់ ទទួល​បាន​យ៉ាង​តិច​២​ម៉ឺន​រៀល៕