ការបោះឆ្នោតជាតិដែលនឹងធ្វើឡើងដោយគ្មានការចូលរួមពីគណបក្សជំទាស់ មានការរិះគន់ថារដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតនៅឆ្នាំ២០២៣នេះ នឹងប្រឈមមុខការខ្វះភាពស្របច្បាប់ ឬមិនអាចទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សគ្រប់គ្រងប្រទេស បានច្រានចោលការលើកឡើងនោះនិងថាការបំពេញការងាររបស់រដ្ឋាភិបាលជាប់ឆ្នោតថ្មីនៅពេលខាងមុខ នឹងដំណើរការទៅដោយរលូន ពោលគឺដូចក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨។
នៅក្នុងបទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិកវីអូអេ នៅឯទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថាការទទួលស្គាល់របស់អន្តរជាតិ មិនមែនជាក្តីបារម្ភរបស់រដ្ឋាភិបាលជាប់ឆ្នោតថ្មីទេ ព្រោះក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលគេចោទថា ជាការបោះឆ្នោតក្លែងក្លាយនោះ ប្រមុខរដ្ឋាភិបាលកម្ពុជានៅបន្តមានទំនាក់ទំនងស្មើមុខស្មើមាត់នឹងមេដឹកនាំបណ្តាប្រទេសផ្សេងទៀត។
មួយវិញទៀត លោកថាកម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យ ហើយប្រជាពលរដ្ឋប្រមាណ៩,៧នាក់នឹងប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនដោយគ្មានសម្ពាធពីកត្តាខាងក្រៅ។
លោកប្រាប់វីអូអេថា៖ «ហើយជាក់ស្តែង ឧទាហរណ៍ជូនអ្នកសារព័ត៌មានជ្រាប នៅឆ្នាំ២០១៨ អ្នកណាក៏ថា ការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយដែររួមទាំងប្រទេសតូច ប្រទេសធំ មួយចំនួននៅភាគខាងលិច។ ក៏ប៉ុន្តែសួរថា រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលកើតឡើងចេញពីការបោះឆ្នោត ដែលគេហៅថា ក្លែងក្លាយនោះ សួរថា រាជរដ្ឋាភិបាលក្លែងក្លាយឬអត់»។
លោកបន្ថែមថា៖«នៅពេលដែលនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដែលគេហៅថាក្លែងក្លាយនោះ ទទួលបានកិត្តិយសដ៏ឧដុង្គឧត្តម ទៅប្រជុំកំពូលជាមួយមហាអំណាចលោកខាងលិច ប្រជុំជាមួយសហគមន៍អឺរ៉ុបពេញសិទ្ធិ ដើរលើព្រំក្រហម មានការគោរព មានការត្រួតពលទទួលស្វាគមន៍ក្នុងនាមជាប្រធានអាស៊ាន។ ហើយត្រឡប់មកវិញ មានប្រជុំកំពូលអាស៊ាននៅភ្នំពេញទៀត មានបណ្តាប្រទេស មានប្រធានាធិបតី និងបណ្តាប្រទេស ប្រមុខរដ្ឋនៅបណ្តាប្រទេសលោកខាងលិច មកទទួលស្គាល់ មកកម្ពុជា»។
នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់គណបក្សនយោបាយចំនួន១៨ឱ្យបានចូលប្រកួតប្រជែង។ ដោយឡែកគណបក្សចំនួន២ ក្នុងនោះគឺគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ ត្រូវបានគ.ជ.ប បដិសេធការចុះបញ្ជីឱ្យឈរឈ្មោះបោះឆ្នោត ដោយសារខ្វះឯកសារដើម បញ្ជាក់ពីការចុះបញ្ជីរបស់គណបក្សនៅក្រសួងមហាផ្ទៃ។
ក្រុមអ្នកតាមដានបានចោទសួរថាហេតុអ្វីបានជាគណបក្សភ្លើងទៀនអាចឈរឈ្មោះកាលពេលបោះឆ្នោតឃុំសង្កាត់ តែបែរជាមិនអាចឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ជាតិ។ ពួកគេថាការបោះឆ្នោតជាតិលើកនេះ នឹងទទួលរងការរិះគន់ជាថ្មីទៀត ដូចក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៨។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត យល់ថាគណបក្សកាន់អំណាចមុខជានឹងឈ្នះការបោះឆ្នោត ព្រោះគ្មានគណបក្សជំទាស់ ដូចកាលពីឆ្នាំ២០១៨ និងថាការបោះឆ្នោតនោះទំនងជាប្រឈមមុខនឹងការរិះគន់ពីក្រុមប្រទេសប្រជាធិបតេយ្យ ដូចជាសភាពអឺរ៉ុប ដែលនៅបន្តទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។
លោកថ្លែងថា៖ «វាអត់អាចខុសពី២០១៨ទេ ពីព្រោះ ២០១៨មក យើងឃើញហើយថាសហគមន៍អឺរ៉ុបដែលគេផ្តាច់ជំនួយអនុគ្រោះពន្ធEBA ២០ភាគរយហ្នឹង ហើយគេនៅតែមានលក្ខខណ្ឌដដែលថា ឱ្យកម្ពុជាយើងស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ បើសិនជាមិនមានអ្វីប្រែប្រួលទេ គេអាចនឹងពិចារណាបន្ថែមទៀតទៅលើការកាត់បន្ថយបន្ថែម ឬការព្យួរទាំងស្រុង។ នេះជាការព្រួយបារម្ភរបស់យើងដែរ»។
ទោះយ៉ាងណា លោកសុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាផងនោះ លើកឡើងទៀតថាគណបក្សភ្លើងទៀនមានចេតនាមិនចូលរួមការបោះឆ្នោត ព្រោះសំឡេងគាំទ្រខ្លួនមិនអាចយកឈ្នះគណបក្សកាន់អំណាចបានទេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាគណបក្សនេះ ដូចជាមានចេតនាមិនចង់ចូលរួមការបោះឆ្នោត ពីព្រោះខ្លួនដឹងថាខ្លួនមិនឈ្នះឆ្នោត។ ខ្លួនបោះឆ្នោតនៅក្នុងឆ្នាំ២០២២ ខ្លួនបានសំឡេងតែ១៨ភាគរយទេ។ គណបក្សប្រជាជនបាន៧៤ភាគរយ ជិត៧៥ភាគរយ។ អ៊ីចឹង ទេមិនអាចប្រកួតប្រជែងយកឈ្នះលើគណបក្សប្រជាជនបាន និងបានកាន់អំណាចទេ។ អ៊ីចឹងគាត់ដឹងខ្លួនស្រេចហើយ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ ប្រាប់វីអូអេថា គណបក្សភ្លើងទៀនមានបំណងចូលរួមក្នុងការបោះឆ្នោត ព្រោះគណបក្សបានខិតខំដាក់ឯកសារពាក់ព័ន្ធទៅតាមការចង់បានរបស់គ.ជ.ប តែនៅតែត្រូវគ.ជ.ប ច្រានចោលការចុះបញ្ជី។ ម៉្យាងទៀតលោកថាគណបក្សក៏បានចូលរួមការបោះឆ្នោតឃុំសង្កាត់ផងដែរ។
បើតាមអ្នកនយោបាយចាស់វស្សារូបនេះ គណបក្សភ្លើងទៀននៅបន្តទាមទារឱ្យក្រសួងមហាផ្ទៃផ្តល់នូវឯកសារចម្លងបញ្ជាក់ពីការចុះបញ្ជីគណបក្សនៅក្រសួង។
លោកថ្លែងថា៖ «គឺទីមួយ យើងត្រូវតតាំងតាមផ្លូវច្បាប់ជាមួយក្រសួងមហាផ្ទៃ ពីព្រោះក្រសួងមហាផ្ទៃនិយាយច្បាស់ហើយថាយើងគឺជាគណបក្សបានចុះបញ្ជីស្របច្បាប់។ ប៉ុន្តែហេតុអីបានយើងទៅចូលរួមប្រកួតមិនបាន គ្រាន់តែក្រដាសមួយសន្លឹក។ យើងសុំគេឱ្យចម្លង ឱ្យធ្វើនីត្យានុកូលកម្មឱ្យក៏បាន ប៉ុន្តែគេថាអត់អាចធ្វើបាន។ អ៊ីចឹងយើងយល់ហើយ អាកន្លែងប៉ុណ្ណឹង។ យើងបានទាក់ទង បានព្យាយាម ប៉ុន្តែយើងមិនអស់សង្ឃឹម យើងនៅតែតតាំងទៀត»។
ជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជានេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនោះទេ។ ប៉ុន្តែពួកគេចង់ឃើញប្រទេសកម្ពុជារៀបចំការបោះឆ្នោត ដោយមានលក្ខណៈបើកចំហសម្រាប់គ្រប់គណបក្សនយោបាយ ហើយស្របតាមស្តង់ដារអន្តរជាតិ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វីអូអេ ថាអវត្តមានរបស់គណបក្សភ្លើងទៀន នឹងមិនប៉ះពាល់ដល់ដំណើរបោះឆ្នោតនោះឡើយ ហើយការរិះគន់នានាក៏មិនអាចដាក់សម្ពាធលើកម្ពុជាបានដែរ។
លោកថ្លែងថា៖ «ប្រទេសនេះ មានច្បាប់មានទម្លាប់អ៊ីចឹងការឆ្លុះបញ្ចាំងនៃមតិពីខាងក្រៅ។ វាជាការឆ្លុះបញ្ចាំងដែលក្នុងនាមគ.ជ.ប មានការអរគុណដែរ។ ប៉ុន្តែគ.ជ.បគឺអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន ក្នុងនោះការចូលរួមជាមតិផ្សេងៗ ពេលខ្លះទៅក៏ត្រឹមត្រូវ ពេលខ្លះទៅក៏មិនត្រឹមត្រូវផងដែរ ដោយសារយោបល់មតិពីខាងក្រៅ គាត់មិនស្ថិតនៅក្នុងបញ្ហា គាត់មិនស្ថិតនៅក្នុងការលម្អិតទៅលើទិដ្ឋភាពច្បាប់នោះទេ។ អ៊ីចឹងគាត់អាចនឹងវិភាគដោយមានការភាន់ច្រឡំខ្លះដែរ»។
បើតាមលោកហង្ស ពុទ្ធា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានអ្នកសង្កេតការណ៍ក្នុងប្រទេសចំនួន៨ម៉ឺននាក់ ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោត ហើយប្រទេសចំនួនបី គឺបារាំង ជប៉ុន និងរុស្ស៊ី ក៏បានសម្រេចដាក់អ្នកសង្កេតការណ៍របស់ពួកគេ ដើម្បីឃ្លាំមើលការបោះឆ្នោតផងដែរ៕